ព័ត៌មានជាតិ
អ្នកមានដឹងទេ? រៀងរាល់៦នាទីម្តង មន្ទីរពេទ្យត្រូវការឈាម ១ ប្លោក
ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបង្ហាញថា រៀងរាល់៦នាទីម្តង មន្ទីរពេទ្យក្នុងប្រទេសកម្ពុជាមានតម្រូវការឈាម ១ ប្លោក ដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ ឬអ្នកគ្រោះថ្នាក់ផ្សេងៗ។

ស្ថានភាពត្រូវការឈាមក្នុងឆ្នាំ ២០២០ កន្លងទៅ កម្ពុជាត្រូវការឈាម ១ ប្លោក សម្រាប់ការជួយសង្គ្រោះជីវិតស្ត្រីសម្រាលកូន អ្នកជំងឺវះកាត់ធ្ងន់ធ្ងរ ក៏ដូចជាអ្នកគ្រោះថ្នាក់ផ្សេងៗ រៀងរាល់៦នាទីម្តង។ ជាក់ស្តែងនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ត្រូវការឈាមប្រចាំថ្ងៃប្រមាណ ២០០ ប្លោក។


លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ឱ្យដឹងក្នុងពិធីផ្តល់ឈាមដោយស្ម័គ្រចិត្តនៅស្រុកស្រែអំបិល ខេត្តកោះកុងថា សេចក្តីត្រូវការឈាមទូទាំងប្រទេសមានជិត ១០ ម៉ឺនប្លោកដែលវាលើសពីការរំពឹង បើធៀបនឹងឆ្នាំមុនៗជិត ២០ ភាគរយ ដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ ៧០ ភាគរយនៃការផ្គត់ផ្គង់ឈាម។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បញ្ជាក់នៅថ្ងៃទី ១ ធ្នូថា ចំណែកការទទួលឈាមតាមរយៈសប្បុរសជនដោយមិនគិតថ្លៃ និងដោយស្ម័គ្រចិត្តឆ្លើយតបបានត្រឹមតែ១១ភាគរយប៉ុណ្ណោះ នៃតម្រូវការក្នុងប្រទេសកម្ពុជា ខណៈប្រទេសជិតខាងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត អាចផ្គត់ផ្គង់រហូតដល់លើសពី៩០ភាគរយនៃតម្រូវការ បើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម អះអាងថា បរិបទរងផលប៉ះពាល់ដោយសារជំងឺកូវីដធ្វើឱ្យកម្ពុជាត្រូវការឈាមដដែល ពោលគឺមិនថមថយនោះឡើយ។ ការកើនឡើងយ៉ាងដូច្នេះ ព្រោះតែអត្រាស្ត្រីសម្រាលកូន អ្នកជំងឺវះកាត់ និងការបិទប្រទេសទើបធ្វើអ្នកជំងឺបង្វែលមកទទួលសេវាព្យាបាលនៅក្នុងប្រទេស។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ជំរុញឱ្យដល់ប្រជាពលរដ្ឋ យុវជន និងកម្លាំងប្រដាប់អាវុធ បន្តចូលរួមបរិច្ចាគឈាមយ៉ាងផុលផុសបន្តទៀត ដើម្បីជួយដល់អ្នកជំងឺដែលកំពុងឈាមនៅតាមមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បន្ថែមថា សម្រាប់មូលដ្ឋានខេត្តកោះកុង តម្រូវការព្យាបាលយ៉ាងហោចណាស់ ១០ ប្លោក ករណីចាំបាច់សង្គ្រោះអ្នកជំងឺ ឬអ្នកជួបគ្រោះថ្នាក់ផ្សេងៗ។ ៩ ខែឆ្នាំ ២០២១ នេះ ការផ្គត់ផ្គង់ឈាមទូទាំងប្រទេសកម្ពុជាមានជិត ៧ ម៉ឺនប្លោក ប៉ុន្តែតាមរយៈការផ្តល់ឈាមដោយសប្បុរសជនអ្នកស្ម័គ្រចិត្ត មិនគិតកម្រៃឆ្លើយតម្រូវការបានត្រឹម ៩ ភាគប៉ុណ្ណោះ។ នេះជាការគូសបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

ដោយឡែកលោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល បានចាត់ទុកថា សកម្មភាពនៃការចូលរួមផ្តល់ឈាមស្ម័គ្រចិត្តរបស់ព្រះសង្ឃ កម្លាំងប្រដាប់អាវុធ និងយុវជនមានចំនួន ៣៥០ នាក់នៅថ្ងៃនេះ គឺព្រាបបីដូចជំនួយការគ្រូពេទ្យម្នាក់ដ៏សំខាន់បំផុត សម្រាប់សង្គ្រោះជីវិតអ្នកជំងឺនៅតាមមន្ទីរពេទ្យ។ ការផ្តល់ឈាមនៅថ្ងៃនេះដែរ ក៏មានការផ្តួចផ្តើមបំផុសឡើងរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងផងដែរ ទោះបីជាលោកជំទាវពុំបានចូលរួម។ លោកអភិបាលស្រុកស្រែអំបិល បន្ថែមថា ការបរិច្ចាគឈាមផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពខ្លួនឯង និងសង្គមជាតិ ដោយយើងអាចដឹងពីស្ថានភាពជំងឺនានារួមមាន៖ ជំងឺថ្លើម ស្វាយ អេដស៍។ល។ ហើយលទ្ធផលឈាមត្រូវបានរក្សាការសម្ងាត់ទៀតផង។ ផ្ទុយមកវិញមិនបង្កផលប៉ះពាល់ដល់សុខភាពរស់នៅប្រចាំថ្ងៃនោះទេ៕

អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


