សេដ្ឋកិច្ច
ថៃ បង្កើនការនាំចូលឧស្ម័នធម្មជាតិរាវ ខណៈសេដ្ឋកិច្ចស្ទុះងើបឡើងវិញ
ក្រុមហ៊ុន PTT ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នធំជាងគេរបស់ប្រទេសថៃ គ្រោងនឹងនាំចូលឧស្ម័នធម្មជាតិរាវ (LNG) រហូតដល់ ៦ លានតោននៅឆ្នាំនេះ ដោយសារការកើនឡើងនៃតម្រូវការ ។

លោក Noppadol Pinsupa នាយកក្រុមហ៊ុន PTT បាននិយាយកាលពីថ្ងៃសៅរ៍ថា ការនាំចូលឧស្ម័នធម្មជាតិរាវរបស់ PTT នឹងមានចំនួន ២ លានតោនខ្ពស់ជាងបរិមាណដែលបាននាំចូលកាលពីឆ្នាំមុន ហើយការដឹកជញ្ជូននេះ នឹងត្រូវចំណាយយ៉ាងហោចណាស់នាវា ១០០ គ្រឿងដើម្បីចែកចាយឲ្យបាន ៦ លានតោននេះ ។
លោក Noppadol ប្រាប់ថា PTT បានបញ្ជាទិញឧស្ម័នធម្មជាតិរាវចំនួន ៤ លានតោនរួចហើយក្នុងតម្លៃតិចជាង ២០ ដុល្លារក្នុងមួយលាន BTU (ឯកតារបស់ចក្រភពអង់គ្លេស) ដែលមានតម្លៃថោកជាងឆ្នាំមុន ៥០ ភាគរយ ។ លោកបានបន្ថែមថា ការទិញនេះគោរពតាមបទប្បញ្ញត្តិរបស់គណៈកម្មការគ្រប់គ្រងថាមពល ហើយការធ្លាក់ចុះតម្លៃឧស្ម័នធម្មជាតិរាវ ទំនងនឹងធ្វើឲ្យតម្លៃអគ្គិសនីធ្លាក់ចុះផងដែរ ។

ដោយឡែកលោក Prasong Intaranongpai អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន PTT បាននិយាយថា ក្រុមហ៊ុនចង់រក្សាភាពប្រកួតប្រជែងនៅក្នុងអាជីវកម្មលើអ៊ីដ្រូកាបូន និងបង្កើតផលិតផលថ្មីដែលមានតម្លៃខ្ពស់ ដើម្បីបន្តជាមួយនឹងពិភពលោកទាំងមូល ។ លោកបានបន្ថែមថា PTT ក៏មានបំណងធ្វើកិច្ចព្រមព្រៀងថ្មីៗនៅក្នុងឧស្សាហកម្ម ក្រៅពីថាមពលផងដែរ ។
លោក Prasong បញ្ជាក់ទៀតថា PTT បានបង្កើតប្រព័ន្ធដើម្បីជួយគ្រប់គ្រងឧស្សាហកម្មប្រេងរបស់ប្រទេស នៅពេលដែលតម្លៃប្រែប្រួល ដូចជាការប្រើប្រាស់មជ្ឈមណ្ឌលសហប្រតិបត្តិការខ្សែសង្វាក់តម្លៃអ៊ីដ្រូកាបូនជាដើម ។
យោងតាមក្រុមហ៊ុន PTT បរិមាណប្រេងសរុបដែលបានជួញដូររាល់ថ្ងៃមានលើសពី ១.៥ លានបារ៉ែលក្នុងឆ្នាំ ២០២២ ។ តម្រូវការខ្ពស់នេះទំនងជានៅមានមួយរយៈពេលទៀត ខណៈដែលមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ចធនាគារ Siam Commercial Bank (SCB EIC) រំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចរហូតដល់ចុងបញ្ចប់នៃត្រីមាសទីបី ។

ទន្ទឹមនេះ ការកើនឡើងនៅក្នុងឧស្សាហកម្មទេសចរណ៍បានជំរុញឲ្យសេដ្ឋកិច្ចថៃប្រសើរឡើងផងដែរ ហើយរំពឹងថានឹងឃើញកំណើន ២.៧ ភាគរយ នៅក្នុងត្រីមាសទី៣ បើប្រៀបធៀបទៅនឹងត្រីមាសមុន ។ ស្របពេលជាមួយគ្នានេះ ចាប់តាំងពីតម្លៃថាមពលកំពុងធ្លាក់ចុះ អតិផរណានៅថៃក៏ធ្លាក់ចុះផងដែរនៅក្នុងខែឧសភា ។
តែទោះជាយ៉ាងណា កំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសចុងក្រោយអាចនឹងត្រូវបានរារាំងដោយការពន្យារពេលក្នុងការអនុវត្តថវិកាជាតិប្រចាំឆ្នាំ ប្រសិនបើរដ្ឋាភិបាលថ្មីមិនត្រូវបានបង្កើតឡើងទាន់ពេលវេលា ខណៈរហូតមកដល់ពេលនេះគណបក្សចលនាឆ្ពោះទៅមុខ មិនទាន់រកបានសំឡេងភាគច្រើននៅក្នុងការបង្កើតរដ្ឋភិបាលចម្រុះនៅឡើយទេ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Nation Thailand
ចុចអាន៖ ដំណើរការឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ ថៃ កាន់តែពិបាក ក្រោយមាន គណបក្សប្រកាសដកខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


