ព័ត៌មានអន្ដរជាតិ
លោក ពូទីន អះអាងថា សត្រូវព្យាយាមបំផ្លាញសេដ្ឋកិច្ច តែប្រព័ន្ធថាមពល រុស្ស៊ី នៅតែរឹងមាំបំផុតក្នុងលោក
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញមុខអះអាងកាលពីថ្ងៃទី៨ ខែកក្កដា ថា ប្រព័ន្ធថាមពលរបស់រុស្ស៊ី គឺជាប្រព័ន្ធមួយក្នុងចំណោមប្រព័ន្ធដែលរឹងមាំបំផុតនៅលើពិភពលោក ទោះបីជាមានការប៉ុនប៉ងបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាតិ ពីសំណាក់សត្រូវយ៉ាងណាក៏ដោយ។

ការថ្លែងការពារខ្លួនរបស់មេដឹកនាំរុស្ស៊ីរូបនេះ ធ្វើឡើងស្របពេលដែលឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ឌឺ ណូវ៉ាក (Alexander Novak) បានប្រកាសដាក់ចេញនូវវិធានការណ៍បន្ទាន់មួយ ដោយហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតទាំងអស់ និងចាប់ផ្តើមនាំចូលប្រេងឥន្ធនៈពីបរទេសមកវិញនៅក្នុងខែកក្កដានេះ ដើម្បីដោះស្រាយវិបត្តិខ្វះខាតប្រេងសាំង និងប្រេងម៉ាស៊ូតដែលកំពុងរីករាលដាលនៅតាមស្ថានីយចាក់ប្រេងទូទាំងប្រទេស។
លោក ពូទីន បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលថា «វាជារឿងច្បាស់ណាស់ដែលសត្រូវកំពុងព្យាយាមបង្កការខូចខាតដល់សេដ្ឋកិច្ចរបស់យើង និងព្យាយាមបង្កើតស្ថានភាពតានតឹងនៅក្នុងសង្គម។ ប៉ុន្តែយើងដឹងច្បាស់ថា ការប៉ុនប៉ងរបស់ពួកគេគឺមិនអាចទៅរួចនោះឡើយ»។
ទោះបីជាមានការលើកឡើងប្រកបដោយទំនុកចិត្តពីលោក ពូទីន ក៏ដោយ ប៉ុន្តែក្រុមអ្នកវិភាគអន្តរជាតិបានចង្អុលបង្ហាញថា ការសម្រេចចិត្តបិទការនាំចេញប្រេងម៉ាស៊ូត ដែលជាប្រភពចំណូលដ៏ធំមួយរបស់រុស្ស៊ី គឺស្តែងឲ្យឃើញពីសម្ពាធដ៏ធ្ងន់ធ្ងរនៃសង្គ្រាម។
ជាក់ស្ដែង ការប្រកាសបិទការនាំចេញ និងបញ្ជាឲ្យនាំចូលប្រេងនៅក្នុងខែកក្កដានេះ គឺជាវិធានការចុងក្រោយរបស់រុស្ស៊ី ដើម្បីទប់ទល់នឹងវិបត្តិថាមពលក្នុងស្រុក កុំឲ្យស្ថានការណ៍ក្នុងសង្គមកាន់តែជ្រួលច្របល់ ខណៈសេចក្តីថ្លែងការណ៍របស់លោក ពូទីន ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងសម្រួលអារម្មណ៍ប្រជាពលរដ្ឋ និងបង្ហាញជំហររឹងមាំមិនចុះចាញ់ចំពោះមុខសត្រូវតែប៉ុណ្ណោះ។
ចាប់តាំងពីដើមឆ្នាំ២០២៤ រហូតមកដល់ពាក់កណ្តាលឆ្នាំ២០២៦ នេះ វិស័យថាមពលរុស្ស៊ីបានក្លាយជាផ្ទាំងស៊ីបដ៏សំខាន់។ កងទ័ពអ៊ុយក្រែន បានប្រើប្រាស់ដ្រូនអត្តឃាតរយៈចម្ងាយឆ្ងាយ ហោះចូលទៅវាយប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់លើ រោងចក្រចម្រាញ់ប្រេង និង ឃ្លាំងផ្ទុកប្រេង សំខាន់ៗជាច្រើនកន្លែង ដែលស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៊ី ដែលធ្វើឲ្យសមត្ថភាពចម្រាញ់ប្រេងរបស់រុស្ស៊ីធ្លាក់ចុះយ៉ាងគំហុក៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


