Connect with us

កីឡា

ព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តបណ្ដាក់ជាក្រុម V-Active Fun Run នៅខេត្តព្រះសីហនុ ប្រព្រឹត្តទៅយ៉ាងរីករាយ ក្រោមវត្តមានអ្នកចូលរួមយ៉ាងច្រើនកុះករ

បានផុស

នៅ

ខេត្ត​ព្រះសីហនុ ៖ ព្រឹត្តិការណ៍​រត់​ប្រណាំង​កម្សាន្ត​បណ្ដាក់​ជា​ក្រុម V-Active Fun Run ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដើម្បី​អបអរសាទរ​ការ​ដាក់​ឲ្យ​ដំណើរការ​ភេសជ្ជៈ​កីឡា វី អាក​ទីវ បាន​បញ្ចប់​ទៅ​យ៉ាង​ជោគជ័យ និង​សប្បាយ​រីករាយ ក្រោម​វត្តមាន​អ្នក​ចូលរួម​យ៉ាង​ច្រើន​កុះករ នា​ទឹកដី​តារា​រះ​នា​ទិស​និរតី ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​មករា ឆ្នាំ ២០២៣។ នេះ​គឺជា​លើក​ទី​មួយ​ដែល​មាន​ការ​រៀបចំ​កីឡា​រត់​ប្រណាំង​បណ្ដាក់​ជា​ក្រុម​ឡើង នាំមក​នូវ​បទពិសោធន៍​ថ្មី​ប្លែក មិន​ធ្លាប់​មាន​ពី​មុន​មក គួបផ្សំ​ជាមួយ​ទីតាំង​រត់​ដ៏​ល្អឥតខ្ចោះ នៃ​ឆ្នេរសមុទ្រ និង​ទិដ្ឋភាព​តាម​ដង​ផ្លូវ​ដ៏​ស្រស់​ត្រកាល នៃ​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន និង​ទាក់ទាញ​អ្នក​ចូលរួម​ប្រមាណ ១០០០ នាក់ មកពី​គ្រប់​ទិសទី រួមមាន ក្រុម​សិល្បករ សិល្ប​ការិនី ក្រុម​អត្តពលិក​មកពី​ស្ថាប័ន​ប៉េតង់​កម្ពុជា ក្រុម​បាល់ទាត់​គីរីវង់ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ក្រុម​ការងារ​យុទ្ធនាការ Beyond The Games និង​មន្ត្រី នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមទាំង​មហាជន​ទូទៅ​ជាច្រើន ដែល​ធ្វើ​ការ​រត់​បណ្ដាក់​ចេញពី ចាប់​រង្វង់​មូល​ព្រះ​សិវៈ និង​ព្រះ​នាង​ឧមា​វ​តី រហូត​ទៅដល់​ទីលាន​សម្ដេច​តេ​ជោ មាន​រយៈ​ចម្ងាយ​ជាង ១៩ គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​បាន​រក​ឃើញ​ក្រុម​ដែល​ប្រើ​រយៈពេល​លឿន​ជាងគេ​ចំនួន ៣ ក្រុម ដែល​ក្រុម​ទទួល​បាន​ជ័យជម្នះ​លេខ​មួយ ប្រើ​រយៈពេល​ត្រឹម ១ ម៉ោង ១១ នាទី លេខ ២ ប្រើ​រយៈពេល ១ ម៉ោង ១៣ នាទី និង​លេខ ៣ ប្រើ​រយៈពេល ១ ម៉ោង ១៨ នាទី ក្នុង​នោះ​ក្រុម​លេខ ១ ទទួល​បាន​ប្រាក់​លើកទឹកចិត្ត ចំនួន ២ លាន​រៀល មេដាយ​មាស​ម្នាក់ ១ សម្រាប់​រាល់​សមាជិក​ក្រុម​ទាំង ៧ និង​ភេសជ្ជៈ​កីឡា វី​-​អាក​ទីវ ចំនួន ៧ កេស ក្រុម​ទី ២ ទទួល​បាន ១ លាន​រៀល មេដាយ​ប្រាក់ និង​ភេសជ្ជៈ​កីឡា វី​-​អាក​ទីវ ចំនួន ៥ កេស និង​លេខ ៣ ទទួល​បាន​ប្រាក់​លើកទឹកចិត្ត​ចំនួន ៥០ ម៉ឺន​រៀល មេដាយ​សម្រិត​សម្រាប់​រាល់​សមាជិក​ក្រុម​ទាំងអស់ និង​ភេសជ្ជៈ​កីឡា វី​-​អាក​ទីវ ចំនួន ៣ កេស។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដែល​មាន​វត្តមាន​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ បាន​មាន​ប្រសាសន៍​ថា «ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ពិតជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដែល​មិនមែន​ធ្វើឡើង​សម្រាប់​តែ​ប្រារព្ធ និង​អបអរ​វត្តមាន​ភេសជ្ជៈ​កីឡា វី​-​អាក​ទីវ ប៉ុណ្ណោះ​ទេ តែ​សម្រាប់​ផ្ដល់​នូវ​ភាព​រីករាយ និង​បទពិសោធន៍​ថ្មី​ដល់​ប្រជាជន​យើង។ ព្រឹត្តិការណ៍​រត់​ប្រណាំង​កម្សាន្ត​បណ្ដាក់​ជា​ក្រុម V-Active Fun Run នេះ បាន​បង្ហាញ​ពី​ឆន្ទៈ​របស់ វឌ្ឍនៈ ប្រ៊ូ​វើ​រី ក្នុង​ការ​លើកស្ទួយ សុខភាព និង​សុខុមាលភាព​សង្គម។ ការ​ជ្រើសរើស​ការ​រត់ ឬ ដើរ​សម្រាប់​កម្មវិធី​នេះ ព្រោះ​វា​គឺជា​សកម្មភាព​កីឡា​ដែល​មាន​ភាព​ងាយស្រួល ងាយ​អនុវត្ត​បំផុត មិន​ទាមទារ​សម្ភារៈ​បរិក្ខារ និង​មាន​លក្ខណៈ​ធម្មជាតិ។ ការ​រត់ ឬ ដើរ​គឺជា​លំហាត់​ប្រាណ​ដ៏​អស្ចារ្យ​មួយ​ដែល​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ធ្វើ​ឲ្យ​បាន​ទៀងទាត់​យ៉ាង​ហោចណាស់​ពី ២០ នាទី ទៅ ៣០ នាទី ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ដ៏​សម្បូរ​បែប។

ពួក​យើង​សង្ឃឹម​ថា ព្រឹត្តិការណ៍​នេះ នឹង​ក្លាយ​ទៅ​ជា​សារ​មួយ​ជួយ​ក្រើនរំលឹក​ដល់​ប្រជាជន​យើង​ឲ្យ​បន្ត និង​ចូលរួម​ហាត់ប្រាណ​កាន់តែ​ច្រើន។ វឌ្ឍនៈ ប្រ៊ូ​វើ​រី នឹង​បន្ត​ចូលរួម​លើកស្ទួយ​សកម្មភាព​កីឡា និង​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​បែបនេះ​ជាច្រើន​ទៀត​នា​ពេល​ខាងមុខ»។

វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់ វឌ្ឍនៈ គ្រុប ដែល​ជា​គ្រុប​ដ៏​លេចធ្លោ​មួយ​មាន​ក្រុមហ៊ុន​ជាច្រើន​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ដូចជា វិស័យ​ទំនិញ និង​សេវាកម្ម អចលនទ្រព្យ សួន​ឧស្សាហកម្ម ធនាគារ ទីលាន​វាយ​កូនគោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និង​វិស័យ​អប់រំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម