Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចលំអិតរឿងឆេះអគារនៅសង្កាត់ផ្សារដេ​ប៉ូ​ទី១ បណ្ដាលឲ្យស្លាប់មនុស្ស៨នាក់ ក្រោយឃាត់ខ្លួនជាងដេគ័រ៤នាក់

បានផុស

នៅ

បន្ទាប់ពីមានករណីអគ្គិភ័យឆាបឆេះអតីតអគារខារ៉ាអូខេ និងសណ្ឋាគារ6969 នៅសង្កាត់ផ្សារដេប៉ូទី១ កម្លាំងនគរផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យជាជាងដេគ័រចំនួន៤នាក់ ដើម្បីកសាងសំណុំរឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឲ្យដឹងនៅថ្ងៃទី៣ ខែកក្ដដា នេះថា ជនសង្ស័យមានឈ្មោះ ទី១-ឈ្មោះ ខុម សុផល ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំបេញ។ ២-ឈ្មោះ សយ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំបេញ។ ៣-ឈ្មោះ ឡាក់ លីន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដេគ័រ ។ ៤-ឈ្មោះ ខុន តាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដេគ័រ ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំបេញ។

ក្នុងរបាយការណ៍បញ្ជាក់ថា ផ្អែកតាមចម្លើយសារភាពរបស់ជាងដេគ័រឈ្មោះ ខុម សុផល បានអះអាងថា ពួកខ្លួនមានគ្នា៨នាក់ជាងផ្នែកដេគ័រ ៣នាក់ធ្វើការជាន់ផ្ទាល់ដី ចំណែក​៥នាក់ ធ្វើគាស់ពិដានដំបូលនៅជាន់ទី៥ ដើម្បីជួសជុលបន្ទប់អាគារឡើងវិញ។ ជាងដេគ័របន្ថែមថា ពេលពួកខ្លួនកំពុងតែគាស់ពិដាន ក៏ស្រាប់តែមានផ្សែងហុយចេញពីផ្នែកខាងលើពិដានក្ដាកុងប្លាកេសាឡី កែវនៅលើពិដានបង្កជាអណ្ដាតភ្លើងឡើង។ ពេលនោះខ្លួនឃើញខ្សែភ្លើងប្រហែលប៉ុនមេដៃបង្គប់នៅនឹងឆ្អឹងដែកពិដានដាច់ចេញពីគ្នាគងនៅលើឆ្អឹងដែកជាប់ពិដានឆេះ ភ្លាមនោះរូបខ្លួន និងកម្មករផ្សេងទៀតបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ប៉ុន្តែមិនរលត់រិតតែឆេះយ៉ាងសន្ធោរសន្ធៅខ្លាំងឡើងតែម្ដង។

ជនសង្ស័យទាំង០៤នាក់ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាក​សួរកសាង​សំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនីតិវិធី។

សូមរំលឹកថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧និង១០នាទី អគ្គិភ័យបានឆាបឆេះអតីតអគារខារ៉ាអូខេ និងសណ្ឋាគារ 6969 ឃីសអ៊ិនធើធេនមិន ឯ.ក ស្ថិតនៅផ្ទះលេខ១៦ (ដំបូលបន្ទប់ជាន់ទី៥) ផ្លូវលេខ២០៦ ក្រុមទី៤៤ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក បណ្ដាលឲ្យមនុស្សប្រុសស្រីសរុប៨នាក់បាត់បង់ជីវិត។

បើតាមរាបាយការរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីនេះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី​ ធ្វើឲ្យខូចខាតឆេះខូចខាតសម្ភារៈមួយចំនួន​ ដែលទីតាំងកើតហេតុជាប្រភេទសំណង់​ ថ្មបេតុង​ទំហំ៣០ម៉ែត្រ​​ គណុ​៣០ម៉ែត្រ​។

ក្នុងប្រតិបត្តិការក្នុងការជួយអន្តរាគមន៍ កម្លាំងសមត្ថកិច្ចជំនាញ​បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន១១២គ្រឿង ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម