នយោបាយ
បញ្ញវន្ដខ្មែរ យល់ឃើញបែបណា ក្រោយសម្ដេចតេជោ អំពាវនាវឲ្យបញ្ឈប់ដីកាចាប់ខ្លួនបណ្ឌិត សេង សារី?
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃម្សិលមិញ បានអំពាវនាវដល់ស្ថាប័នតុលាការពិចារណាបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវ និងជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយ ក្រោយពីបានស្ដាប់ការបកស្រាយ របស់បណ្ឌិតរូបនេះ អំពីលើកឡើងនាពេលកន្លងមកនូវសេនារីយោ ៦ចំណុច ពាក់ព័ន្ធនឹងចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដោយខុសច្បាប់។

មជ្ឈដ្ឋាននានា បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង និងសាទរ ចំពោះការអំពាវនាវ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីខាងលើនេះ។ ដោយសម្រាប់អ្នកសិក្សាស្រាវជ្រាវ ដែលជាបញ្ញវន្ដខ្មែរ ក៏បានសាទរ និងក៏បានលើកឡើងថា នេះជាការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល នូវពហុមតិនៅក្នុងសង្គមកម្ពុជាផងដែរ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះថា ក្នុងសំណេរនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញ គឺសម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យតុលាការពិចារណា ក្នុងការបញ្ឈប់ដីកាតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា ដែលនេះជាសំណើ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រោយពីសម្ដេចទទួលយកនូវការបកស្រាយ និងបំភ្លឺ របស់លោកបណ្ឌិត សេង សារី។

បញ្ញវន្ដខ្មែរគឺលោកបណ្ឌិត គិន ភា បានលើកឡើងថា «នេះវាឆ្លុះបញ្ចាំង! ឲ្យឃើញពីការយកចិត្តទុកដាក់នូវពហុមតិនៅក្នុងសង្គមកម្ពុជា ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលជានិច្ចជាកាល លោកតែងតែមានការសម្របសម្រួល តែងតែមានការអនុគ្រោះច្រើន ទៅដល់មជ្ឈដ្ឋានគេហៅថា ទស្សនៈផ្ទុយនានា ឲ្យតែទស្សនៈនោះ មានហេតុផលគ្រប់គ្រាន់ អាចទទួលយកបាន ហើយវាបម្រើទៅដល់សង្គមជាតិ និងប្រជាជន ហើយគ្មានហេតុផលអ្វីដែលសម្ដេចមិនអាចទទួលយកបានទេ មានតែទស្សនៈមួយចំនួន ដែលមានលក្ខណៈជាការជាន់ឈ្លី ធ្វើឲ្យបែកបាក់ជាតិ ឬក៏បង្កចលាចលសង្គម អាហ្នឹងមិនគួរត្រូវបានអនុគ្រោះទេ»។
អ្នកវិភាគរូបនេះ បានលើកឡើងបន្តថា ចំពោះករណីលោកបណ្ឌិត សេង សារី មានការសម្រេចបែបណានោះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ថាតើគួរបញ្ឈប់ ឬក៏មិនបញ្ឈប់ តាមការអំពាវនាវ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ពីព្រោះសម្ដេចបានស្នើនោះ គឺក្នុងលក្ខណៈឲ្យតុលាការពិចារណាប៉ុណ្ណោះ។
ចំណែកឯលោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកវិភាគមួយរូបដែរនោះ បានសាទរ ក្រោយសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យតុលាការពិចារណា បញ្ឈប់ដីកាតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី ដែលបាននិយាយអំពីសេនារីយោ ៦ចំណុច ពាក់ព័ន្ធនឹងការចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង។ បញ្ញវន្ដខ្មែររូបនេះ បានលើកឡើងថា «ការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ដល់ស្ថាប័នតុលាការនេះក៏ជាកាយវិការមួយ នៅក្នុងការផ្ដល់ឱកាសឲ្យទៅដល់យុត្តិធម៌ ឲ្យលោកបណ្ឌិត សេង សារី ផងដែរ ដោយសារប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ហើយថា សំណេររបស់គាត់ហ្នឹង គ្រាន់តែជាការវិភាគបែបសេនារីយោ ដែលមានហេតុ និងផលដែលអាចទទួលយកបាន»។

ចំពោះការលើកទឹកចិត្ត របស់ប្រមុខរាជរដ្ឋាភិបាល ដែលឲ្យលោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀតនោះ ត្រូវបានលោកបណ្ឌិត ប៉ា ច័ន្ទរឿន យល់ថា គឺជារឿងល្អនៅក្នុងសង្គមប្រជាធិបតេយ្យ។
គួររំលឹកថា ក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា មានបណ្ឌិតមួយរូប ដែលជាអ្នកវិភាគបញ្ហាសង្គម និងនយោបាយនៅកម្ពុជា ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ខណៈដែលបណ្ឌិតរូបនោះ បានលើកឡើង ៦ចំណុច ពាក់ព័ន្ធនឹងការរដ្ឋាភិបាលក្រៅប្រទេស ដោយខុសច្បាប់។ ទោះបីជាសម្ដេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះថា ជាបណ្ឌិតរូបណាក៏ដោយ តែគេដឹងថា ជាលោកបណ្ឌិត សេង សារី ដែលបានលើកឡើង អំពីវិភាគអំពីសេនារីយោ ៦ចំណុច ពាក់ព័ន្ធនឹងការចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ របស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង។

ប៉ុន្តែនៅថ្ងៃទី២០ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារអំពាវនាវ ដល់ស្ថាប័នតុលាការពិចារណាបញ្ឈប់ដីកាតាមចាប់ខ្លួន លោកបណ្ឌិត សេង សារី ដែលបច្ចុប្បន្នកំពុងស្ថិតនៅប្រទេសថៃ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណង នៃការវិភាគអំពីសេនារីយោ ៦ចំណុច កាលពីថ្ងៃទី២១ កក្កដា២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះ មានលក្ខណៈសមហេតុផល និងអាចទទួលយកបាន ក្នុងនាមប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី»។
បន្ថែមពីលើនេះប្រមុខរាជរដ្ឋាភិបាល ក៏បានលើកទឹកចិត្តឲ្យលោកបណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវ និងវិភាគបញ្ហាសង្គមបន្តទៀត ដើម្បីជាប្រយោជន៍ ដល់ការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រសង្គម ហើយក៏បានអំពាវនាវឲ្យភរិយា កូន និងឪពុក-ម្តាយ របស់បណ្ឌិត សេង សារី ផងដែរ កុំឲ្យមានការព្រួយបារម្ភ។ លោកបណ្ឌិត សេង សារី បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយោគយល់ និងស្ដាប់ការបកស្រាយរបស់លោក៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?