Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ដកស៊ីរី ចេញ​ពីបញ្ជីខ្មៅ​ភេរវកម្ម បើកទ្វារឱ្យប្រទេសអ្នកមាន​ចូលវិនិយោគ ស្ដារ​សេដ្ឋកិច្ចឡើងវិញ

បានផុស

នៅ

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឱ្យកក្រើកវិស័យការទូតអន្តរជាតិ សាជាថ្មីម្តងទៀត ដោយបានប្រកាសដកប្រទេសស៊ីរីចេញពី «បញ្ជីខ្មៅ» នៃប្រទេសគាំទ្រអំពើភេរវកម្ម ដែលជាចំណាត់ការដ៏រំជើបរំជួលមួយ បើកផ្លូវឱ្យមហាអំណាចសេដ្ឋកិច្ចងាកមកចាប់ដៃគ្នាស្រោចស្រង់ដែនដីដែលធ្លាប់ហែកហួរដោយសង្គ្រាមមួយនេះ។ នេះ​បើយោងតាម​សារព័ត៌មាន India Today ចុះផ្សាយថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២៦។

លោក អាម៉េត អាល់ហ្សារ៉ា និង​លោក ដូណាល់ ត្រាំ (រូបថត៖ TruthSocial)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ាកូ រូប៊ីយ៉ូ រដ្ឋមន្ត្រីការបរទេសអាមេរិក បានរត់ការដាក់លិខិតជូនដំណឹងទៅកាន់សភាភ្លាមៗ ដោយទុកពេល ៤៥ថ្ងៃសម្រាប់ការត្រួត​ពិនិត្យ។ លោក រូប៊ីយ៉ូ បានហៅព្រឹត្តិការណ៍នេះថាជា «ជំហានប្រវត្តិសាស្ត្រ» ដែលលោក ត្រាំ ផ្តល់ឱកាសមាសឱ្យប្រជាជនស៊ីរីបានងើបឈរឡើងវិញ។ ការសម្រេចចិត្តនេះ ប្រៀបដូចជាការដោះលែងស៊ីរីចេញពីខ្នោះច្រវាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលកន្លងមកបានហាមឃាត់មិនឱ្យមានការដោះដូរពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ។

កាន់តែពិសេសជាងនេះទៅទៀត លោក ត្រាំ ថែមទាំងបានផ្ញើលិខិតសម្ងាត់មួយច្បាប់ទៅកាន់ប្រធានាធិបតីថ្មីរបស់ស៊ីរី លោក អាម៉េត អាល់ហ្សារ៉ា (Ahmed al-Sharaa) ដោយផ្ទាល់ដៃ ភ្លាមៗបន្ទាប់ពីពួកគេបានជួបគ្នានៅទីក្រុងអង់ការ៉ា កាលពីថ្ងៃពុធ។ នៅក្នុងលិខិតនោះ លោក ត្រាំ បានសរសេរយ៉ាងចាក់ដោតថា លោកនឹងកម្ទេចរាល់របាំងទាំងឡាយណា ដែលរារាំងការអភិវឌ្ឍរបស់ស៊ីរី ហើយពេលនេះ ក្រុមហ៊ុនយក្សៗរបស់អាមេរិក កំពុងឈរតម្រង់ជួរគ្នា ត្រៀមខ្លួនយកលុយទៅបោះទុនវិនិយោគ ដើម្បីធ្វើឱ្យស៊ីរីក្លាយជាកំពូលអាណាចក្រដ៏រុងរឿងជាងពេលណាៗទាំងអស់។

ដំណឹងដ៏រំភើបនេះបានធ្វើឱ្យលោក សាហ្វវ៉ាត រ៉ាស្លាន (Safwat Raslan) អភិបាលធនាគារកណ្តាលរបស់ស៊ីរី ទប់ចិត្តមិនបាន ក៏បានបង្ហោះសារភ្លាមៗនៅលើតេឡេក្រាម ដោយសម្តែងការស្វាគមន៍យ៉ាងរីករាយ ព្រោះវាជាទ្វារចំហនាំស៊ីរីហោះចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោកឡើងវិញ។ កាន់តែអស្ចារ្យជាងនេះ មិនមែនមានតែអាមេរិកទេ ក្រុមហ៊ុនយក្សៗរបស់ប្រទេសអារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសអ្នកមាននៅតំបន់ឈូងសមុទ្រ ក៏កំពុងរៀបចំកញ្ចប់លុយរាប់ពាន់លានដុល្លារ ត្រៀមចាក់បញ្ចូលទៅក្នុងប្រទេសស៊ីរីដូចគ្នា។

អ្វីដែលឱ្យគេចាប់អារម្មណ៍ទៀត​នោះគឺ លោក ត្រាំ បានពោលពាក្យសរសើរមិនដាច់ពីមាត់ចំពោះមេដឹកនាំថ្មីរបស់ស៊ីរី គឺលោក ហ្សារ៉ា។ គួររំលឹកផងដែរថា លោក ហ្សារ៉ា ធ្លាប់ជាអតីតមេបញ្ជាការដ៏មានឥទ្ធិពលម្នាក់របស់ក្រុមអាល់កៃដានៅស៊ីរី ប៉ុន្តែលោកបានកាត់ផ្តាច់ទំនាក់ទំនង ហើយបានដឹកនាំសម្ព័ន្ធមិត្តវាយផ្តួលរំលំរបបដឹកនាំរបស់លោក បាសារ អាល់អាសាដ (Bashar al-Assad) កាលពីចុងឆ្នាំ ២០២៤។ មិនតែប៉ុណ្ណោះ លោកថែមទាំងបានចេញមុខបង្ក្រាបក្រុមភេរវកររដ្ឋអ៊ីស្លាម (IS) យ៉ាងចាស់ដៃ ដែលទង្វើនេះធ្វើឱ្យលោក ត្រាំ លាន់មាត់សរសើរថា៖ «គាត់ជាមនុស្សដែលគ្រប់គ្នាគោរព ហើយសូម្បីតែខ្ញុំក៏គោរពគាត់ដែរ!»៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម