ព័ត៌មានជាតិ
អ្នកជំនាញថា កត្តាខ្លួនឯងផ្ទាល់ គឺជាបញ្ហាចម្បងដែលបណ្តាលឱ្យនិស្សិតរៀនចប់ ធ្វើការបានប្រាក់ខែទាប
ប្រទេសមួយអាចខ្លាំងទៅបានលុះត្រាតែសម្បូរទៅដោយធនធានមនុស្សតាមរយៈប្រព័ន្ធអប់រំចាប់តាំងពីថ្នាក់បឋមសិក្សារហូតដល់ឧត្តមសិក្សា។ ជាមួយគ្នានេះ គេក៏មិនអាចមើលរំលងដែរពីបញ្ហាកត្តាខ្លួនឯង គ្រួសារ និងសង្គម។ អ្នកជំនាញបញ្ហាអប់រំ និងសង្គមខ្លះនៅកម្ពុជា បានកត់សម្គាល់ឃើញថា បញ្ហាខ្លួនឯងផ្ទាល់ គឺជាកត្តាចម្បងបំផុតក្នុងការអភិវឌ្ឍសមត្ថភាពបុគ្គលខ្លួនឯងឲ្យពូកែ ឲ្យខ្លាំង។ ដូចគ្នាដែរ បញ្ហាខ្លួនឯងផ្ទាល់នេះ ក៏ជាកត្តាធ្វើឲ្យនិស្សិតមួយចំនួនមិនអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ហើយពេលបញ្ចប់ការសិក្សា ក៏មិនទទួលបានការងារធ្វើ ឬធ្វើការងារដែលទទួលបានប្រាក់ខែទាប។

កញ្ញា ឃុត មាលា ដែលអ្នកបង្កើតវេទិកានៅលើបណ្តាញសង្គម(Khut Mealea) បានចែករំលែកពីបទពិសោធន៍នៃកំហុសដែលធ្លាប់សាងឡើងកាលជាសិស្សនៅលើហ្វេសប៊ុកផេករបស់ខ្លួនថា មានកត្តាធំៗ៥ បណ្តាលឱ្យពេលរៀនចប់គ្មានការងារល្អធ្វើ ឬប្រាក់ខែទាប។ កំហុសទី១ គឺ ការរើសមុខជំនាញខុសតាមតែអំពើចិត្តរបស់ខ្លួនឯង ដោយខ្វះអ្នកប្រឹក្សាយោបល់ ក៏ដូចជាស្វែងយល់ពីស្តង់ដារទីផ្សារ ចំពោះមុខជំនាញពិតប្រាកដ ជាពិសេសអំឡុងពេលរៀននៅវិទ្យាល័យ។ ចំណុចបន្ទាប់ គឺមិនបានរៀបចំផែនការអនាគតពេលរៀនចប់ អំឡុងពេលជានិស្សិត “រៀនដើម្បីឱ្យតែចប់” លុះពេលនោះមកដល់ទើបដឹងខ្លួនថារៀនចប់ដូចគ្នា ប៉ុន្តែអ្នកផ្សេងមានការងារធ្វើ មានគោលដៅច្បាស់លាស់ ប៉ុន្តែខ្លួនមានតែសញ្ញាបត្រ។

ចំណែកឯ ចំណុចទី ៣ មិនរៀនជំនាញបន្ថែម មិនអភិវឌ្ឈខ្លួនឯង ដូចជា រៀនកាត់តរូបភាព វីដេអូ និងរៀនភាសាបន្ថែម និងទី៤ មិនមានភាពក្លាហាន និងសង្ស័យលើសមត្ថភាពរបស់ខ្លួនឯង ធ្វើនេះមិនហ៊ាន ធ្វើនោះមិនកើត។ ចំណុចចុងក្រោយគឺ វង្វេង មិនចំណាយពេលស្វែងយល់ពីខ្លួនឯង មិនស្គាល់ខ្លួនឯង។ នេះបើតាមការបញ្ជាក់បន្ថែមរបស់កញ្ញា ឃុត មាលា នៅលើទំព័រហ្វេសប៊ុក Khut Mealea របស់នាង។
ទាំងអស់នេះ គឺជាបញ្ហាដែលនិស្សិតខ្លួនឯងបង្កឡើងនៅក្នុងពេលរៀនវិទ្យាល័យ និងមហាវិទ្យាល័យ។ ដូច្នេះ ដើម្បីកែច្នៃបញ្ហាទាំងនេះ តើនិស្សិតគ្រប់រូបគួរតែធ្វើយ៉ាងណា? ហើយ ត្រូវធ្វើដូចម្តេច ដើម្បីទទួលបានការងារល្អ មានប្រាក់ខែខ្ពស់ ក្រោយបញ្ចប់ការសិក្សា? លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិIkey បាននិយាយថា វាអាស្រ័យលើកត្តា៤យ៉ាងគឺ សេដ្ឋកិច្ចដើរល្អ ការយល់ដឹងរបស់និស្សិត និងអ្នករកស៊ី ចំណេះជំនាញយុវជន និងផ្លូវដើរសមភាពរបស់អ្នកបន្តវេន។

លោក ម៉ិច សីហា បានលើកឡើងថា៖ “ការងារល្អរបស់យុវជនកើតទ្បើងបាន ដោយសេដ្ឋកិច្ចដើរល្អ សេដ្ឋកិច្ចកាន់តែខ្ពស់លទ្ធភាពការងាររបស់គាត់កាន់តែល្អ ប្រសិនបើសេដ្ឋកិច្ចធ្លាក់ទោះហៅទេវតាមកជួយរកស៊ី មកផ្តល់ឱកាសការងារដល់យុវជនក៏ពិបាកដែរ ប៉ុន្តែបើសេដ្ឋកិច្ចដើរខ្លាំង ទោះអ្នករកស៊ីចង់ខាតក៏ខាតមិនកើត យុវជនចង់អត់ការងារធ្វើក៏ទៅមិនរួចដែរ”។ បើតាមអគ្គនាយករូបនេះ និស្សិត និងអ្នករកស៊ី ត្រូវយល់ដឹងច្បាប់ការងារ ដោយដឹងពីលទ្ធភាពប្រើបុគ្គលិកត្រូវកន្លែងជំនាញរបស់គាត់ ដោយអ្នករកស៊ីគួរពិភាក្សាជាមួយអ្នកជំនាញរៀបចំរចនាសម្ព័ន្ធការងារ។ ជាពិសេស យុវជន គួររៀនផងធ្វើការងារផង ផ្តល់ខ្លួនឯងហាត់ការងារចំជំនាញខ្លួន បានរៀនក្នុងឆ្នាំដំបូងគួរមើលបទពិសោធន៍ និងដើរតាមខ្សែបណ្តោយការងារ ចៀសវាង ទុកខ្លួនឯងចោល រស់ក្នុងក្តីស្រមៃហើយធ្វើខ្លួនឯងដើរចូលអបាយមុខ វិនាសគ្រួសារ និងប្រទេសជាតិ។
លោកបន្តទៀតថា ផ្លូវដើរសមភាពសម្រាប់អ្នកបន្តវេន គឺសំខាន់ដោយគ្រប់វិស័យទាំងរដ្ឋ និងឯកជន ត្រូវរៀបចំផ្តល់ឱ្យយុវជនមានឱកាសបញ្ចេញស្នាដៃ ទទួលខុសត្រូវ ឈានទៅពង្រីកលទ្ធភាពពាណិជ្ជកម្មកាន់ច្រើនទ្បើងៗ ដើម្បីជាផ្ទះសេដ្ឋកិច្ចដ៏ធំសម្រាប់យុវជនមានការងារល្អៗធ្វើ។ “គ្រប់យ៉ាងដែលកើតចេញពីការសម្រេចរបស់និស្សិត គឺជាចេតនាទាំងអស់គ្មានអ្វីដែលថាជាអចេតនាទេ ព្រោះគាត់ជាយុវជន និងយុវនារីហើយ ដោយចាប់ពីអាយុ ១៨ ឆ្នាំទ្បើងទៅ គឺសិទ្ធិដែលបុគ្គលម្នាក់សម្រេចដោយខ្លួនឯង លទ្ធផលសម្រេចយ៉ាងណាយុវជនគួរតែរីករាយទទួលយកវា”។ លោក ម៉ិច សីហា បញ្ជាក់ដូច្នេះ។

បើតាមលោក ម៉ិច សីហា យុជនគួរស្តាប់ និងយកយោបល់ពីរាមច្បង មុនសម្រេចចិត្ត ហើយបើមិនដូចចិត្ត សូមកុំបន្ទោសអ្នកដទៃ ព្រោះយុវជនច្រើនប្រើវប្បធម៌យករួចខ្លួន អ្វីល្អគាត់យក អ្វីអាក្រក់មកពីអ្នកនេះ មកពីអ្នកនោះ។ សម្រាប់អគ្គនាយកវិទ្យាស្ថានអន្តរជាតិIkey ដើម្បីចៀសវាងភាពតែលតោល គ្មានគោលដៅពេលដែលរៀនចប់ទៅ សិស្ស និងនិស្សិតដែលកំពុងសិក្សា គួរតែគិតគូររៀបចំផែនការនាពេលអនាគតជាបណ្តើរៗ កុំព្រងើយកន្តើយទុកឱ្យពេលវេលាហួសទៅឥតប្រយោជន៍ ជាពិសេស ត្រូវរៀនស្វែងយល់ពីខ្លួនឯង រួមជាមួយទំនួលខុសត្រូវ ជំនួសឱ្យការបន្ទោសអ្នកដទៃ ប៉ុន្តែភ្លេចគិតពីកត្តាខ្លួនឯងផ្ទាល់៕
ដោយ៖ វង់ លីលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


