ព័ត៌មានជាតិ
ឆែកផ្តល់ជំនួយសម្ភារៈវេជ្ជសាស្រ្តមានតម្លៃជិត៤០ម៉ឺនដុល្លារដល់មនី្ទរពេទ្យកុមារជាតិ
រដ្ឋាភិបាល នៃសាធារណរដ្ឋឆែក បានផ្តល់ជំនួយជាសម្ភារៈឧបករណ៍វេជ្ជសាស្ត្រដែលមានតម្លៃជិត ៤០ ម៉ឺនដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារកនៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ពិធីប្រគល់-ទទួលសម្ភារៈវេជ្ជសាស្រ្តទាំងនោះបានធ្វើឡើង នៅថ្ងៃទី ១៧ ខែឧសភា ក្រោមអធិបតីភាព លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោក ម៉ាទីន វ៉ាវរ៉ា ( Martin Vávra) ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ញឹប អង្គាបុស្ស ទីប្រឹក្សាអមក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា នេះជាលើកទី ៣ ហើយ ដែលមន្ទីរពេទ្យកុមារជាតិ បានទទួលសម្ភារៈឧបករណ៏វេជ្ជសាស្ត្របន្ថែមពីសាធារណរដ្ឋឆែក ដែលមានចំនួន ២៧ មុខ ស្មើនឹង ១២៤ គ្រឿង គិតជាទឹកប្រាក់ចំនួន ៣៨២៦៩៨ ដុល្លារសហរដ្ឋអាមេរិក ជាគម្រោងមួយទៀតដែលបន្តពីគម្រោងមុន ដែលគាំទ្រដោយភ្នាក់ងារអភិវឌ្ឍ នៃសាធារណរដ្ឋឆែក មានឈ្មោះថាជាគម្រោង«ការពង្រឹងសមត្ថភាព នៃការថែទាំសុខភាពមាតា និងទារកនៅអគារសង់ថ្មី» សម្រាប់ផ្នែកសម្ភព និងផ្នែកទារក នៃមន្ទីរពេទ្យកុមារជាតិ។

លោកនាយកមន្ទីរពេទ្យបានបន្តថា លើកទី ១ ឆែក បានសម្ភារៈបរិក្ខារពេទ្យលើកទី ១ ដែលសរុបជាទឹកប្រាក់ជាង ៣០ ម៉ឺនដុល្លារ បានដាក់ឲ្យដំណើរការនៅផ្នែកជំងឺទារក និងផ្នែកជំងឺធ្ងន់នៅដើមឆ្នាំ ២០២០ រួមជាមួយការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពគ្រូពេទ្យ និងគិលានុបដ្ឋាកលើជំនាញព្យាបាលថែទាំជំងឺទារក និងលើកទី ២ ផ្តល់សម្ភារៈបណ្តុះបណ្តាល ចំនួន ៨ មុខ ស្មើនឹង ៤៩ គ្រឿង។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល សង្ឃឹមយ៉ាងមុតមាំថា ធនធានទាំងនេះនឹងជួយដល់មន្ទីរពេទ្យកុមារជាតិឲ្យកាន់តែរឹងមាំ និងមានទំនុកចិត្តខ្លាំងក្នុងការផ្តល់ជូននូវសេវាសុខាភិបាលពេញលេញផ្នែកសម្ភព និងទារក ដែលជួយទាំងស្ត្រីមានផ្ទៃពោះ និងទារកតាំងពីនៅក្នុងផ្ទៃម្តាយ រហូតដល់ប្រសូតចេញ និងថែទាំព្យាបាលបន្តលើបញ្ហាសុខភាពផ្សេងៗរបស់ទារក និងកុមារ ព្រមទាំងជាមជ្ឈមណ្ឌលបណ្តុះបណ្តាលយ៉ាងសកម្ម ស្របតាមទស្សនវិស័យ
និងជំហានអភិវឌ្ឍន៍របស់មន្ទីរពេទ្យកុមារជាតិ ដឹកនាំដោយ លោក ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងការខិតខំប្រឹងប្រែងរបស់សហភាតរ ព្រមទាំងបុគ្គលិកទាំងអស់ផងដែរ។

លោករដ្ឋមន្ត្រីបន្តថា «ខ្ញុំមានសេចក្តីទុកចិត្ត និងកក់ក្តៅយ៉ាងក្រៃលែងចំពោះកិច្ចសហការដ៏ល្អរវាងមន្ទីរពេទ្យកុមារជាតិ ជាមួយសាធារណរដ្ឋឆែក ដែលគាំទ្រដោយភ្នាក់ងារអភិវឌ្ឍ នៃសាធារណរដ្ឋឆែក ក្នុងការអភិវឌ្ឍសេវាសុខភាពមាតា និងទារកដែលបានលេចចេញជាសមិទ្ធផលបន្តបន្ទាប់តាមផែនការដែលបានកំណត់ទុករហូតដល់ថ្ងៃនេះ និងជឿជាក់ថាកិច្ចសហប្រតិបត្តិការដ៏គំរូនេះនៅតែបន្តជានិរន្ត»។

ចំណែក លោក ម៉ាទីន វ៉ាវរ៉ា ( Martin Vávra) ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថា តាមរយៈជំនួយសម្ភារៈឧបករណ៍វេជ្ជសាស្ត្រទាំងនេះ នឹងជួយលើកកម្ពស់សុខុមាលភាពមាតាទារក និងកុមារនៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


