Connect with us

ព័ត៌មានជាតិ

ផ្សារសាមគ្គីក្រុងក្រចេះ បញ្ចៀស​ការជន់លិច​ដូចរាល់ឆ្នាំ​ក្រោយក្រុង​ក្រចេះមាន​ស្ថានីយបូមទឹក រំដោះទឹកជន់​ទាន់ពេល​វេលា

បានផុស

នៅ

អាជីវករលក់ដូរនៅក្នុងផ្សារសាមគ្គីក្នុងក្រុងក្រចេះ ខេត្តក្រចេះ​អស់ក្តីបារម្ភពីបញ្ហាភ្លៀងលិចតូបលក់ដូរតទៅទៀត​ បន្ទាប់ពីក្រុងក្រចេះមានស្ថានីយបូមទឹក បើទោះបីជាមានភ្លៀងធ្លាក់ជាច្រើនម៉ោងយ៉ាងណាក្តី ព្រោះទឹកស្រកអស់ទៅវិញភ្លាមៗពេលមេឃឈប់ភ្លៀង។

អាជីវករបានឲ្យដឹងថា នៅរយៈពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឲ្យទឹកភ្លៀង​ជោរ​ជន់​ប៉ុន្តែមិនបង្កផលប៉ះពាល់​លិចដល់តូប ហើយ​បើ​ជន់ក៏​មិន​យូរ​ដូចមុនទៀតនោះដែរ លិចតែពេលមេឃភ្លៀងមួយពេលៗតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ឲ្យតែពេលមានភ្លៀងធ្លាក់ជាប់​គ្នា​ជាច្រើនម៉ោងដឹងតែលិចតូប លក់ដូរអីក៏មិនកើតដែរ។ ប៉ុន្តែឥឡូវនេះ ដោយក្រុងក្រចេះមានស្ថានីយបូមរំដោះទឹកចេញពីក្នុងក្រុង បានជួយសង្គ្រោះប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សារសាមគ្គីក្រុងក្រចេះ លែងឲ្យមានការរំខាន ខូចខាតទ្រព្យសម្បត្តិ៍ដូចមុនទៀត បើទោះបីជាមានភ្លៀងធ្លាក់ខ្លាំង ជាច្រើនម៉ោង និងទឹកជំនន់ក្តី។

អាជ្ញាធរសង្កាត់ក្រចេះ ក្រុងក្រចេះ​បានឲ្យដឹងថា ស្ថានីយបូមទឹកមួយកន្លែងនេះ មានបំពាក់ម៉ាស៊ីនបូមទឹក ចំនួន ៣ មានសមត្ថិភាពអាចបូមទឹកបានចំនួន ១,៣៨០ ម៉ែត្រគូប ក្នុង ១ម៉ោង ដែលជួយរំដោះទឹកភ្លៀងចេញពីទីប្រជុំជនបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់។

អាជីករលក់ដូរក្នុងផ្សារសាមគ្គីក្រុងក្រចេះ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងសង្កាត់ក្រចេះ មានក្តី​រីករាយ​ជាខ្លាំង​ក្រោយ​ស្ថានីយបូមទឹកនេះ​ដាក់​ឲ្យដំណើរការ​ ធ្វើឲ្យផ្សារសាមគ្គីក្រុងក្រចេះ ចៀស​ផុតពីការលិចលង់ដូចឆ្នាំមុនៗទៀត៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម