Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ដាក់ពន្ធថ្មី ៥០% លើទំនិញ​កាណាដាជាច្រើនមុខ ដោយបង្កើនភាពតានតឹងពាណិជ្ជកម្ម​ឡើងវិញ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានប្រកាសដាក់ពន្ធនាំចូលថ្មី ៥០% លើទំនិញជាច្រើនប្រភេទពីប្រទេសកាណាដា ដោយចោទប្រកាន់ថា កាណាដាបានអនុវត្តគោលនយោបាយពាណិជ្ជកម្មមិនស្មើភាពចំពោះផលិតផលអាមេរិក ជាពិសេសរថយន្ត គ្រឿងស្រវឹង និងផលិតផលទឹកដោះគោ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធានការថ្មីនេះ នឹងចូលជាធរមានក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ ​និងគ្របដណ្តប់លើទំនិញជិត ២០ ​ប៊ីលានដុល្លារ រួមមាន ស្រា ស៊ីម៉ងត៍ ផលិតផលទឹកដោះគោ គ្រឿងសង្ហារិម សម្លៀកបំពាក់ គ្រាប់ពូជ ឧបករណ៍នេសាទ អាងហែលទឹក និងទំនិញប្រើប្រាស់ជាច្រើនមុខទៀត។

រដ្ឋបាលលោក ត្រាំ បានអះអាងថា កាណាដាបានបន្តចាត់វិធានការសងសឹកលើទំនិញអាមេរិក បន្ទាប់ពី​អាមេរិកដំឡើងពន្ធនាំចូលកាលពីពេលកន្លងទៅ។ លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាន​និយាយក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា៖ «ខណៈ​រដ្ឋបាល(អាមេរិក)បន្តធានាបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយយុត្តិធម៌ និង​បដិការ(ទៅវិញទៅមកស្មើគ្នា) ជាមួយដៃគូពាណិជ្ជកម្មរបស់យើង ប្រទេសកាណាដា ​ខុសពីដៃគូ និងសម្ព័ន្ធមិត្ត​ផ្សេងៗទៀត នៅតែបន្តសងសឹកសហរដ្ឋអាមេរិកចំពោះកិច្ចខិតខំប្រឹងប្រែង​ធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មឡើងវិញ និងការពារឧស្សាហកម្មអាមេរិក​ក្នុងវិស័យដែលងាយរងគ្រោះខាងសន្តិសុខជាតិ»។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកបានដាក់សំណើជាច្រើនដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយ​អាមេរិក ហើយបានអះអាងថា ពន្ធដែលលោក ត្រាំ បានដាក់កន្លងមក គឺផ្ទុយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA)។

លោក Carney ក៏បានបន្ថែមថា ជម្លោះពាណិជ្ជកម្មនេះបានធ្វើឱ្យតម្លៃទំនិញកើនឡើង និងប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងសងខាង ជាពិសេសអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។

​គេមើលឃើញថា ពន្ធថ្មីដែលលោក ត្រាំ ដាក់ គឺផ្អែកលើ មាត្រា ៣៣៨ នៃច្បាប់ពន្ធគយឆ្នាំ ១៩៣០ ​ដែលអនុញ្ញាតឱ្យប្រធានាធិបតីដាក់ពន្ធរហូតដល់ ៥០% លើប្រទេសដែលត្រូវបានចាត់ទុកថា រើសអើងចំពោះទំនិញអាមេរិក។ អ្នកជំនាញផ្នែកពាណិជ្ជកម្មបញ្ជាក់ថា នេះជាលើកដំបូងដែលច្បាប់មាត្រានេះត្រូវបានប្រើប្រាស់ក្នុងរយៈពេលជិត ១០០ ឆ្នាំ។

ទោះជាយ៉ាងណា ទំនិញសំខាន់មួយចំនួន ដូចជា ថាមពល ជីប៉ូតាស ត្រី រ៉ែសំខាន់ៗ និងផលិតផលដែលស្ថិតក្រោមពន្ធផ្សេងទៀតរួចហើយ នឹងមិនរងផលប៉ះពាល់ពីវិធានការថ្មីនេះឡើយ។

ផ្សារទំនើបនៅកាណាដា ប្រាប់អតិថិជនឱ្យទិញស្រាដែលជាផលិតផលកាណាដាជំនួសវិញ ក្រោយជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដោយសារតែពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ផ្ទុះឡើងកាលពីឆ្នាំមុន

សេតវិមានបានលើកឡើងថា មូលហេតុសំខាន់នៃការដំឡើងពន្ធ គឺប្រព័ន្ធគ្រប់គ្រងទីផ្សារទឹកដោះគោបែបការពារនិយមរបស់កាណាដា​ ក៏ដូចជាពន្ធ និងកូតាលើរថយន្តនាំចូលពីសហរដ្ឋអាមេរិក ខណៈ​កាណាដាផ្ដល់លក្ខខណ្ឌអនុគ្រោះ​សម្រាប់រថយន្តនាំចូលពីប្រទេស​ដទៃជាងអាមេរិក។

បន្ថែមពីនេះ រដ្ឋបាលលោក ត្រាំ ក៏បានចោទថា ខេត្តភាគច្រើនរបស់កាណាដាបានផ្អាកការលក់គ្រឿងស្រវឹងផលិតនៅសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងពន្ធដែលអាមេរិកបានដាក់ពីមុន។ តាមទិន្នន័យរបស់សេតវិមាន ការនាំចូលរថយន្តអាមេរិកទៅកាណាដាបានធ្លាក់ចុះ ២២% ខណៈការនាំចូលគ្រឿងស្រវឹងអាមេរិក បានធ្លាក់ចុះរហូតដល់ ៨១% ក្នុងរយៈពេល ១ ឆ្នាំចុងក្រោយ។

អ្នកវិភាគព្រមានថា ការដំឡើងពន្ធជុំថ្មីនេះ អាចធ្វើឱ្យភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដាកាន់តែធ្ងន់ធ្ងរ បង្កើនថ្លៃដើមសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ ហើយអាចប៉ះពាល់ដល់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ និងសេដ្ឋកិច្ចអាមេរិកខាងជើងទាំងមូល ប្រសិនបើប្រទេសទាំង២ មិនអាចឈានដល់កិច្ចព្រមព្រៀងថ្មីបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម