សុខភាព
ស្វែងយល់ពីឬសគល់ និងដំណោះស្រាយ ចំពោះកុមារមានវិបត្តិអត្តចរិតរឹងរូស
កុមារដែលមានវិបត្តិអត្តចរិតរឹងរូស ឬហៅយ៉ាងសាមញ្ញថា ក្បាលរឹង មិនស្តាប់បង្គាប់ឪពុកម្តាយ ជាមួយនឹងការឆាប់ខឹងច្រឡោតនៅពេលពួកគេមិនសមតាមបំណង ឬអ្នកនៅជុំវិញខ្លួនមិនធ្វើតាមអំពើចិត្ត អាចលេចឡើងដោយសារបញ្ហាសម្ពាធលក្ខខណ្ឌពីកំណើត ឬកត្តាផ្សែផ្សំពីមជ្ឈដ្ឋានខាងក្រៅផ្សេងៗ ដែលអាចវិវត្តជាជំងឺផ្លូវចិត្តមួយ និងបង្កជាទុក្ខទោសធ្ងន់ធ្ងរនៅពេលពួកគេធំដឹងក្តី ។ អាណាព្យាបាលត្រូវស្វែងរកឬសគល់ចំពោះវិបត្តិអាកប្បកិរិយារបស់កូនៗ ដោយពិនិត្យមើលសកម្មភាព ទម្លាប់ចិញ្ចឹមកូនឡើងវិញ ឬប្រញាប់ជួបជាមួយគ្រូពេទ្យជំនាញ បើសិនជាកូនរបស់ពួកគាត់មានភាពមិនប្រក្រតីត្រង់ផ្នែកអត្តចរិតណាមួយគួរឱ្យកត់សម្គាល់ ដើម្បីទទួលបានដំណោះស្រាយមានប្រសិទ្ធភាព និងសុវត្ថិភាព។

លោកស្រីវេជ្ជបណ្ឌិត ដាំង គីមហ័រ ឯកទេសខាងវិកលវិទ្យានៅទំព័រហ្វេសប៊ុកស្ថានីយអារម្មណ៍បាននិយាយថា កត្តាដែលចូលរួមបង្កឱ្យក្មេងធំឡើងរឹងរូស ឆាប់ខឹងឆេវឆាវ មានពីរធំៗ គឺរបៀបនៃការចិញ្ចឹមបីបាច់ក្មេង និងកត្តាបុគ្គលិកលក្ខណៈពីធម្មជាតិ។ បើសិនករណីក្មេងមិនធ្លាប់បានឆ្លងកាត់កត្តាទាំងពីរខាងលើទេ វាក៏អាចបណ្តាលមកពីការផ្លាស់ប្តូររូបរាងកាយ ឬបម្រែបម្រួលអរម៉ូននៅពេលពេញវ័យ ។
អ្នកជំនាញរូបនេះបន្តថា អ្នកដែលអាចជួយកុមារឱ្យចៀសចេញពីបញ្ហានេះច្រើនជាងគេគឺ អ្នកដែលចំណាយពេលនៅជិតកុមារជាប្រចាំ អាចជា ឪពុកម្តាយ អាណាព្យាបាល សាច់ញ្ញាតិ បងប្អូន គ្រូបង្រៀន។ ឪពុកម្តាយត្រូវធ្វើជាគំរូ ដោយសម្តែងឥរិយាបថ ទម្លាប់ល្អៗដល់កូន និងកសាងផ្ទះជាទីកន្លែងកក់ក្តៅ ពោរពេញដោយក្តីស្រឡាញ់ ប៉ុន្តែមិនគួរតាមចិត្តកូនជ្រុលពេក ឬគ្រប់គ្រងសិទ្ធសេរីភាពកូនគ្រប់បែបយ៉ាងឡើយ។

អ្នកឯកទេសវិកលវិទ្យាខាងលើ និយាយដូច្នេះថា៖ “ក្នុងនាមជាអាណាព្យាបាល នៅពេលណាដែលកូនមិនស្តាប់បង្គាប់ រឹងរូស គាត់តែងតែមានអារម្មណ៍មួយគឺ ខឹង ឆេវឆៅ ម៉ួរម៉ៅ នៅពេលនឹងដែរសូមផ្តាំទៅអាណាព្យាបាលគ្រប់រូបឱ្យធ្វើចិត្តឱ្យត្រជាក់សិនទើបហៅកូនមកនិយាយមូលហេតុពីសកម្មភាពទាំងអស់នឹង។ ពេលខ្លះយើងអាចដឹងស៊ីជម្រៅ អាចដឹងពីមូលហេតុដែលយើងមើលមិនឃើញនៅក្នុងចិត្តរបស់ពួកគាត់ ចៀសវាងប្រើប្រាស់អំពើហិង្សា ដែលធ្វើឱ្យកូនកាន់តែរឹងរូស”។
ដោយឡែក លោក ហឿ សេធុល ជាអ្នកប្រឹក្សាយោបល់ផ្លូវចិត្តនអង្គការក្រៅរដ្ឋាភិបាល Cambodian Children’s Fundវិញបាននិយាយថា បញ្ហានៃអត្តចរិករឹងរូសនេះ វាមានលក្ខណៈខុសគ្នាអាស្រ័យទៅតាមក្រុមអាយុ។ ចំពោះក្មេងដែលមានអាយុក្រោម១០ ឆ្នាំ ស្ថិតនៅក្នុងកម្រិតក្មេងខ្ចី ហើយភាពរឹងរូសរបស់កុមារអាចបង្កមកពីហេតុផលផ្សេងៗគ្នា។

បើតាមគ្រូពេទ្យផ្លូវចិត្តរូបនេះ កត្តាដែលបង្កឱ្យក្មេងមានវិបត្តិអត្តចរិតរឹងរូស ងាយនឹងតានតឹង តប់ប្រម៉ល់អាចបណ្តាលមកពីលក្ខខណ្ឌជាច្រើន ដូចជាបញ្ហារីកលូតលាស់ពីកំណើត កត្តាហ្សែននេទិច តំណរពូជពីអ្នកជំនាន់មុន បរិយាកាស ទម្លាប់ហូបចុកចំណីអាហារ និងរបៀបរបបនៃការរស់នៅ ដែលលេចចេញជាជំងឺ Anxious children, ADHD (Attention-deficit hyperactivity disorder) អូទីហ្សឹម (Autism) និងច្រើនទៀត។
“ករណីកុមារធំធាត់ឡើងនៅក្នុងគ្រួសារមួយដែលទំយើ បានន័យថាគ្រួសារដែលផ្តល់លក្ខខណ្ឌការរស់នៅតាមទំនើងចិត្ត តាមការចង់បាន ក្មេងអាចនឹងរឹងរូសធ្វើអីតាមតែអំពើចិត្ត។ នៅក្នុងលក្ខខណ្ឌនឹងគ្រួសារត្រូវតែផ្លាស់ប្តូរទម្លាប់នៃរបៀបចិញ្ចឹមបីបាច់របស់ខ្លួន ទើបផ្លាស់ប្តូរអត្តចរិតរបស់កូននឹងបាន កាន់តែលឿនកាន់តែល្អ បើសិនជាទុកឱ្យគាត់កាន់តែពេញវ័យជាមួយវិបត្តិអត្តចរឹតបែបនេះ នឹងមិនងាយផ្លាស់ប្តូរគាត់បានទេ”។ លោក បញ្ជក់បែបនេះ។
ប៉ុន្តែអ្នកជំនាញដដែលបានណែនាំឱ្យអាណាព្យាបាលជួបពិភាក្សាជាមួយអ្នកឯកទេស អ្នកជំនាញ បើនៅក្នុងលក្ខខណ្ឌក្មេងនោះ មានវិបត្តិអត្តចរិតដោយសារការអភិវឌ្ឍយឺតយ៉ាវផ្នែកណាមួយតាំងពីកំណើត ដោយចៀសវាងឪពុកម្តាយធ្វើការសន្និដ្ឋានតាមការយល់ឃើញរបស់ខ្លួន៕
ដោយ៖ វង្ស លីលី

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា