ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ៖ ការរៀនជំនាញបច្ចេកទេសនៅកម្ពុជា នៅមានកម្រិតមិនទាន់ឆ្លើយតបទីផ្សារការងារនៅឡើយ
មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការចុះឈ្មោះចូលរៀនផ្នែកជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅមានកម្រិត និងមិនទាន់ឆ្លើយតបសម្រាប់ផ្គត់ផ្គងកម្លាំងពលកម្មជំនាញទៅតាមតម្រូវការទីផ្សារនៅឡើយ ខណៈបច្ចុប្បន្នមានសិស្ស និស្សិតកំពុងសិក្សាជំនាញនេះប្រមាណជាង៥ម៉ឺននាក់ប៉ុណ្ណោះ។

ថ្លែងក្រោយសិក្ខាសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពីលទ្ធផលនៃការអង្កេតវាស់វែងជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ពីកម្រិត១ ដល់កម្រិត៤ នៃក្របខ័ណ្ឌគុណវុឌ្ឍុជាតិកម្ពុជានៅព្រឹកថ្ងៃទី៤ ខែសីហា នៅសណ្ឋាគារសាន់វ៉េ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តថា ការរៀនជំនាញបច្ចេកទេសនៅមានកម្រិតនេះ មិនមែនមានតែនៅកម្ពុជាទេ ពោលគឺគ្រប់ប្រទេសទាំងអស់អ្នកដែលចុះឈ្មោះចូលរៀននៅប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស គឺមានអត្រាទាប និងគ្រប់កន្លែងទាំងអស់ព្រោះថា ជំនាញទាំងនេះតាំងពីដើមមកចិត្តសាស្ត្ររបស់សង្គមយើងគេតែងតែគិតថា ការងារធ្វើដោយដៃ ដូចជាជាងសំណង់ និងជួសជុលរថយន្តជាដើម គេមិនសូវជាឱ្យតម្លៃច្រើនទេ។

លោកបណ្ឌិតបានបន្ថែមថា «សួរថា ក្នុងគ្រួសារមួយមានលទ្ធភាពតើនរណាចង់បញ្ជួនកូនទៅរៀននៅធីវ៉េតអត់ទេ គេ
ឱ្យទៅរៀននៅមហាវិទ្យាល័យ សាកលវិទ្យាល័យ។ ដូច្នេះអ្នកដែលរៀននៅក្នុងធីវ៉េតភាគច្រើនបងប្អូនយើងដែលមួយចំនួនមិនមានលទ្ធភាពរៀនទៅលើបានដោយសារបញ្ហាសេដ្ឋកិច្ច បញ្ហាជួយគ្រួសារ ពេលចប់មធ្យមសិក្សាបឋមភូមិត្រូវចេញធ្វើការដើម្បីជួយឪពុកម្តាយ។ អីចឹងទេ មានតែអ្នកទាំងអស់នោះទេចូលរៀននៅធីវ៉េត»។

លោកបណ្ឌិតបញ្ជាក់ទៀតថា សព្វថ្ងៃជួបការលំបាកប៉ុណ្ណឹងតែទៅថ្ងៃអនាគតជួបការលំបាកជាងនឹងទៅទៀតដោយសារវិបត្តិនានាដូចជាជំងឺកូវីដ១៩ សង្គ្រាមរុស្សី អ៊ុយក្រែន ធ្វើឱ្យស្បៀងអាហារឡើងថ្លៃ ថាមពលឡើងថ្លៃ ធ្វើឱ្យគ្រួសារក្រីក្រកាន់តែច្រើន។ ដូច្នេះបើគ្រួសារក្រីក្រពួកគាត់មិនបញ្ជួនកូនចៅមករៀននោះទេ ដែលនឹងធ្វើឱ្យអត្រាចុះឈ្មោះចូលរៀនក្នុងវិស័យធីវ៉េតកាន់តែថយចុះថែមទៀត។
លោកបណ្ឌិតបានបន្ថែមថា ការទទួលបានការអប់រំតិចតួចក្នុងចំណោមយុវជនដែលកំពុងធ្វើការងារកំពុងជួបប្រទះការប្រឈមទាក់ទងនឹងការវិវត្តពីការអប់រំកម្រិតបឋមទៅកាន់មធ្យមសិក្សាដែលមានគុណភាពទាប បង្កឱ្យមានភាពមិនស៊ីគ្នាខ្លាំងនៃជំនាញទាំងប្រភេទ និងកម្រិតនៃជំនាញកម្លាំងពលកម្មដែលពួកគាត់មាននិងជំនាញដែលនិយោជកចង់បាន។
លោកបណ្ឌិតបានបញ្ជាក់ថា «តែយើងបានត្រៀមទុកប៉ាន់ប្រមាណមើលដែរដូច្នេះយើងនឹងធ្វើឱ្យបព័ន្ធធីវ៉េតយើងកាន់តែទន់សភ្លន់ដោយសិស្សនិស្សិតមិនចាំចាប់រៀននៅសាលាទេ ដោយអាចរៀនពីចម្ងាយតាមអនឡាញបាននៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។

យ៉ាងណាក៏ដោយ លោកបណ្ឌិតបានបន្តទៀតថា មានប្រទេសជឿនលឿនមួយចំនួនមានសិស្សនិស្សិតចូលរៀនច្រើន
ដោយសាររដ្ឋាភិបាលមានគោលនយោបាយ និងការវិនិយោគច្រើន ។ លោកបណ្ឌិតបានបន្ថែមទៀតថា វិស័យធីវ៉េតនេះគឺជាផ្លូវ ឬជាមាគ៌ាមួយដ៏សំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្របានយ៉ាងខ្លីនិងឆាប់រហ័សតាមរយៈការរៀនជំនាញខ្លីៗនិងជំនាញវែង។
ពាក់ព័ន្ធនឹងសិក្ខាសាលាវិញ លោក ថង សាម៉ុន ទីប្រឹក្សាអមក្រសួងនិងជាអគ្គនាយករង អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងជាប្រធានសម្របសម្រួលគម្រោង ធីវ៉េត អេសឌីភី (TVETSDP) បានបញ្ជាក់ថាលទ្ធផលអង្កេតវាស់វែងជំនាញ ដែលត្រូវបង្ហាញនៅក្នុងសិក្ខាសាលានេះផ្តោតសំខាន់លើវិស័យអាទិភាពចំនួន៤ រួមមាន៖
មេកានិករថយន្ត, សំណង់,អគ្គិសនី, និងវិស័យកម្មន្តសាល ដើម្បីផលិតកម្លាំងពលកម្មជំនាញឱ្យកាន់តែមានភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
គួរបញ្ជាក់ថា តាមរយៈកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ទទួលការគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)និងទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងអង្គភាពសម្របសម្រួលគម្រោង
ក្នុងគោលបំណងដើម្បីសិក្សាឱ្យដឹងច្បាស់ពីស្ថានភាពការងាររួមទាំងផលិតភាពការងាររបស់សិស្សនិស្សិតដែលបានបញ្ចប់ការសិក្សា និងប្រតិសកម្ម(Feedback) ពីនិយោជកដើម្បីជាមូលដ្ឋានយកទៅរៀបចំផែនការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន
និងពេលអនាគត ទាំងក្នុងស្រុក និងក្នុងតំបន់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


