ព័ត៌មានជាតិ
កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និង ពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព
បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៊ីស្រាអែល លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តទទួលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត អាឡូណា ហ្វីស័រ ខាម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក កាលពីរសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និង ផ្លាស់ប្តូរទស្សនៈអំពីការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីស្តីពី ការជ្រើសរើសពលករកម្ពុជាសម្រាប់ការងារបណ្តោះអាសន្ននៅក្នុងវិស័យទីផ្សារការងារជាក់លាក់នានា នៃរដ្ឋអ៊ីស្រាអែល។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រីបណ្ឌិត និង គណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង អ៊ីស្រាអែល នាពេលកន្លងមក ជាពិសេសក្នុងវិស័យការងារ ការអភិវឌ្ឍធនធានមនុស្ស និង ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ លោកគូសបញ្ជាក់ថា ជំនួបនាពេលនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និង ពិភាក្សាអំពីការរៀបចំអនុវត្តកិច្ចព្រមព្រៀងការងារដែលភាគីទាំងពីរ បានខិតខំចរចារហូតឈានដល់ការបញ្ចប់ដោយជោគជ័យ។ កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងកម្ពុជា-អ៊ីស្រាអែល ដោយបង្កើតយន្តការផ្លូវការសម្រាប់ការធ្វើចល័តភាពកម្លាំងពលកម្មប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និង តម្លាភាព។

ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ស្ថានទូត និង ស្ថាប័នពាក់ព័ន្ធរបស់អ៊ីស្រាអែល លោករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយភាគីអ៊ីស្រាអែល ដើម្បីធានាឲ្យការអនុវត្តកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និង ស្របតាមគោលបំណងរបស់រដ្ឋាភិបាលទាំងពីរ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញជំហរកម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ ទៅកាន់វិស័យដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ផ្សេងទៀត។

ជាការឆ្លើយតប លោកស្រីបណ្ឌិត អាឡូណា ហ្វីស័រ ខាម បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ នៃភាគីទាំងពីរ ជាពិសេសក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានធ្វើការយ៉ាងសកម្មរហូតសម្រេចបាននូវកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានសម្តែងការពេញចិត្តចំពោះបទពិសោធជោគជ័យរបស់កម្មវិធីនិស្សិតកសិកម្មកម្ពុជានៅអ៊ីស្រាអែល នាពេលកន្លងមក និង កោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម វិន័យ និង ការប្តេជ្ញាចិត្តក្នុងការងាររបស់យុវជនកម្ពុជា។ លោកស្រី ជឿជាក់ថា ពលករកម្ពុជា នឹងបន្តបង្ហាញសមត្ថភាព និង ក្លាយជាកម្លាំងពលកម្មដ៏មានតម្លៃសម្រាប់និយោជកអ៊ីស្រាអែល។

ភាគីទាំងពីរ បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងនេះឲ្យចាប់ផ្តើមបានក្នុងពេលឆាប់ៗ ខាងមុខ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និង ការអភិវឌ្ឍធនធានមនុស្ស ដើម្បីផលប្រយោជន៍រួម នៃប្រទេស និង ប្រជាជនទាំងពីរ។

សូមបញ្ជាក់ថា កម្ពុជា និង អ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ ដែលជាសមិទ្ធផលសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះ នឹងបើកឱកាសឲ្យពលករកម្ពុជា ចូលរួមក្នុងទីផ្សារការងារអ៊ីស្រាអែលដោយស្របច្បាប់ និង ទទួលបានការការពារសិទ្ធិ និង សុខុមាលភាពស្របតាមស្តង់ដារអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជា ក៏ចាប់អារម្មណ៍ក្នុងការសិក្សា និង ផ្លាស់ប្តូរបទពិសោធពីភាពជោគជ័យរបស់អ៊ីស្រាអែលក្នុងវិស័យកសិកម្មឆ្លាតវៃ ការគ្រប់គ្រងធនធានទឹក បច្ចេកវិទ្យាបៃតង ការអប់រំ STEM និង ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និង ការបង្កើនផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


