ព័ត៌មានជាតិ
លោកទេសរដ្ឋមន្ត្រី លី ធុជ ចែករំលែកបទពិសោធន៍នៃការងារសកម្មភាពមីននៅកម្ពុជា ក្នុងសន្និបាតប្រចាំឆ្នាំទី៧៩ របស់ UN ESCAP
ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៣ នាឱកាសនៃសន្និបាតប្រចាំឆ្នាំទី៧៩ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមមូលបទ “ការជំរុញសកម្មភាពសម្រាប់ធាតុអាកាសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព” អាជ្ញាធរមីន សហការជាមួយ គណៈកម្មាធិការជាតិអេស្កាប់ រៀបចំព្រឹត្តិការណ៍អមស្តីពី “ការបោសសម្អាតមីនដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” និងការតាំងបង្ហាញរូបភាពសកម្មភាពមីននៅកម្ពុជាកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងទិសដៅទៅមុខនៃសកម្មភាពមីនកម្ពុជា។

ព្រឹត្តិការណ៍អមនេះ មានការចូលរួមពី លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN ESCAP ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ តំណាងអង្គការ ស្ថាប័នអន្តរជាតិនានាដែលជាដៃគូ និងបណ្តាញរបស់អង្គការសហប្រជាជាតិ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាលើការងារសកម្មភាពមីន ជូនដល់គណៈប្រតិភូដែលបានចូលរួមសន្និបាតប្រចាំឆ្នាំទី៧៩ របស់ UN ESCAP នៅប្រទេសថៃ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាគ្រាប់មីននៅកម្ពុជា បានជះឥទ្ធិពលយ៉ាងអាក្រក់ទៅលើវិស័យជាច្រើន មិនត្រឹមតែបង្កើតបន្ទុកទៅលើជនរងគ្រោះនិងក្រុមគ្រួសារប៉ុណ្ណោះទេ តែវាថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងដោះស្រាយផលវិបាកនានាដែលបង្កដោយគ្រាប់មីន បានជួយឱ្យប្រជាពលរដ្ឋអាចរស់នៅដោយសុវត្ថិភាព មានទំនុកចិត្ត និងចូលរួមដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

សមិទ្ធផលសម្រេចបានរយៈពេល៣០ឆ្នាំនៅកម្ពុជា គឺបានកើតចេញពីកិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសកើតចេញពីគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា និងនាំឲ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ ដែលអាចឲ្យការងារបោសសម្អាតមីនបានដំណើរការទទួលជោគជ័យ និងឈានដល់ការអភិវឌ្ឍប្រទេសប្រកបដោយសុវត្ថិភាព។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ជាមួយភាពជោគជ័យ និងបទពិសោធន៍ក្នុងការងារបោសសម្អាតមីននៅក្នុងប្រទេស កម្ពុជា បានយកនូវបទពិសោធន៍របស់ខ្លួន ចូលរួមដល់ការងាររក្សាសន្តិភាពនៅតាមបណ្តាប្រទេសមួយចំនួនដែលធ្លាប់រងគ្រោះដូចកម្ពុជា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ និងចូលរួមផ្លាស់ប្តូរជំនាញបោសសម្អាតមីនផ្សេងៗទៀតទាំងក្នុងតំបន់ និងពិភពលោកក្រោមកិច្ចសហប្រតិបត្តិការត្បូង។

ទោះបីយ៉ាងណា កម្ពុជានៅបន្តការងារបោសសម្អាតមីនដែលនៅសេសសល់ឲ្យអស់ក្នុងទំហំផ្ទៃដីប្រមាណជា ៥៦៣ គីឡូម៉ែត្រក្រឡា ដោយបានដាក់ផែនការបញ្ចប់ត្រឹមឆ្នាំ២០២៥ ព្រមទាំងរៀបចំគោលនយោបាយជាតិដោះស្រាយហានិភ័យពីយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយឆ្នាំ២០២៥ ផងដែរ៕





-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន