Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ខេត្តចំនួន ៤ នៅកម្ពុជា ជួបគ្រោះរាំងស្ងួតប៉ះពាល់ដំណាំស្រូវជាង ៤ ម៉ឺនហិតា

បានផុស

នៅ

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៩ កក្កដា នេះថា ចាប់ពីថ្ងៃទី ១៣ ខែមិថុនា រហូតដល់ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ មានខេត្តចំនួន ៤ រួមមាន ខេត្តកំពង់ធំ , បន្ទាយមានជ័យ , បាត់ដំបង និង ខេត្តសៀមរាប បានរងគ្រោះដោយគ្រោះរាំងស្ងួត បណ្តាលឱ្យប៉ះពាល់ដំណាំស្រូវសរុបចំនួន ៤៤៤៥៣ ហិតា ដោយសារខ្វះទឹកស្រោចស្រព ព្រោះពុំមានភ្លៀងគ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា ក្នុងនោះ ខេត្តកំពង់ធំ ប៉ះពាល់ ១៥២ ហិតា និង ផ្ទៃដីប្រឈម ៧,៧៨៨ ហិតា។ ចំពោះផ្ទៃដីកសិកម្ម ៧,៧៨៨ ហិតា ត្រូវបានជួយសង្គ្រោះដោយលោកអភិបាលខេត្តកំពង់ធំបានដឹកនាំមន្ទីរជំនាញ ដាក់ម៉ាស៊ីនបូមទឹកចំនួន ៦ កន្លែង និង មានភ្លៀងធ្លាក់បណ្តើរៗ។ ខេត្តសៀមរាប ប៉ះពាល់ ១៩,៥០៣ ហិតា និង មានភ្លៀងធ្លាក់បណ្តើរៗ ដែរ។ ខេត្តបន្ទាយមានជ័យ ប៉ះពាល់ ៦៤៣៦ ហិតា , និង ខេត្តបាត់ដំបង ប៉ះពាល់ ១៨៣៦២ ហិតា សរុបចំនួន ៤៤,៤៥៣ ហិតា។

លោកបន្តទៀតថា រហូតដល់ពេលនេះ ដំណាំស្រូវដែលរងការប៉ះពាល់ដោយគ្រោះរាំងស្ងួតពុំទាន់មានការខូចខាត និង បាត់បង់នៅឡើយទេ។ លោកបន្ថែមថា គ្រោះរាំងស្ងួតនេះ ដោយសារកម្ពុជាក៏បានទទួលរងផលប៉ះពាល់ពីបាតុភូតុអ៊ែលនីណូ ដូចនៅលើពិភពលោលដែរ ប៉ុន្តែមិនធ្ងន់ធ្ងទេ គ្រាន់តែធ្វើឱ្យបរិមាណទឹកភ្លៀងមានកម្រិតតិច ហើយមិនបានធ្លាក់រាយប៉ាយគ្រប់កន្លែង។

លោកបានបន្ថែមទៀតថា «បញ្ហានេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន មាណែត ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានយកចិត្តទុកដាក់ខ្ពស់ ដោយបានណែនាំដល់ស្ថាប័នពាក់ព័ន្ធ ពិសេសគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរួមគ្នាសម្របសម្រួល និង ត្រៀមលក្ខណៈអន្តរាគមន៍ដល់ប្រជាកសិករ។ ជាក់ស្តែង លោក គន់ គីម ជាអនុប្រធាន បានណែនាំដល់ក្រសួង-ស្ថាប័ន យកចិត្តទុកដាក់ និង តាមដាន និង ចុះទៅដល់តំបន់ប្រឈមនឹងការខ្វះខាតទឹកដែលមកដល់ពេលនេះមិនទាន់មានស្រូវរងការខូចខាតទេ តែអាចប្រឈមនឹងខូចខាតប្រសិនបើមិនមានការអន្តរាគមន៍ទឹកបានទាន់ពេលទេនោះ»។

លោកបញ្ជាក់បន្ថែមថា «អ្វីដែលជាការព្រួយបារម្ភនោះ គឺថា បាតុភូតអ៊ែលនីណូ អាចនឹងអូសបន្លាយយូរ ធ្វើឱ្យមិនមានភ្ញៀងធ្លាក់ បង្កឱ្យខ្វះទឹកស្រោចស្រពស្រែប្រជាកសិករ»។

យ៉ាងណាក៏ដោយ លោក សុទ្ធគឹម កុលមុនី បានលើកឡើងទៀតថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ បានត្រៀមស្រូវពូជ និង ពូជបន្លែរួចរាល់ ដើម្បីជួយដល់ប្រជាកសិកររងគ្រោះដោយសារភាពរាំងស្ងួត ឬ គ្រោះទឹកជំនន់ នាខាងមុខនេះ៕
អត្ថបទ ​៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម