ព័ត៌មានជាតិ
បុណ្យភ្ជុំឆ្នាំនេះ ក្រសួងណែនាំឱ្យពលរដ្ឋជួបជុំគ្នាតាមអនឡាញ
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទៅលេងសាច់ញាតិនៅតាមស្រុកកំណើតក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខ សូមជ្រើសរើសជួបជុំគ្នាតាមប្រព័ន្ធអនឡាញជំនួសឱ្យការជួបជុំផ្ទាល់ ដើម្បីចូលរួមកាត់បន្ថយការចម្លងមេរោគកូវីដ១៩។
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះនៅយប់ថ្ងៃទី០៨ ខែកញ្ញា លោករដ្ឋមន្ត្រីបានណែនាំដល់ប្រជាពលរដ្ឋសូមជ្រើសរើសនូវការជួបជុំគ្រួសារតែនៅក្នុងខ្នងផ្ទះឬគេហដ្ឋានតែមួយបានហើយ ដោយមិនត្រូវអញ្ជើញសាច់ញាតិដែលមានគេហដ្ឋានផ្សេង ឬមិត្តភ័ក្ដិជិតស្និទមកជួបជុំគ្នាដើម្បីលេងល្បែងស៊ីសង ច្រៀងរាំ ឬការជួបជុំគ្នាពិសារអាហារ និងសេពគ្រឿងស្រវឹងដែលជាកត្តាហានិភ័យខ្ពស់ក្នុងការចម្លងវីរុសកូវីដ-១៩នោះទេ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា«សូមជ្រើសរើសការជួបជុំតាមប្រព័ន្ធអនឡាញដែលអាចជជែកគ្នា មើលមុខគ្នា ពិភាក្សាគ្នាជាជំនួសឱ្យការជួបជុំផ្ទាល់ដើម្បីរួមចំណែកកាត់បន្ថយការចម្លងវីរុសកូវីដ-១៩ »។
លើសពីនេះទៀត លោករដ្ឋមន្ត្រីបានបន្តថា មិនត្រូវធ្វើដំណើរកម្សាន្តដែលមិនចាំបាច់ និងសូមជ្រើសរើសការធ្វើដំណើរទៅកាន់ទីវត្តអារាមដែលមានសុវត្ថិភាពហើយរាល់ការវិលត្រលប់ទៅជួបជុំឪពុកម្ដាយជីដូនជីតានៅស្រុកកំណើត សូមប្រកាន់យកនូវមធ្យោបាយធ្វើដំណើរជាលក្ខណៈផ្ទាល់ខ្លួនបើអាច។
ចំណែកអ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗជាដើម មិនគួរចូលរួមដំណើរជួបជុំគ្នាដើរកម្សាន្តបើមិនមានការចាំបាច់បំផុតនោះទេ។
លោករដ្ឋមន្ត្រីបានអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពាររួមមានពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងនិង៣កុំ រួមមានកុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា។
ចំណែកគ្រប់វត្តអារាមត្រូវរៀបចំឱ្យមានកន្លែងលាងដៃនៅច្រកចេញ-ចូលវាស់កម្ដៅ និងបាញ់ទឹកអាល់កុលលាងដៃឬទឹកដែលលាងដៃសម្រាប់រាល់ពុទ្ធបរិស័ទទាំងអស់ពុំឱ្យមានការធ្វេសប្រហែស នៅ ច្រកចេញ-ចូលក្លោងទ្វារនីមួយៗ។ រីឯព្រះសង្ឃគ្រប់ព្រះអង្គ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់
ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា នៅពេលចូលក្នុងទីវត្តអារ៉ាម ពេលអង្គុយឬឈររង់ចាំការប្រគេនចង្ហាន់ និងទ័យទាននានា ជាពិសេសនៅពេលសូត្រធម៌ ពេលបង្សុកូលនិងត្រូវរក្សាតម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចមួយម៉ែត្រកន្លះគ្រប់ពេលដែលពុទ្ធបរិស័ទ ចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ។
គួរបញ្ជាក់ថា ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃ០៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ៕
អត្ថបទ៖ សំអឿន




-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


