ព័ត៌មានជាតិ
អាល្លឺម៉ង់ ៖ កិច្ចព្រមព្រៀង ៥ចំណុច មានភាពចាំបាច់សម្រាប់ដោះស្រាយ បញ្ហានៅមីយ៉ាន់ម៉ា
នៅក្នុងជំនួបរវាងលោកស្រី ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ាន មានភាពចាំបាច់ សម្រាប់ដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ហើយលោកស្រី ANNALENA BAERBOCK បានសម្តែងការគាំទ្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងបេសកជនពិសេសនៃប្រធានអាស៊ាន ក្នុងការស្វែងរកសន្តិភាព និងបញ្ចប់អំពើហិង្សា នៅមីយ៉ានម៉ា។
នៅក្នុងជំនួបនោះ រដ្ឋមន្ត្រីការបរទេសទំាងពីរ បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ក៏ដូចជាកង្វល់ នៅក្នុងតំបន់ទាំងពីរ។ ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ភាគីទាំងពីរបានឯកភាពគ្នាលើភាពចាំបាច់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ដើម្បីជួយឲ្យប្រទេសនេះ វិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។
ទាក់ទិននឹងបញ្ហានេះ លោកស្រី ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានសម្តែងការគាំទ្រកម្ពុជា ជាប្រធានអាស៊ាន និងបេសកជនពិសេស នៃប្រធានអាស៊ាន ដែលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ ចំណុច ពោលគឺក្នុងការស្វែងរកមូលដ្ឋានរួម ក្នុងការបញ្ចប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ និងការបង្កើតបរិយាកាសអំណោយផល ដើម្បីចាប់ផ្តើមការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។
លោកស្រីរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានបង្ហាញពីឆន្ទៈរបស់អាល្លឺម៉ង់ ក្នុងការចូលរួមក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងអំឡុងពេលពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន លោកស្រី ANNALENA BAERBOCK បានសង្កត់ធ្ងន់អំពីសារសំខាន់ នៃសាមគ្គីភាព និងភាពជាដៃគូរវាង G7 និងអាស៊ាន។ ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការធានាបាននូវសន្តិភាពពិភពលោក និងការរក្សាបាននូវនីតិរដ្ឋ ក្នុងកិច្ចការអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងវិបុលភាពរួមគ្នា។ រដ្ឋមន្ត្រីទាំងពីរ ក៏បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរការគាំទ្រគ្នាទៅវិញទៅមក សម្រាប់បេក្ខភាពរបស់ខ្លួន នៅក្នុងស្ថាប័នអន្តរជាតិ។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលជាទស្សនកិច្ចលើកទី ១ ក្នុងរយៈពេល២៥ ឆ្នាំ បន្ទាប់ពីការផ្លាស់ប្តូរដំណើរទស្សនកិច្ចចុងក្រោយ នៅក្នុងខែមករា ឆ្នាំ ១៩៩៧ ដើម្បីជំរុញទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារផ្លូវការជាមួយលោកស្រី ANNALENA BAERBOCK ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថានភាពនៅមីយ៉ាន់ម៉ា និងនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ ព្រមទំាងប្រធានបទផ្សេងៗជាច្រើនទៀត៕
អត្ថបទ៖ កោះកែវ


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


