Connect with us

ព័ត៌មានជាតិ

ការផ្តល់អាជ្ញាបណ្ណអាជីវកម្ម​បូមខ្សាច់តាមដងទន្លេ ឆ្លងកាត់​ការ​វាយតម្លៃពីរដំណាក់កាលធំៗ ទើប​អាច​ដំណើរការ​​បាន

បានផុស

នៅ

ការ​ផ្តល់​អាជ្ញាបណ្ណ​អាជីវកម្ម​បូមខ្សាច់​តាម​ដងទន្លេ ស្ទឹង ព្រែក​ ត្រូវ​ឆ្លង​កាត់​​ការ​សិក្សា​វាយ​តម្លៃ​ពី​ស្ថាប័ន​​ជំនាញ រួម​​ទាំង​ការ​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរនិង​ពលរដ្ឋក្នុង​មូលដ្ឋាន​ តាម​រយៈ​ការ​បើក​វេទិកា​សាធារណៈ​ដើម្បី​ស្វែង​រក​​ពី​ផល​ប៉ះពាល់​ដល់​សង្គម​បរិស្ថាន។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានលេីការងារអាជីវកម្មរ៉ែខ្សាច់ កាលពី​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ពន្យល់​អំពី​ដំណើរការ​នីតិវិធី​នៃ​ការ​ផ្ដល់អាជ្ញាបណ្ណ​ សម្រាប់​អាជីវកម្ម​បូម​ខ្សាច់​តាម​​ទន្លេ ស្ទឹង និងព្រែក នៅក្នុងប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា នីតិវិធី​ដើម្បី​ទទួល​បាន​អាជ្ញាបណ្ណ​សម្រាប់​ការ​ធ្វើ​អាជីវកម្មខ្សាច់​តាមដងទន្លេ ស្ទឹង ឬ​ព្រែក ត្រូវ​ឆ្លង​កាត់ការ​វាយតម្លៃ​សិក្សា​​ ២ ដំណាក់កាលធំៗ។

សម្រាប់​ដំណាក់កាល​ទី ១ ក្រសួងរ៉ែ និង​ថាមពល ត្រូវធ្វើការវាយ​តម្លៃ​លើ​ចំណុច​សំខាន់ៗ​ចំនួន ២​៖

១. វាយតម្លៃ​គុណវុឌ្ឍិ​របស់​ក្រុមហ៊ុន៖ ពិនិត្យមើលថា​តើក្រុមហ៊ុន​មានសមត្ថភាព និងលក្ខខណ្ឌ​គ្រប់​គ្រាន់​ក្នុងការ​ធ្វើប្រតិបត្តិការអាជីវកម្មខ្សាច់នេះដែរឬទេ។
២. វាយតម្លៃលើ​ឯកសារសិទ្ធិ និង​ទីតាំង៖ ពិនិត្យ​មើលទីតាំង​ដែលក្រុមហ៊ុន​ស្នើសុំ ជៀសវាង​ការ​ជាន់​លើ​ទីតាំង​អាជ្ញាបណ្ណ​របស់​អ្នកដទៃ ឬស្ថិតនៅក្នុងតំបន់ហាមឃាត់ (តំបន់ក្រហម) របស់ក្រសួង។

​បន្ទាប់ពីការវាយតម្លៃបឋមឃើញថាសមស្រប ក្រសួងនឹងបញ្ជូនក្រុម​ការងារ​ចុះ​បេសកកម្មផ្ទាល់ ដើម្បី​ពិនិត្យ​បន្ថែម​លើ៖

-ធនធាន​ខ្សាច់៖ ពិនិត្យ​ថាតើ​តំបន់នោះ​មា​នខ្សាច់​ពិតប្រាកដ​ដែរ​ឬទេ។
-ផល​ប៉ះពាល់៖ វាយ​តម្លៃ​ផល​ប៉ះពាល់​លើការរក​ស៊ីផ្សេងៗ (ឧទាហរណ៍តំបន់​រីសត/Resort) បញ្ហា​បាក់​ច្រាំង និង​ផលប៉ះពាល់​លើ​ផ្លូវថ្នល់ ស្ពាន ក៏ដូចជា​ការរស់នៅ​របស់ប្រជាពលរដ្ឋ និងនេសាទ។

ក្រោយ​បញ្ចប់​ដំណាក់​កាល​ទី ១ លោក អ៊ឹង ឌីប៉ូឡា បាន​បន្ត​ថា គឺ​ឈាន​ទៅ​ដំណាក់កាលទី២ ដើម្បី​សិក្សាបច្ចេកទេស និងការវាយតម្លៃផលប៉ះពាល់ ដោយ​មាន​ការ​ចូលរួម​សិក្សា​ពី​អន្តរក្រសួង។

លោក​ថា បន្ទាប់ពីក្រសួងវាយតម្លៃជំហានដំបូងឃើញថាលទ្ធភាពអាចទៅរួច ក្រុមហ៊ុន​ត្រូវ​បន្ត​អនុវត្ត​ការសិក្សាលម្អិតជាមួយក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ​ផ្សេង​ទៀត ក្នុង​នោះ​មាន​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ​ក្នុង​ការ​សិក្សាផ្នែកជលវិទ្យា ​ដើម្បី​សិក្សា​លម្អិត​ពី​លំហូរ​ទឹក ល្បឿន​ទឹក ជម្រៅ​ដែល​ត្រូវ​បូម និង​កម្រាស់​ខ្សាច់​ដែល​អាច​បូម​បាន ដើម្បី​ធានា​បច្ចេកទេស​មិន​ឱ្យ​មានការ​បាក់​ច្រាំង។

ដោយឡែក ពាក់ព័ន្ធ​ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ត្រូវ​បាន​បែងចែកជា ៣ កម្រិត ផ្អែកលើទំហំផ្ទៃដីជាក់ស្តែង៖

-ទំហំតូច​ជាង ១០ ហិកតា តម្រូវ​ឱ្យធ្វើត្រឹមតែកិច្ចសន្យា​ការពារ​បរិស្ថាន ដែល​​ចេញ​​ដោយ​ក្រសួង​​បរិស្ថាន។
-ទំហំ​ពី ១០ ទៅ ៤០ ហិកតា តម្រូវឱ្យមានការវាយតម្លៃហេតុប៉ះពាល់​បរិស្ថាន​បឋម (IEIA)។
-ទំហំធំជាង ៤០ ហិកតា តម្រូវឱ្យធ្វើការសិក្សា វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA)។

​បន្ថែម​ពីនេះ លោក អ៊ឹង ឌីប៉ូឡា បាន​បញ្ជាក់​ថា ការ​ចាប់ផ្តើម​ដំណើរ​ការ​អាជីវកម្ម​ទៅ​បាន ​ក៏​ត្រូវ​មានការ​ពិគ្រោះ​យោបល់​​ជាមួយ​អាជ្ញាធរ​និង​ប្រជាជន​​ក្នុង​មូលដ្ឋាន តាម​រយៈ​ការ​រៀបចំ​វេទិកា​សាធារណៈ។ ប្រសិនបើ​ពលរដ្ឋ​ភាគច្រើន​មិន​ឯកភាព​ទេ អាជីវកម្ម​ខ្សាច់​នោះ​ក៏​មិន​អាច​ដំណើរការ​បាន​ដែរ ទោះ​បីជា​មាន​ការយល់​ព្រម​ពី​បណ្តា​ក្រសួង​នានា​ក៏ដោយ។

ក្រោយ​ដំណើរការ​នីតិវិធី​សិក្សា​បញ្ចប់​រួម​ទាំង​បាន​ការ​គាំទ្រ​​ពី​ពលរដ្ឋ​ ក្រុម​ហ៊ុន​អាច​ដាក់ពាក្យ​ស្នើ​សុំ​អាជ្ញាបណ្ណ​ជា​ផ្លូវការ ដោយ​អាជ្ញា​បណ្ណ​មាន​សុពលភាព ២ ឆ្នាំ ហើយ​ត្រូវ​បន្ត​រៀង​រាល់ ២ ឆ្នាំ​ម្តង

បើ​តាម​មន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល គិត​មកដល់​ពេល​នេះ​ ក្រសួង​បាន​ផ្តល់​អាជ្ញាបណ្ណ​ខ្សាច់​តាម​ទន្លេ ស្ទឹង និង​ព្រែក​សរុប​មាន​ចំនួន ៩៣ អាជ្ញាបណ្ណ ក្នុង​នោះ​តាម​ដង​ទន្លេ​មេគង្គ​មាន​ចំនួន​ ៥៥ ទន្លេ​បាសាក់​ចំនួន ៧ ទន្លេ​សេសាន​ចំនួន ៤ ទន្លេ​ស្រែ​ពក​ចំនួន​ ៤ និង​ទន្លេ​សេកុង​ចំនួន​ ៣។

តាម​ដង​ស្ទឹង​សរុប​មាន​ចំនួន ៨ អាជ្ញាបណ្ណ ក្នុង​នោះ​ស្ទឹង​ព្រែកត្នោត​មាន​ចំនួន ៤ ស្ទឹង​ស្រែ​បាក់​មាន​ចំនួន ១ ស្ទឹង​តា​សាល​មាន​ចំនួន ១ ស្ទឹង​ពោធិ៍សាត់​ចំនួន ១ និង​ស្ទឹង​អារ៉ែង​ចំនួន ១។

តាម​ព្រែក និង​មាត់​ពាម​សមុទ្រ​សរុប ១២ អាជ្ញាបណ្ណ ក្នុង​នោះ​តាម​មាត់​ពាម (មាត់​ព្រែក/មាត់​សមុទ្រ)​ ចំនួន ៤ និង​នៅ​ក្នុង​ព្រែក​មាន​ចំនួន ៨ អាជ្ញាបណ្ណ។

លោក អ៊ឹង ឌីប៉ូឡា បាន​បញ្ជាក់​ថា អាជ្ញាបណ្ណ​តាមដងព្រែកនិងមាត់ពាមសមុទ្រ​ ភាគច្រើន​គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ខេត្ត​កោះកុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម