កីឡា
ទស្សនីយភាពល្បុក្កតោធំៗ ២ នឹងបង្ហាញពីភាពអស្ចារ្យក្នុងពិធីបើកកីឡាស៊ីហ្គេម ២០២៣
ទម្រង់ទស្សនីយភាពល្បុក្កតោចំនួន ២ ធំៗ ត្រូវបានអ្នកជំនាញអះអាងថា នឹងធ្វើឲ្យមានភាពអស្ចារ្យនៅក្នុងពិធីបើកជាផ្លូវការព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ នាខែឧសភា ឆ្នាំ ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក្នុងឱកាសបើកវគ្គហ្វឹកហ្វឺនទម្រង់ល្បុក្កតោ ដើម្បីអបអរសាទរកម្មវិធីបើក-បិទ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ ខ.ភ.ម. និងមេបញ្ជាការរងប្រចាំការបញ្ជាការដ្ឋាន កងអង្គរក្សតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្ដមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅខេត្តកណ្ដាល។

លោកអគ្គលេខាធិការរងរូបនេះសង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖ «ទម្រង់ទស្សនីយភាពមានពីរធំៗ គឺទ័ពសម័យអង្គ នៅក្នុងផែនទស្សនីយភាព “រុងរឿង នៃអង្គរ” និងល្បុក្កតោសម័យទំនើប ដែលយើងធ្វើទំនើបកម្មកីឡាគុនល្បុក្កតោ ទៅជាចង្វាក់ភ្លេង និងទស្សនីយភាពបែប LED ថ្មីមួយ នៅក្នុងទស្សនីយភាព “ភាពរុងរឿង នៃកម្ពុជា”។ ដូច្នេះហើយ យើងសង្ឃឹមថា តាមរយៈការហាត់សមនេះ នឹងបង្ហាញចេញនូវទស្សនីយភាពដ៏អស្ចារ្យ ក្នុងពិធីបើកស៊ីហ្គេម។ រីឯក្នុងកម្មវិធីបិទស៊ីហ្គេម ក៏នឹងមានកម្លាំង ៦០០ នាក់ សម្ដែងទស្សនីយភាពមួយ “មហាព្រលឹងគុនល្បុក្កតោ”។ សម្រាប់ទស្សនីយភាពការសម្ដែងគុនល្បុក្កតោ នឹងមានកម្លាំងចំនួន ១ ២០០ នាក់ ដោយចំនួននេះមានចំនួនតិចជាងចំនួនមនុស្សដែលចូលរួមសម្ដែងព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ កាលពីចុងឆ្នាំ ២០២២ កន្លងទៅ ប៉ុន្តែគុណភាព និងទម្រង់សម្ដែងសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម នាខែឧសភា ឆ្នាំ ២០២៣ ខាងមុខនេះ នឹងព្យាយាមធ្វើឲ្យល្អ និងអស្ចារ្យតាមគោលដៅដែលយើងចង់បាន»។

លោក អ៊ួ តារា គូសបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ដែលជាថ្ងៃបើកជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ គឺនៅសល់រយៈពេល ៦៦ ថ្ងៃប៉ុណ្ណោះ ដោយក្រុមសម្ដែងទស្សនីយភាពគុនល្បុក្កតោ ទាំងគ្រូបង្គោល និងសិក្ខាកាមទាំងអស់ សហការជាមួយបញ្ជាការដ្ឋាន កងអង្គរក្ស ដើម្បីរៀបចំសម្ដែងទស្សនីយភាពដ៏អស្ចារ្យ ក្នុងកម្មវិធីបើក-បិទ ស៊ីហ្គេម។

ជាមួយគ្នានេះ លោកអគ្គលេខាធិការរងបានបង្ហាញភាពជឿជាក់ថា ក្នុងរយៈពេលនៅសល់ ៦៧ ថ្ងៃនេះ ក្រុមសម្ដែងទស្សនីយភាពគុនល្បុក្កតោ នឹងធ្វើបានល្អជាពិសេសជាក់ជាមិនខាន ពីព្រោះ កងកម្លាំងបញ្ជាការដ្ឋាន កង អង្គរក្សមានវិន័យល្អ ភាពម៉ឺងម៉ាត់ហ្មត់ចត់ និងជាកងកម្លាំងពិសេសផង ដូច្នេះការហ្វឹកហាត់សមត្រៀមនេះនឹងអាចធ្វើបានល្អប្រសើរផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ នឹងត្រូវប្រារព្ធធ្វើឡើងជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី ៥ ខែឧសភា និងពិធីបិទផ្លូវការនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។ ចំណែកឯកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នឹងត្រូវធ្វើឡើងពីថ្ងៃទី ០៣-០៩ ខែមិថុនា ឆ្នាំ ២០២៣៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


