Connect with us

ព័ត៌មានជាតិ

សាលារៀនចំនួន៦​ ជាប់ជ័យលាភីសាលាមេត្រី​បរិស្ថាន​នៅកម្ពុជា​ ឆ្នាំ២០២១​

បានផុស

នៅ


សាលាបឋមសិក្សាចំនួន៣ និងមធ្យមសិក្សាចំនួន៣ បានទទួលជ័យលាភីសាលាមេត្រីបរិស្ថាន​ឆ្នាំ២០២១ នេះបើតាមការឲ្យដឹងពីលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ​២០២១នេះ។

លោក នេត្រ ភក្រ្តា សាលាជ័យលាភីទាំង ៦ នោះរួមមាន សាលាបឋមសិក្សាវត្តចែង ខេត្តបាត់ដំបង ជ័យលាភីកម្រិតមាស សាលាបឋមសិក្សាក្រវ៉ាន់ ខេត្តសៀមរាប ជ័យលាភីកម្រិតប្រាក់ សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ ជ័យលាភីកម្រិតសំរឹទ្ធ វិទ្យាល័យ ហ៊ុន សែន មិត្តភាពខេត្តព្រះសីហនុ ទទួលបានជ័យលាភីកម្រិតមាស វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ ទទួលបានជ័យលាភីកម្រិតប្រាក់ វិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីកម្រិតសំរិទ្ធ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្រ្តា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ និងវិញ្ញាប័នបត្រព្រមទាំងថវិកាមួយចំនួនដល់ជ័យលាភីមេដាយមាសរបស់សាលាបឋមសិក្ស វត្តចែង ខេត្តបាត់ដំបង និងជ័យលាភីមេដាយសំរិទ្ធ របស់​វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ ឆ្នាំង នៅថ្ងៃទី០៨ ខែកញ្ញា នេះ និង ថ្ងៃទី០៩ ខែកញ្ញា ស្អែក។

លោករដ្ឋលេខាធិការ ក្នុងនាមក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខ័ណ្ឌការងារអប់រំ ការងារបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ និងការងារផ្តល់សេវាពិគ្រោះយោបល់លើវិស័យបរិស្ថាន ជាពិសេសគណៈកម្មការវាយតម្លៃសាលាមេត្រីបរិស្ថាន ដែលបានផ្តល់កិច្ចសហ ការយ៉ាងល្អប្រសើរ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ក្នុងការរៀបចំការប្រឡងប្រណាំងសាលាមេត្រីភាពបរិស្ថានចំនួន៣ លើកមកនេះ។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថាន ក៏បានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះសា​លាបឋមសិក្សា និងមធ្យមសិក្សាសរុបចំនួន ៤៨ ដែលបានចូលរួម ក្នុងចលនាប្រឡងប្រណាំងមេត្រីភាពបរិស្ថាននៅឆ្នាំ ២០២១ នេះដែលជាការប្រកួតប្រជែងសាលាមេតីបរិស្ថានរៀងរាល់ ២ ឆ្នាំម្តង លើកទី៣។ 

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព តាមរយៈការបញ្រ្ជាបចំណេះដឹងនិងចំណេះធ្វើក្នុងចំណោមកុមារសិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូរទម្លាប់ ផ្នត់គំនិត និងឥរិយាបទរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន។ 

ចំណែកលោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឲ្យដឹងថា ការរៀបចំផ្តល់តម្លៃសាលាមេត្រីបរិស្ថាន បានជំរុញ និងលើក ទឹកចិត្តដល់សាលារៀនទាំងអស់បន្តវប្បធម៌ស្រឡាញ់ និងចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថានកាន់តែប្រសើរឡើងថែមទៀត។

ដូចនេះ សាលារៀនចាំបាច់ត្រូវសហការជិតស្និតជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធដទៃទៀតក្នុងសហគមន៍ អាណាព្យាបាលសិស្ស ដើម្បីធានាឱ្យបាននូវការអប់រំបរិស្ថាន ដើម្បីមូលដ្ឋានស្អាត សុខភាពល្អ និងមានការអភិវឌ្ឍរុងរឿង។ 

សូមបញ្ជាក់ថា ចលនាសាលាមេត្រីបរិស្ថានកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របនិងមាននិរន្តរភាព និងការរស់នៅដោយចីរភាព។

លក្ខខណ្ឌវិនិច្ឆ័យទាំង៤ ចំណុច នៃសាលាមេត្រីបរិស្ថានរួមមាន ទី១. មានគោលការណ៍ និងរដ្ឋបាល របស់សាលាលើការងារបរិស្ថាន ទី២. មានការបង្រៀនមេរៀនបរិស្ថាន និងសកម្មភាពអប់រំបរិស្ថានក្នុងសាលា និងសហគមន៍ជុំវិញ (ជាកម្មវិធីសិក្សាបន្ថែម ឬបញ្ជ្រាប) ទី៣. មានសម្ភារបរិក្ខារអប់រំបរិស្ថាន ហេដ្ឋារចនា សម្ព័ន្ធនានានិងការប្រតិបត្តិបរិស្ថាន ទី៤. មានភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធ និងការផ្សព្វផ្សាយតាម​សហគមន៍៕

អត្ថបទៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម