ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឱ្យសហជីពពង្រឹងភាពជាដៃគូ ដើម្បីរក្សាបរិយាកាសការងារល្អ
ភ្នំពេញ ៖ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសន្ទនាសង្គម លើកកម្ពស់ភាពជាដៃគូ និងពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលប្រចាំខែកក្កដា ជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង ១៥០រូប នៅទីស្តីការក្រសួង ដើម្បីក្តាប់ស្ថានភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈម ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កិច្ចសន្ទនាសង្គម គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និយោជក និងសហជីព ព្រមទាំងជាវេទិកាសម្រាប់ការផ្លាស់ប្តូរព័ត៌មាន ស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមដោយផ្អែកលើស្មារតីសហការ និងការយោគយល់គ្នាទៅវិញទៅមក។ ឯកឧត្តមបានបញ្ជាក់ថា ការជួបសំណេះសំណាលប្រចាំខែនេះ បានក្លាយជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនងរវាងក្រសួង និងសហជីព ដើម្បីធានាការអនុវត្តច្បាប់ស្ដីពីការងារ ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត និងរួមចំណែករក្សាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

លោករដ្ឋលេខាធិការបានបន្តថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការជួយជំរុញ និងការកសាងធនធានមនុស្ស តាមរយៈការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទៅដល់សាធារណជន សិស្ស និស្សិត យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ទន្ទឹមនេះ បងប្អូនសហព័ន្ធសហជីព គឺជាតួអង្គសំខាន់ក្នុងការចូលរួមកសាងធនធានមនុស្ស ក្នុងការជួយជំរុញផ្សព្វផ្សាយការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់បងប្អូនប្រជាពលរដ្ឋអាចដោះស្រាយការលំបាក ដោយការរកចំណូលបានតាមជំនាញខ្លីៗ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីព បន្តសហការយ៉ាងជិតស្និទ្ធជាមួយម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដោយប្រកាន់ខ្ជាប់នូវស្មារតីភាពជាដៃគូ ការគោរពច្បាប់ និងការទទួលខុសត្រូវរួម ដើម្បីលើកកម្ពស់សិទ្ធិ សេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ រក្សាបាននូវបរិយាកាសការងារល្អ និងរួមចំណែកលើការទាក់ទាញវិនិយោគ ក៏ដូចជាបង្កើតឱកាសការងារកាន់តែច្រើន និងកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីព បន្តពង្រឹងកិច្ចសហការជាមួយក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ក្នុងការលើកកម្ពស់យន្តការដោះស្រាយវិវាទការងារ ដោយសហការក្នុងការរាយការណ៍អំពីបញ្ហាប្រឈមជាមុន ភាពមិនប្រក្រតីនៅកន្លែងធ្វើការងារ និងរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយស្មារតីស្ថាបនា ដើម្បីបញ្ចៀសការកើតមានករណីបាតុកម្ម កូដកម្មឈានដល់ការបិទផ្លូវ ដែលអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម និងបរិយាកាសវិនិយោគ។

ជាចុងបញ្ចប់ ថ្នាក់ដឹកនាំសហព័ន្ធសហជីពបានបង្ហាញការប្តេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។ ទន្ទឹមនឹងនេះ តំណាងសហព័ន្ធសហជីពក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ព្រមទាំងបានសម្តែងនូវការគាំទ្រ និងជំនឿជឿជាក់ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារ បង្កើនការវិនិយោគ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


