ព័ត៌មានជាតិ
ព្រះតេជព្រះគុណ សាន សុជា ជាព្រះសង្ឃទី២របស់កម្ពុជា ដែលបានជួបពិភាក្សាដោយផ្ទាល់ជាមួយសម្តេច ប៉ាប
ព្រះតេជព្រះគុណ សាន សុជា គឺជាព្រះសង្ឃកម្ពុជាទី២ ដែលបានចូលជួបជាមួយសម្តេច ប៉ាប ក្នុងឆ្នាំ២០២៣នេះបន្ទាប់ពីជាង ៣០ឆ្នាំមុន សម្តេច ប៉ាប បានជួបជាមួយនឹងសម្តេចព្រះមហាឃោសនន្ទ វ៉ា យ៉ាវ ក្នុងឆ្នាំ១៩៨៦។

ព្រះតេជព្រះគុណ សាន សុជា ត្រូវបានប្រជាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស ចាត់ទុកថា ជាបញ្ញវន្តមួយរូបដែលមានចំណេះដឹងខ្ពស់ផ្នែកព្រះធម៌ ហើយសព្វថ្ងៃ ព្រះអង្គគង់នៅទីក្រុង មែលប៊ន ប្រទេសអូស្ត្រាលី។ ព្រះអង្គ បានចូលជួបជាមួយសម្តេច ប៉ាប នៅវិមានវ៉ាទីកង់ ប្រទេសអ៉ីតាលី កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅ។ ក្នុងជំនួបនេះ ព្រះតេជព្រះគុណ សាន សុជា តំណាងឱ្យព្រះពុទ្ធសាសនាបានជួបជាមួយសម្តេចប៉ាប ដោយបានលើកឡើងទៅលើបញ្ហាសាសនា និងបរិស្ថាន ដែលពិភពលោកកំពុងតែជួបប្រទះសព្វថ្ងៃនេះ។

ព្រះតេជព្រះគុណ សាន សុជា ក៏បានលើកឡើងពីភាពចុះសម្រុង និងសាមគ្គីភាពនៃសាសនាផ្សេងៗបញ្ចូលគ្នា រួបរួមគ្នាដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងជួយសង្គ្រោះផែនដី ឱ្យរួចផុតពីគ្រោះអាក្រក់ផ្សេងៗ។ ព្រះអង្គ មានថេរដីកាបន្តថា ជំនួបនេះ គឺបង្ហាញពីភាពស្និតស្នាល មេត្រីភាព និងការរួបរួមបន្ថែមទៀតរវាងសាសនាព្រះពុទ្ធ និងសាសនាគ្រិស្ត។
ដោយឡែក ព្រះសង្ឃទី១ តំណាងឱ្យសាសនាព្រះពុទ្ធនៅកម្ពុជាដែលបានជួបដោយផ្ទាល់ជាមួយសម្តេចប៉ាប នៅឆ្នាំ១៩៨៦ គឺសម្តេចព្រះមហាឃោសនន្ទ វ៉ា យ៉ាវ ។ នៅឆ្នាំ១៩៨៦ ព្រះអង្គ ត្រូវបាននិមន្តឱ្យចូលរួមនៅក្នុងទិវាបួងសួងសុំសន្តិភាពជាមួយអ្នកដឹកនាំសាសនាពិភពលោកផ្សេងៗ ក្នុងគោលបំណងពិភាក្សាពីការកសាងសន្តិភាពពិភពលោក ដោយឈរលើមូលដ្ឋានសាសនា។
សម្តេចព្រះមហាឃោសនន្ទ ប្រសូតក្នុងត្រកូលកសិករមួយនៅឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ នៅឆ្នាំ១៩២៥។ ព្រះអង្គបានសុគត នៅ Northampton រដ្ឋ Massachusetts នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០០៧ ក្រោមការសោកស្ដាយយ៉ាងធំធេងពីពុទ្ធសាសនិកទាំងក្នុង និងក្រៅប្រទេស ។ ព្រះអង្គ ជាអ្នកប្រាជ្ញមួយអង្គដែលចូលរួមចំណែកយ៉ាងខ្លាំងក្នុងការរួបរួម និងផ្សព្វផ្សាយសាសនាឱ្យកាន់តែមានភាពទូលំទូលាយ។ ព្រះអង្គ ក៏បានបញ្ចប់ការសិក្សាពីក្នុង និងក្រៅប្រទេសច្រើនផងដែរ។


ក្រៅពីជួបជាមួយព្រះសង្ឃកម្ពុជា កាលពីអតីតកាល សម្តេច ប៉ាប ក៏ធ្លាប់ទទួលជាមួយសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជាផងដែរនៅក្នុងឆ្នាំ១៩៥០។ ដោយឡែក នៅក្នុងឆ្នាំ២០២៣នេះ អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន គឺជាបញ្ញវន្តកម្ពុជាមួយរូបដែលមិនមែនជាព្រះសង្ឃ បានជួបជាមួយសម្តេច ប៉ាប នៅអ៊ីតាលី។


គួរបញ្ជាក់ថា សម្តេច ប៉ាបហ្វ្រង់ស៊ីស ត្រូវបានគេតែងតាំងជាសម្តេច ប៉ាប ទី២៦៦ ឬមេដឹកនាំសាសនាគ្រិស្តលំដាប់កំពូលនៃវិហាររ៉ូម៉ាំងកាតូលិករបស់ពិភពលោក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ ក្នុងជន្មាយុ ៧៦ព្រះវស្សា។ សម្តេចប៉ាបហ្វ្រង់ស៊ីស ទទួលបានការគោរពយ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងពិភពលោក ទាំងថ្នាក់ដឹកនាំ និងមហាជនទូទៅ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


