Connect with us

សន្តិសុខសង្គម

អាជ្ញាធរខេត្តកណ្ដាល​ចុះសម្អាត​បរិស្ថាន​តាមបណ្តោយ​សួនច្បារ​មាត់ទន្លេបាសាក់​ក្រុងតាខ្មៅ​ត្រៀម​រៀប​ចំ​កម្មវិធី​សង្ក្រាន្ត

បានផុស

នៅ

លោក តាំង ម៉េងលាន​ អភិបាលរងខេត្តកណ្ដាល​នៅព្រឹកថ្ងៃទី ៥ ខែមេសា ២០២២ បានដឹកនាំកង​កម្លាំង​ ចុះធ្វើការ​សម្អាតសំរាម​ និងកំផ្លោក​ នៅ​តាមបណ្តោយ​សួនច្បារ​មាត់ទន្លេ​បាសាក់​ ក្រុង​តាខ្មៅ​ ដើម្បី​សម្រួលដល់​ការបណ្តែតប្រទីប​ និងសោភ័ណភាពទីក្រុង​ ក្នុងកម្មវិធី​សង្ក្រាន្ត​ខេត្តកណ្ដាល ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងការចុះសម្អាត​នេះ លោក​ តាំង​ ម៉េនលាន​ បាន​តម្រូវ​ឱ្យកម្លាំង​ទាំងអស់​ ត្រូវ​រុញ​បោច​កំផ្លោក​ និង​ប្រមូល​សំរាមផ្សេងៗ​ទៀត​ចេញ​ឱ្យអស់​ពីច្រាំងទន្លេ ​ព្រោះការងារ​អនាម័យបរិស្ថាន​នេះគឺជារឿង​សំខាន់​ណាស់ជាមុខមាត់របស់ខេត្ត។

ដូច្នេះកងកម្លាំងទាំងអស់ត្រូវសហការគ្នាសម្អាត ឱ្យបានរួច​រាល់​ឆាប់រហ័សបំផុត សំដៅលើកកម្ពស់សោភ័ណភាពតាម​ដង​ទន្លេ ត្រៀមសម្រាប់រៀបចំសង្ក្រាន្ត​ខេត្តកណ្តាល ដើម្បីអបអរសារទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅបានរលូន ប្រកប​ដោយសុភ័ណភាពស្អាត និងមានបរិស្ថានល្អផងដែរ។

នាឱកាសនោះដែរ លោកអភិបាលរងខេត្តក៏បាន ធ្វើការពន្យល់ណែនាំ និងសម្របសម្រួលដល់​បងប្អូន​ខ្មែរឥស្លាម ដែលមានទូកនេសាទចតតាមច្រាំងទន្លេ សូមមេត្តាជួយសម្រួលដោយនាំគ្នា​ទៅ​ចតនៅទីតាំងផ្សេង ដែលអជ្ញាធរបានកំណត់ ដើម្បីជួយសម្រួលដល់ក្រុមការងារ សម្អាតកំប្លោក និងសំរាមនៅទីតាំងនេះប្រព្រឹត្តទៅបានងាយស្រួល និងឆាប់រហ័ស។

សូមជម្រាបជូនផងដែរថា រដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំសង្រ្កានខេត្តកណ្ដាលនៅក្រុងតាខ្មៅ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ក្នុងកម្មវិធីសង្ក្រាន្តនេះដែរ រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធី​ជាច្រើន​រួមមាន៖ កម្មវិធីតាមបែបសាសនា ពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ ពិធីចម្រើន​ព្រះបរិត្ត សូត្រមន្តលើករាសី របាំបួងសួង និងរបាំត្រុដ ពិធីទទួលទេវតាឆ្នាំថ្មី  ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ។ 

ពិធីកម្សាន្តសប្បាយរួមមាន៖ កម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ចោលឈូង បោះអង្គុយ លាក់កន្សែង ទាញព្រ័ត ស្តេចចង់ជាដើម។

​កម្មវិធីកីឡា មានការប្រកួតកីទ្បាជាច្រើនប្រភេទ រីឯក្នុងពេលរាត្រី មានកម្មវិធីសម្តែងសិល្បៈ រាំស្គរដី ការប្រគុំតន្ត្រីសម័យដោយមានការចូលរួមពីតារាល្បី អមជាមួយនិង ការបណ្តែត​ប្រទីប​លើផ្ទៃទឹក បង្ហោះគោមលើអាកាស បាញ់កាំជ្រួច សួនថតរូបអនុស្សាវរីយ៍មានជាច្រើនទំរង់ ព្រម​ទាំង​មានស្តង់លក់ផលិតក្នុងស្រុកជាច្រើនផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម