Connect with us

ព័ត៌មានជាតិ

យុទ្ធភណ្ឌមិនទាន់ផ្ទុះ២២គ្រាប់ ត្រូវ​បាន​ប្រទះ​ឃើញ កប់​ក្នុង​ដីស្រែនៅស្រុកកំរៀង

បានផុស

នៅ

បាត់ដំបង ៖ គ្រាប់រំសេវដែលជាយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន ២២ គ្រាប់ ទៅ​បាន​គេ​ប្រទះ​ឃើញ​កប់​នៅ​ក្នុងដីស្រែមួយ​កន្លែង ព្រមទាំងបានរាយការណ៍ទៅកម្លាំងស៊ីម៉ាក់ប្រចាំតំបន់នោះផងដែរ បន្ទាប់​ពី​អេស្កាមួយគ្រឿង​ បាន​កាយដីស្រែហើយក៏បានប្រទះឃើញតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់សមត្ថកិច្ចស្រុកបានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ត្រូវបានគេប្រទះឃើញ កាលពីព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងដីស្រែមួយកន្លែងស្ថិតក្នុងភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលបុរសម្នាក់បានប្រើប្រាស់គ្រឿងចក្រ (អេស្កា) កាយដីស្រែក៏បានប្រទះឃើញតែម្ដង។

បុរសដែលបើកអេស្កាមានឈ្មោះ លន់ ម៉េងជូ អាយុ ២៩ ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុខាងលើ ដោយបានបញ្ជាក់ថា នៅ​ពេល​ដែល​ខ្លួន​ចាប់​ផ្ដើមកាយដីបានបន្តិច ក៏ស្រាប់​តែ​ឃើញ​គ្រាប់ជាប្រភេទគ្រាប់ផ្លោង បាន​អណ្ដែតមកលើតាមប៉ែលអេស្កា ដោយមានការភ័យខ្លាចខ្លួនក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច បន្ទាប់​មកខាងអង្គការស៊ីម៉ាក់ក៏បានចុះមកត្រួតពិនិត្យ ព្រមទាំងបានរុករកបន្ថែមសរុបចំនួន ២២ គ្រាប់។

នៅក្នុងចំណោមគ្រាប់ទាំងនោះគឺមាន គ្រាប់ប្រភេទត្បាល់ ៦០ មីល្លីម៉ែត្រចំនួន ១២ គ្រាប់ និងគ្រាប់ប្រភេទត្បាល់ ៨២ មីល្លីម៉ែត្រ ចំនួន ១០ គ្រាប់ ដោយនៅពេលនោះដែរ កម្លាំងស៊ីម៉ាក់បានប្រមូលគ្រាប់ទាំងអស់យកទៅទុកទីសុវត្ថិភាពដើម្បីកំទេចចោល។ ដោយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចក៏បានធ្វើការអំពាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន នៅ​ពេល​ដែល​ជួប​ប្រទះ​និង​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះត្រូវរាយការណ៍ជាបន្តទៅអង្គភាពជំនាញ គេមានការប៉ះពាល់ ឬយកទៅរក្សាទុកដើម្បីកែច្នៃ វាអាចបង្កអត់មានគ្រោះថ្នាក់ដល់អាយុជីវិត៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម