ព័ត៌មានជាតិ
អូស្រ្តាលីផ្តល់ហិរញ្ញប្បទាន ១,៥លានដុល្លារអូស្រ្តាលីគាំទ្របោសសម្អាតមីនក្នុងខេត្តចំនួន៤ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន
រដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់វិភាគទានចំនួន ១,៥លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជាជូនគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យប្រជាជនជាង ៦៤០.០០០ នាក់ ផ្លាស់ទីលំនៅ និងរំខានដល់សេវាចាំបាច់សំខាន់ៗ នៅតាមខេត្តមួយចំនួន។
ពិធីចុះហត្ថលេខាធ្វើឡើង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ រវាងលោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និង លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងយូអិនឌីភីប្រចាំកម្ពុជា ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។

វិភាគទានរបស់អូស្ត្រាលីក្នុងទឹកប្រាក់ចំនួន ១,៥ លានដុល្លារអូស្ត្រាលី ដែលផ្តល់តាមរយៈ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល (CfR) ដំណាក់កាលទី៥ នឹងគាំទ្រដល់ការរំដោះផ្ទៃដីពីគ្រាប់មីន ការអប់រំយល់ដឹងអំពីហានិភ័យនៃយុទ្ធភណ្ឌគ្រឿងផ្ទុះ (EORE) និងជំនួយផ្នែកជីវភាពរស់នៅដើម្បីផ្តល់លទ្ធភាពឱ្យជនភៀសសឹកអាចវិលត្រឡប់មកវិញដោយសុវត្ថិភាព និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ។ ការគាំទ្រនេះផ្តោតលើខេត្តចំនួនបួន ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ និងការគំរាមកំហែងពីយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ នេះបើតាមសេចក្តីប្រកាសរួម។
ការផ្តល់វិភាគទាននេះ នឹងគាំទ្រដោយផ្ទាល់ដល់ការរំដោះផ្ទៃដីដែលរងការគំរាមកំហែងចំនួន ៤,៤ គីឡូម៉ែត្រក្រឡា ផ្តល់ផលដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង ៩.៧០០ នាក់ និងផ្តល់ការអប់រំយល់ដឹងអំពីហានិភ័យយុទ្ធភណ្ឌគ្រឿងផ្ទុះដល់សមាជិកសហគមន៍ចំនួន ១៨.០០០ នាក់។ បន្ថែមពីនេះ វិភាគទាននេះនឹងផ្តល់ការគាំទ្រផ្នែកជីវភាពរស់នៅដល់ជនភៀសសឹកចំនួន ៤០០ គ្រួសារ ដែលផ្ទះសម្បែង កសិដ្ឋាន និងអាជីវកម្ម ខ្នាតតូចរបស់ពួកគេរងផលប៉ះពាល់ ដើម្បីជួយពួកគេក្នុងការស្តារប្រាក់ចំណូល និងកសាងជីវភាពឡើងវិញ។

ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា អូស្ត្រាលី គឺជាដៃគូសកម្មភាពមីនដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់កម្ពុជា តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក។ ជាមួយនឹងវិភាគទានថ្មីនេះ ការគាំទ្រសរុបរបស់អូស្ត្រាលីដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល នឹងកើនដល់ ៤៥,៣១ លានដុល្លារអូស្ត្រាលី ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការសង្គ្រោះជីវិត និងការជំរុញការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា ជាងបីទសវត្សរ៍មកនេះ។ ផលវិជ្ជមានពិតប្រាកដរបស់វា មិនត្រូវបានវាស់វែងដោយផ្ទៃដីដែលបានបោសសម្អាតនោះទេ ប៉ុន្តែត្រូវបានវាស់វែង ដោយជីវិតដែលត្រូវបានផ្លាស់ប្តូរ តាមរយៈសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមដ៏ធំធេង សម្រាប់ក្រុមគ្រួសារ និងសហគមន៍កម្ពុជា”។

លោក ដេរិក យីប មានប្រសាសន៍ថា អូស្ត្រាលីមានប្រវត្តិដ៏យូរលង់ ក្នុងការងារបោសសម្អាតមីននៅកម្ពុជា គួរជាទីមោទន។ ពីការគាំទ្រដែលបានផ្តល់ក្នុងដំណើរការស្វែងរកសន្តិភាព រហូតដល់ភាពជាដៃគូប្រកបដោយចីរភាពរបស់យើងលើសកម្មភាពមីន ក្នុងទសវត្សរ៍បន្តបន្ទាប់ អូស្ត្រាលីមានសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាអ្នកគាំទ្រដ៏យូរអង្វែង និងអាចពឹងផ្អែកបាន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កិច្ចខិតខំប្រឹងប្រែងរបស់យើង នឹងបន្តផ្តោតលើការងារក្នុងវិស័យស្តារពលកម្មកាយសម្បទា ដែលគាំទ្រដល់ប្រជាជនកម្ពុជាជាច្រើននាក់ រួមទាំងអ្នកនៅរស់រានមានជីវិតពីគ្រាប់មីនផងដែរ។ អូស្ត្រាលីបានផ្តល់វិភាគទានចុងក្រោយចំនួន ១,៥ លានដុល្លារអូស្ត្រាលីដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដោយផ្តោតលើការគាំទ្រការបោសសម្អាត និងការលើកកម្ពស់ជីវភាពរស់នៅសម្រាប់សហគមន៍ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន”។

លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងយូអិនឌីភី លើកឡើងថា ផ្អែកលើជំនាញ និងបទពិសោធន៍សកលរបស់ យូអិនឌីភី ក្នុងវិស័យសកម្មភាពមីន និងការស្តារឡើងវិញ រួមជាមួយកិច្ចសហការដ៏ល្អអស់រយៈពេលពីរទសវត្សរ៍ជាមួយអាជ្ញាធរមីន យូអិនឌីភីនៅតែប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសកម្ម-ភាពមីនរបស់កម្ពុជា និងធានាថាផ្ទៃដីដែលបានបោសសម្អាត រួមចំណែក ដល់ការពង្រឹងសុវត្ថិភាព ជីវភាពរស់នៅ និងឱកាសអភិវឌ្ឍន៍កាន់តែប្រសើរសម្រាប់សហគមន៍”។
វិភាគទាននេះនឹងត្រូវបានផ្តល់ជូនតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ ដែលជាគម្រោងពហុម្ចាស់ជំនួយទទួលបានការគាំទ្រថវិកាពីរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ និងអនុវត្តដោយអាជ្ញាធរមីន និងយូអិនឌីភី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាសំណល់ពីអតីតកាលនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងចូលរួមចំណែកដល់ការស្តារឡើងវិញ ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


