Connect with us

ព័ត៌មានជាតិ

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ស្នាដៃកូនខ្មែរ ទទួលបានពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ​

បានផុស

នៅ

 
ថ្នាល verify.gov.kh របស់កម្ពុជាអភិវឌ្ឍឡើងដោយកូនខ្មែរ ទទួលបានពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦  ជាសេវាសាធារណៈដែលមានតម្លាភាពនិងគណនេយ្យភាព បន្ទាប់ពី ឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនកម្ពុជានៅក្នុងវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (United Nations Public Service Forum) ក្រោមប្រធានបទ “បរិវត្តកម្មស្ថាប័នសាធារណៈ៖ ការលើកកម្ពស់នវានុវត្តន៍ គណនេយ្យភាព ការចូលរួម និង បរិយាបន្ន” នៅទីក្រុងប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី នាថ្ងៃទី២៥ ខែមិថុនា នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីប្រកាសព័ត៌មានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាត់ទុកការទទួលបានពានរង្វាន់នេះ ថាបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំ បង្កើតដំណោះស្រាយឌីជីថលរបស់ ក.ប.ទ. និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីបម្រើសេវាសាធារណៈ ឱ្យកាន់តែល្អប្រសើរ ដែលមានការទទួលស្គាល់ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងធ្វើឱ្យពិភពលោកបានស្គាល់ នូវស្នាដៃរបស់កូនខ្មែរ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។

កាលពីឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានសម្រេចដាក់ ឱ្យប្រើប្រាស់ថ្នាល verify.gov.kh ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ ការក្លែងបន្លំឯកសារ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំង ជំរុញបរិវត្តកម្មឌីជីថលសេវាសាធារណៈ។ ក្រសួងប្រៃសណីយ៍អះអាងថា ខិតខំអភិវឌ្ឍថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថលជាបន្តបន្ទាប់ ដើម្បីជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។

ក្រសួងប្រៃសណីយ៍ គូសបញ្ជាក់ថា ថ្នាល verify.gov.kh ត្រូវបានធ្វើវិសិដ្ឋកម្មជាបន្តបន្ទាប់ ដែលធ្វើឱ្យផ្ទាលនេះកាន់តែមានសក្តានុពល ដោយបាន បំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មាត្រសម្បទា មានភាពបត់បែន និងភាពធន់ផ្នែកសន្តិសុខសាយប័រ ស្របតាម ឧត្តមានុវត្តន៍អន្តរជាតិ រហូតធ្វើឱ្យផ្ទាល verify.gov.kh ត្រូវបានទទួលស្គាល់ថាជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឌីជីថលទី៤ នៅលើសកលលោក និងបាននិងកំពុងចែករំលែកជាមួយបណ្តាប្រទេសមួយចំនួនផងដែរ។

នេះមិនមែនទើបជាលើកទី១ឡើយ ដែលថ្នាល verify.gov.kh របស់កម្ពុជាឈ្នះពានរង្វាន់ ពោលថ្នាលនេះ ក៏ធ្លាប់ដណ្តើមបានមេដាយមាស នៃពានរង្វាន់ ឌីជីថលអាស៊ាន ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី និងពានរង្វាន់សេវាឌីជីថលឆ្នើមនៃវេទិកាកំពូលសកលស្តីពីសង្គម ព័ត៌មានវិទ្យា លើកទី២០ នៅប្រទេសស្វីសផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម