ព័ត៌មានជាតិ
រាជរដ្ឋាភិបាល សង់ចេតិយតម្កល់អដ្ឋិធាតុអតីតយុទ្ធជន៤៩រូបដែលពលីជីវិតនៅវៀតណាមក្នុងសម័យ ប៉ុល ពត
រាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ចេតិយតម្កល់អដ្ឋិធាតុអតីតយុទ្ធជន៤៩រូបដែលបានពលីជីវិតនៅក្នុងប្រទេសវៀតណាមក្នុងសម័យប៉ុល ពត បន្ទាប់ពីរកសាច់ញាតិ និងក្រុមគ្រួសាររបស់ពួកគេមិនឃើញជាច្រើនឆ្នាំរួចមក។ ចេតិយតម្កល់អដ្ឋិធាតុនេះ ត្រូវបានសាងសង់ឡើងនៅក្នុងតំបន់ X-16 ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនជាមួយប្រទេសវៀតណាម។

អដ្ឋិធាតុរបស់យុទ្ធជនកម្ពុជាទាំង៤៩រូបនេះ បានតម្កល់ទុកនៅលើទឹកដីខេត្តដុងណាយ ប្រទេសវៀតណាម រាប់សិបឆ្នាំមកហើយ ខណៈជាច្រើនឆ្នាំមកនេះរកសាច់ញាតិ និងក្រុមគ្រួសាររបស់ពួកគេមិនឃើញ។ ដូច្នេះ ដើម្បីតបស្នងសងគុណចំពោះយុទ្ធជនពលីទាំងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចស្នើឱ្យធ្វើមាតុភូមិនិវត្តមកកម្ពុជាវិញនូវអដ្ឋិធាតុរបស់ពួកគេ ដោយតម្កល់នៅក្នុងតំបន់ X-16។

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ចេតិយតម្កល់អដ្ឋិធាតុ និងជាស្តូបរំលឹកគុណយុទ្ធជនកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនៅថ្ងៃទី២០ ខែសីហានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង សម្រាប់ការរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនចំនួន៤៩រូប បានមានប្រសាសន៍ថា ក្រុមការងារអន្តរក្រសួង បានចាប់ផ្តើមនូវផែនការនៃការសាងសង់ចេតិយតម្កល់អដ្ឋិធាតុជាមុនសិន ដោយប្រើប្រាស់រយៈពេលសាងសង់យូរយ៉ាងហោច៧ខែ។ រីឯ អ្នកដែលទទួលខុសត្រូវសាងសង់ គឺលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបច្ចេកទេស។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការសាងសង់ចេតិយតម្កល់អដ្ឋិធាតុនេះ គឺជាការឆ្លើយតបចំពោះគុណូបការៈ ពលីរបស់យុទ្ធជនចំនួន៤៩រូប ដែលរួមចំណែកក្នុងដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្តេចថា ការកំណត់ទីតាំងសាងសង់នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម ដោយសារទីតាំងប្រវត្តិសាស្ត្រនេះ គឺជាកន្លែងបញ្ចុះសពយុទ្ធជន កម្មាភិបាលពលី អតីតអង្គភាព១២៥ ចំនួន ៤៩នាក់ ដែលបានបូជាជីវិតក្នុងបុព្វហេតុរំដោះប្រទេសជាតិ និងអាយុជីវិតប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

អង្គភាព១២៥ គឺជាឈ្មោះ អង្គភាពដំបូងនៃកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ជាចំណុចចាប់ផ្តើមដំបូងគេបង្អស់ នៃចលនាតស៊ូរបស់កម្ពុជា ចេញពីប្រទេសវៀតណាម ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន មុននឹងឈានដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ សម្តេចពិជ័យសេនាបានបញ្ជាក់ថា បន្ទាប់ពីការសាងសង់បានបញ្ចប់នាខែឧសភា ឆ្នាំ២០២៣ ក្រុមការងារអន្តរក្រសួង នឹងរៀបចំពិធីតម្កល់អដ្ឋិធាតុយុទ្ធជនទាំង ៤៩រូប អំឡុងបំណាច់ឆ្នាំ២០២៣ ក្នុងឱកាសខួបលើកទី៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕
ដោយ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ