ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន ផ្ដល់ផ្ទះជូនគ្រួសារអតីតយុទ្ធជនជាង ៥ ពាន់ខ្នង
គិតត្រឹមឆ្នាំ ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជន និងគ្រួសារ សរុបចំនួន ៥ ១៥៤ ខ្នង។

ថ្លែងនៅក្នុងពិធីអបអរសាទរខួបលើកទី ១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នៅព្រឹកថ្ងៃទី ២៣ មិថុនានេះ លោក នឹម ថូត រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ក្រៅពីនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការតាមរយៈផ្ដល់ប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារ និងកូនប្រចាំខែដូចប្រាក់វិភាជន៍គ្រួសារ ប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ មក។ ផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចំនួន ៥ ម៉ឺនរៀល។ ដំឡើងរបបសន្តិសុខសង្គមប្រចាំខែជូនដល់អតីតយុទ្ធជនជាបន្តបន្ទាប់ ជាក់ស្ដែងប្រាក់របបសន្តិសុខសង្គមប្រចាំខែដែលពីមុនទាបជាង ឬស្មើ ៦៩ ម៉ឺនរៀល ត្រូវបន្ថែមឲ្យត្រឹម ៧៧ ម៉ឺនរៀល ក្នុងមួយខែ។ ដាក់ឲ្យដំណើរការប្រើប្រាស់សេវាកាតអេធីអ៊ឹម (ATM ) តាមប្រព័ន្ធធនាគារទូទាំង ២៥ រាជធានី-ខេត្ត ចាប់ពីឆ្នាំ ២០១៧ តមក ដើម្បីបង្កើនភាពងាយស្រួលដល់ការបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែ។ ផ្ដល់សេវាថែទាំសុខភាពសម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់ ទៅតាមមន្ទីរពេទ្យសាធារណៈ និងមន្ទីរពេទ្យឯកជន ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម ចាប់តាំងពីខែមករា ឆ្នាំ ២០១៨ មក។

លោកបានបន្តថា បច្ចុប្បន្ននេះអតីតយុទ្ធជនសរុបចំនួន ១០៦ ៩០៥ នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥៣ ៦១០ នាក់ កំពុងទទួលប្រាក់របបគោលនយោបាយពីរដ្ឋ ដែលប្រាក់របបនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការដំឡើងប្រាប់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

លោកបានបន្តទៀតថា ចំពោះមុខនេះ រាជរដ្ឋាភិបាលទទួលស្គាល់ថា ក្រុមគ្រួសាររបស់អតីតយុទ្ធជនពលី-មរណៈ ទទួលរងការលំបាក និងបញ្ហាប្រឈមហិរញ្ញវត្ថុ ដោយសារពួកគាត់បាត់បង់ចំណូលដែលជាប្រាក់ឧបត្ថម្ភយោធិនទាំងស្រុង នៅពេលអតីតយុទ្ធជនជាប្ដី ឬប្រពន្ធ បានទទួលមរណភាព។ ដូច្នេះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជនដែលបានពលី-មរណៈដើម្បីបុព្វហេតុជាតិ រាជរដ្ឋាភិបាលបានផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដូចជា បង់វិភាគទាន ៧.០០០ រៀល ក្នុង ១ ខែ ជូនដល់សមាជិកសមាគមដែលជាគ្រួសារអតីតយុទ្ធជនពលី-មរណៈចំនួន ២៣.៣២២ នាក់ កំពុងបង់ជាប្រចាំដល់សមាគមអតីតយុទ្ធជនកម្ពុជា រាជរដ្ឋាភិបាលជួយបង់ ៥០% ស្មើនឹង ៣.៥០០ រៀល ហើយដែលត្រូវចំណាយថវិកាចំនួនប្រមាណ ៩៨០ លានរៀល ក្នុង ១ ឆ្នាំ។
លោកបានបន្ថែមថា ការបង់វិភាគទាននេះគឺសំដៅដើម្បីឲ្យសមាជិកសមាគមទទួលបានអត្ថប្រយោជន៍នានាពីសមាគមដែលរួមមានការទទួលបានថវិកា ៤ លានរៀល សម្រាប់រៀបចំបុណ្យសព និងសេវាគាំទ្រផ្សេងៗ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល សម្រេចចំណាយថវិកាប្រមាណ ១ ៦០០ លានរៀល ក្នុង ១ ឆ្នាំបន្ថែមទៀត ដើម្បីផ្ដល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃជូនគ្រួសារជនពលី-មរណៈទាំងអស់ ទាំងក្រុមគ្រួសារដែលជាសមាជិក និងមិនមែនជាសមាជិករបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានចំនួនសរុបប្រមាណ ៥៦ ៧០០ នាក់ តាមរយៈមូលនិធិ-សមធម៌។
លោករដ្ឋលេខាធិការ បានលើកឡើងថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ យកឱកាសដ៏ឧត្ដុង្គឧត្ដមនេះ ខ្ញុំសូមលំឱនកាយ គោរព និងឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនវីរយុទ្ធជន វីរយុទ្ធនារីកម្ពុជាទាំងអស់ ដែលបានធ្វើពលិកម្មដ៏ធំធេង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ជាទីស្នេហារបស់យើង»៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ