Connect with us

សេដ្ឋកិច្ច

កម្ពុជា ចាំបាច់​ពង្រឹងសមត្ថភាពផលិត ​កសាងខ្សែច្រវាក់ផ្គត់ផ្គង់ ​និងពង្រីកទីផ្សារ

បានផុស

នៅ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​មានប្រសាសន៍ថា ​នៅ​ក្នុងបរិបទ​ដែល​សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ​ការប្រែប្រួលខ្សែច្រវាក់ផ្គត់ផ្គង់ ការប្រ​កួត​ប្រជែង​ពាណិជ្ជ កម្ម និងភាពតានតឹងភូមិសាស្ត្រនយោបាយ កម្ពុជាក៏មិនអាចគេចផុតពីផលប៉ះពាល់ទាំងនេះបានឡើយ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារលិខិតរបស់សម្ដេច ​ហ៊ុន ​ម៉ាណែត នៅ​ក្នុងឱកាសប្រារព្ធទិវា​ជាតិ ​សហគ្រាស ​ធុនមីក្រូ ​តូច ​និងមធ្យម (SME) ​លើកទី៣ ​នៅថ្ងៃទី ២៧ ​មិថុនា ២០២៦ ​បញ្ជាក់ថា​ បញ្ហាព្រំដែន ​និង​ភាពតានតឹង ដែល​បង្ក​ឡើង​ដោយប្រទេសជិតខាងបង្ហាញថា ​កម្ពុជាចាំបាច់ត្រូវពង្រឹងសមត្ថភាព​ផលិតក្នុង​ស្រុក​ កសាងខ្សែច្រវាក់ ​ផ្គត់ផ្គង់ និងពង្រីកទីផ្សារ​សម្រាប់សហគ្រាស​ក្នុងស្រុក។

សហគ្រាស ធុនតូច និងមធ្យម ​មិនត្រឹមតែជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងជាកម្លាំងស្នូល​ក្នុងការបង្កើតការងារ ​ជំរុញនវានុវត្តន៍ ពង្រឹង​សន្តិសុខ​សេដ្ឋកិច្ច​ និង​លើក​កម្ពស់​ភាពធន់របស់ប្រទេស។ ​

​រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍលើគ្រប់វិស័យ សំដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយមានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោត​លើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាមូល​ដ្ឋាន​គ្រឹះ សម្រាប់ការ​អភិវឌ្ឍសេដ្ឋកិច្ច​ និង​ការ​បង្កើន​ភាពប្រកួតប្រជែងរបស់វិស័យឯកជន។

គោលនយោបាយ ​និងយន្តការជាច្រើនត្រូវបានដាក់ចេញ ដើម្បីគាំទ្រដល់​ SME ដូចជា ​យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ កម្មវិធីជំរុញ​ SME ការគាំទ្រហិរញ្ញប្បទានតាមរយៈធនាគារ សហគ្រាសធុនតូច និងមធ្យម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាជីវកម្មធានាឥណទានកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ ព្រមទាំងការជំរុញការធ្វើឌីជីថលូបនីយកម្ម ការបង្កើតប្រព័ន្ធអេកូឡូស៊ី​សម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម ពីការផលិតរហូតដល់ទីផ្សារដោយមានយន្តការ​គាំទ្រ​ដូច​ជា សហគ្រិនខ្មែរ និងគេហទំព័រ KhmerSME ជាដើម។

​គ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិកំពុងកែលម្អ និងពង្រឹងការ​ផ្តល់សេវា​សាធារ ណៈ​ឱ្យបានកាន់តែល្អ ងាយស្រួល និងលឿនរហ័សដោយប្រើប្រាស់​ បច្ចេកវិទ្យា​ឌីជីថល​ និងអនុវត្តនូវគម្រោងនានាដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម។​

ការងាកមកគាំទ្រផលិតផលក្នុងស្រុកគឺជាកត្តាសំខាន់បំផុតក្នុងការពង្រឹង សេដ្ឋកិច្ចជាតិ ក្នុងន័យនេះ «ខ្មែរគាំទ្រផលិតផលខ្មែរ» និង«ខ្មែរធ្វើបាន» មិនមែនគ្រាន់តែជាពាក្យ ស្លោកទេ ប៉ុន្តែជាចលនាសេដ្ឋកិច្ចជាតិ ដែលជួយបង្កើតការងារ​ បង្កើនប្រាក់ចំណូលដល់ប្រជា​ពលរដ្ឋ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។​

​ការជ្រើសរើសប្រើប្រាស់ផលិតផល និងសេវាកម្មក្នុងស្រុកគឺជាការចូលរួមកសាងសេដ្ឋកិច្ចជាតិ​ដោយ​ផ្ទាល់ ហើយមិនត្រឹមតែជាការគាំទ្រដល់អ្នកផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញ​នូវ​មោទនភាព​ជាតិនិងការយល់ដឹង​អំពីតម្លៃនៃផលិតផល​ដែលកើតចេញពីកម្លាំងញើសឈាម ចំណេះដឹង និងនវានុវត្តន៍របស់ខ្មែរ ព្រមទាំងជំរុញឱ្យមានភាពរីកចម្រើនទាំងសេដ្ឋកិច្ច បច្ចេកវិទ្យា និងធនធានមនុស្ស។ ​

​ទន្ទឹមនឹងការគាំទ្រពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងដៃគូអភិវឌ្ឍ ម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ត្រូវតែបន្តពង្រឹង និងពង្រីកខ្លួនឯងផងដែរ។

​ការកែលម្អគុណភាពផលិតផលនិងសេវាកម្ម ការវេចខ្ចប់ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍម៉ាកសញ្ញា និងការគ្រប់គ្រងអាជីវកម្មប្រកបដោយ វិជ្ជាជីវៈគឺជាគន្លឹះសំខាន់សម្រាប់ការចូលទៅកាន់ទីផ្សារថ្មីៗ និង​ការប្រកួតប្រជែងប្រកបដោយចីរភាព។ ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវចាប់យកភាពស្របច្បាប់ “អនុលោមភាព និង “ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ” ជាមូលដ្ឋានសម្រាប់ការ​អភិវឌ្ឍផលិតផល​ និងការចូលទីផ្សារ។

​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរួមមានស្តង់ដារ ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផល មាត្រាសាស្ត្រ ដើម្បីធានារង្វាស់រង្វាល់ត្រឹមត្រូវនិងភាពជឿជាក់ ការវាយតម្លៃអនុលោមភាព ដើម្បីបញ្ជាក់ថា ផលិតផលអនុលោមតាមតម្រូវការទីផ្សារ និងមន្ទីរពិសោធន៍ជាតិ ដើម្បីគាំទ្រការធ្វើតេស្ត និងបញ្ជាក់គុណភាពផលិតផល។

ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិគឺជាស្ពានដ៏សំខាន់សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការឆ្លើយតបទៅនឹងរបាំងបច្ចេកទេសពាណិជ្ជកម្មនិងបើកផ្លូវឱ្យផលិតផលកម្ពុជាចូលទៅកាន់ ទីផ្សារតំបន់និងពិភពលោកប្រកបដោយទំនុកចិត្ត។

ការប្តេជ្ញាចិត្តនិងការវិនិយោគ ដើម្បីភាពយូរអង្វែងនៃ អាជីវកម្ម ព្រមទាំងការផ្តោតយកចិត្តទុកដាក់លើសុវត្ថិភាព សុខុមាលភាព និងគុណតម្លៃសម្រាប់អ្នកប្រើប្រាស់ គឺជាគន្លឹះ ដែលនាំឱ្យសេដ្ឋកិច្ចជាតិយើង​ឈរជើងរឹងមាំនិងជោគជ័យ។

សម្ដេចនាយករដ្ឋមន្ត្រី បន្ថែមថា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី៣ មិនត្រឹមតែជាវេទិកា ដើម្បីបង្ហាញ ផលិតផល សេវាកម្ម និងសមត្ថភាពរបស់សហគ្រាសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ «សាងស្ពាន» រវាងរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍ ស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារ ដើម្បីរួមគ្នាជំរុញសហគ្រាស​ធុនមីក្រូ តូច និងមធ្យម កម្ពុជាឱ្យក្លាយជាកម្លាំងដ៏រឹងមាំក្នុង​ខ្សែច្រវាក់តម្លៃជាតិ តំបន់ និងសកលលោក។

​ស្តង់ដា អនុលោមភាព និងទីផ្សារគឺជាគន្លឹះសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ក្នុងការឈានទៅរកការរីកចម្រើន ប្រកបដោយចីរភាព និងការត្រៀមខ្លួនសម្រាប់អនាគត។

រាជរដ្ឋាភិបាលសង្ឃឹមថា អង្គភាពសេដ្ឋកិច្ចនេះ នឹងបន្តជះឥទ្ធិពល​ជាវិជ្ជមានបន្ថែមទៀតទៅថ្ងៃអនាគត ដើម្បីធានានូវស័ក្តិសិទ្ធិភាព គោលនយោបាយជាតិក្នុង​ការប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានចំណូលខ្ពស់​​ក្នុងឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម