Connect with us

ព័ត៌មានជាតិ

មន្រ្តីសុខាភិបាលខេត្តកោះកុង បង្ហាញក្តីបារម្ភពីជំងឺគ្រុនឈាម និងស្នើឱ្យពលរដ្ឋរួមគ្នាលុបបំបាត់ជម្រកសត្វមូសខ្លាឲ្យអស់

បានផុស

នៅ

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅតែបង្ហាញក្តីព្រួយបារម្ភអំពីអត្រាកើតជំងឺគ្រុនឈាមអំឡុងរដូវវស្សាឆ្នាំនេះ ដោយជំរុញណែនាំពលរដ្ឋចូលរួមលុបបំបាត់ជម្រកសត្វមូសខ្លាញីអោយអស់ក្នុងមូលដ្ឋានរស់នៅរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្រាកើតជំងឺគ្រុនឈាមមិនថាមនុស្សចាស់ ឬក្មេងនោះទេ កើតមានរាយប៉ាយនៅតាមមូលដ្ឋាន ទោះបីជាភូមិសាស្រ្តខេត្តកោះកុងមិនមានច្រើនយ៉ាងណាក្តី ប៉ុន្តែនៅតែទាមទារឱ្យពលរដ្ឋចូលរួមសម្អាតកាកសំណល់ជុំវិញផ្ទះ ដូចជា សម្បកត្រឡោកដូង សម្បកកំប៉ុង សម្បកកង់ឡាន និងសំណល់ដក់ទឹកផ្សេងៗទៀត ដើម្បីបង្ការជំងឺគ្រុនឈាម នារដូវវស្សា។

ក្នុងយុទ្ធនាការចុះដាក់ថ្នាំអាបែត បាញ់ថ្នាំសម្លាប់មូស និងអប់រំផ្សព្វផ្សាយអំពីវិធានការបង្ការជំងឺគ្រុនឈាមនៅក្រុងខេមរភូមិន្ទ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ឱ្យដឹងថា សូមប្រជាពលរដ្ឋបង្កើនការការពារ ប្រុងប្រយ័ត្ន និងសម្អាតកាកសំណល់ដក់ទឹកជុំវិញលំនៅឋាន ជាជម្រកសត្វមូសខ្លាញី ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដល់កុមារ និងមនុស្សគ្រប់វ័យ។

បើតាមលោកប្រធានមន្ទីរសុខាភិវបាលខេត្ត ដោយមើលឃើញពីបញ្ហាប្រឈម មន្រ្តីសុខាភិបាលរបស់លោកបានដាក់ចេញគោលដៅសំខាន់ៗដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការដៃគូ បានចុះចែកជូន និងដាក់ថ្នាំអាបេត ដល់ប្រជាពលរដ្ឋទាំងក្រុង និងជនបទ។ ក្នុងនោះ បាញ់ថ្នាំបំពង់ផ្សែង ម៉ាស៊ូត សម្លាប់ជម្រកសត្វមូសខ្លា ទៅតាមលំនៅឋានទាំងក្នុងក្រុង និងនៅតំបន់ដាច់ស្រយាលដែលប្រឈមកើតមានជំងឺគ្រុនឈាម ព្រមទាំងទីតាំងមិនទាន់កើតជំងឺគ្រុនឈាម។

មន្រ្តីសុខាភិបាលក៏អំពាវនាវដល់ប្រជាពលរដ្ឋ ករណីបើសមាជិក និងកូនៗក្នុងគ្រួសារមានអាការៈសង្ស័យពីជំងឺគ្រុនឈាម សូមប្រញាប់ទៅពិគ្រោះ និងព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ចៀសវាងប្រើថ្នាំផ្ដេសផ្ដាសដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ហើយដាច់ខាត«កុំឲ្យទៅពិនិត្យព្យាបាលនៅគ្លីនិកឯកជន ត្រូវរូតរះមកពិនិត្យនៅមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះលោកអ្នកបំផុត ព្រោះជំងឺគ្រុនឈាមនេះ ត្រូវការតាមដានឲ្យបានហ្មត់ចត់ ព្រោះបើជំងឺវិវត្តទៅធ្ងន់កុមារប្រឈមគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ»។

យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង បង្ហាញថា ៣ ខែមកនេះ បានរកឃើញអ្នកជំងឺគ្រុនឈាមសរុបចំនួន ៣៧៤ នាក់ ដែលបានមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យក៏ណែនាំដល់ពលរដ្ឋគ្រប់រូប ត្រូវប្រញាប់នាំអ្នកជំងឺដែលសង្ស័យមកមន្ទីរពេទ្យជាបន្ទាន់ ចៀសវាងទុកឱ្យហួសពេល។

ដោយឡែកលោកស្រី ស៊ិន ចរិយា អភិបាលរងក្រុងខេមរភូមិន្ទ លើកឡើងដែរថា អាជ្ញាធរសមត្ថកិច្ចតែងអប់រំណែនាំដល់ពលរដ្ឋអោយចេះធ្វើអនាម័យបរិស្ថានជុំវិញផ្ទះ និងប្រញាប់ទៅមន្ទីរជាបន្ទាន់ប្រសិនបើសង្ស័យអំពីអាការៈជំងឺគ្រុនឈាម មិនត្រូវប្រើប្រាស់ ឬព្យាបាលនៅផ្ទះតែខ្លួនឯងនោះទេ ខណៈជំងឺគ្រុនឈាមវិវឌ្ឍន៍កាចសាហាវ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម