Connect with us

សេដ្ឋកិច្ច

ទំហំ​ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី​ សម្រេចបាន​ជាង ​៥៥០ ​លានដុល្លារ ​នៅ​ក្នុង​រយៈពេល ៥ ​ខែ​

បានផុស

នៅ

ការដោះដូរទំនិញរវាងកម្ពុជា​-ឥណ្ឌូនេស៊ី​ ​សម្រេចបាននូវ​ទំហំទឹកប្រាក់​ជាង ​៥៥១ ​លានដុល្លារ នៅក្នុង​រយៈ​ពេល ៥ ​ខែ ​២០២៦ កើនឡើង ១៧,៤% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុង​នោះ​កម្ពុជានាំចេញ​ទៅឥណ្ឌូនេស៊ីមានតម្លៃ ៤៧ លានដុល្លារ កើន ៤៣,៤% ​ចំណែកឥណ្ឌូ​នេស៊ី​នាំ​ចូល​មកវិញមានតម្លៃ ៥០៣ លានដុល្លារ កើន ១៥,៥%។ ​នេះ​បើ​យោង​តាមរបាយការណ៍របស់​អគ្គនា​យក​រដ្ឋានគយ ​និង​រដ្ឋា​ករ​កម្ពុជា ​(GDCE)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផលិតផលនាំចេញទៅឥណ្ឌូនេស៊ីមាន ​ផលិតផលកសិកម្ម ​អាហារកែច្នៃ ​សម្លៀកបំពាក់ ​និង​ទំនិញ​ផ្សេងទៀត​ដែល​ជាវិស័យ​ដើរតួនាទីសំខាន់​ក្នុងការអនុវត្ត​ពាណិជ្ជកម្ម​ខាងក្រៅ​របស់​កម្ពុជា​។ ចំណែកឯឥណ្ឌូនេស៊ីនាំចូលមកវិញមានផលិតផល ប្រេងឥន្ធនៈ គ្រឿងចក្រ ម្ហូបអាហារ សម្ភារៈ​សំណង់ និងទំនិញប្រើប្រាស់។​

​លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា​ ទំហំ​ពាណិជ្ជកម្មកម្ពុជា​មាន​កំណើន ​ឆ្លុះបញ្ចាំង​ថា ​កម្ពុជា​នៅរក្សា​បានទីផ្សារសំខាន់ៗរបស់ខ្លួន ​ដែល​ជា​ទីផ្សារ​ពិភពលោក​ ធានា​នូវ​ការផ្គត់ផ្គង់​ បង្កើត​​​សក្ដានុភាពកម្ពុជា ​ក្នុងខ្សែច្រវាក់​តម្លៃ និង​ខ្សែច្រវាក់​ផ្គត់​ផ្គង់​ និង​រក្សា​បាន​នូវ​ជំនឿចិត្ត​ពី​អ្នក​បញ្ជាទិញ​។

​លោកបណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជាមានប្រសាសន៍ថា ដោយ​សារមានតម្រូវការកើនឡើងរវាងប្រទេសទាំងពីរ ជំរុញឱ្យមានការបង្កើនការនាំចេញ ឬក៏​បង្កើត​ចរន្តឱ្យមានការ​ទិញ-លក់ ​ដើម្បីបំពេញតម្រូវការឱ្យអ្នកប្រើប្រាស់។​

​លោកបណ្ឌិតបន្ថែមថា ​តម្រូវការកើនឡើង កើតចេញពីភាពត្រូវរ៉ូវគ្នា រវាងរដ្ឋ និងរដ្ឋ ដែលកើតចេញ​ពីគោលនយោបាយការបរទេស និងទំនាក់ទំនងទ្វេ​ភាគីជាមួល​ដ្ឋាន។

នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ីសម្រេចបាននូវទឹកប្រាក់ជាង ១,០៨ ពាន់លានដុល្លារ ធ្លាក់ចុះ ១,៣% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅឥណ្ឌូនេស៊ីបានជាង ៦៧ លានដុល្លារ ចំណែកឥណ្ឌូនេស៊ីនាំចូលមករវិញមានតម្លៃ ១,០២ ពាន់លានដុល្លារ កើន ១,៣%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម