ព័ត៌មានជាតិ
ខេត្តសៀមរាប ទទួលជោគជ័យដោយពលរដ្ឋយល់ដឹងអំពីតម្លៃនៃសន្លឹកឆ្នោត
ឆ្លងកាត់តាមព្រឹត្តិការណ៍ថ្មីក្នុងរយៈពេល ២១ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ បានប្រព្រឹត្តិទៅដោយរលូនគ្រប់គណបក្សនយោបាយ ប្រកបដោយបរិយាកាសរីករាយ គ្មានអំពើហិង្សាអ្វីឡើយ។

ប្រជាពលរដ្ឋខេត្តសៀមរាប បានអញ្ជើញទៅបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបញ្ចេញនូវសិទ្ធិលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គោរពសិទ្ធិមនុស្ស ក្នុងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន។ ក្នុងព្រឹត្តិការណ៍ នៃការបោះឆ្នោតនេះ បានដំណើរការទៅដោយរលូន ទោះបីមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណា ក៏ប្រជាពលរដ្ឋ ក្នុងស្មារតីមនសិកាសេ្នហាជាតិ បានពុះពារមកបោះឆ្នោតក្រោមដំណក់ទឹកភ្លៀង ប្រកបទៅដោយទឹកមុខសប្បាយរីករាយ។
លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ពីមួយអាណត្តិ ទៅមួយអាណត្តិ ប្រជាពលរដ្ឋ បានអញ្ជើញមកចូលរួមបោះឆ្នោតយ៉ាងច្រើន ដោយពួកគាត់ពេញចិត្តក្នុងការបញ្ចេញនូវសិទ្ធិ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គោរពសិទ្ធិមនុស្ស តាមរយៈការបោះឆ្នោតនេះ ក្នុងការជ្រើសរើសអ្នកដឹកនាំដែលខ្លួនពេញចិត្ត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។ លោកបានលើកឡើងអំពីផែនការការពារក្នុងពេលបោះឆ្នោតរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅក្នុងឱកាសដែលប្រជាពលរដ្ឋ អញ្ជើញទៅចូលរួមបោះឆ្នោត ដោយអាជ្ញាធរខេត្តបានរៀបចំជាស្រេច ក្នុងការធានាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅតាមការិយាល័យបោះឆ្នោត ទាំង ១៥២១ការិយាល័យ ។

ឆ្លងតាមរយៈការបោះឆ្នោតថ្ងៃនេះ លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា ខេត្តសៀមរាប មានមន្ត្រីការិយាល័យបោះឆ្នោត សរុបចំនួន ៩១២៦ នាក់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ លោកថា អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៦១៨៨៣៥នាក់ មានការិយាល័យបោះឆ្នោត ចំនួន ១៥២១ការិយាល័យ មានអ្នកសង្កេតការណ៍ជាតិ ,សមាគម និងអង្គការ សរុប ៦ពាន់៦៧៨នាក់ ស្រីចំនួន ៥១៤នាក់ និងមានគណបក្សនយោបាយឈរឈ្មោះចំនួន១៤ មានបេក្ខជនសរុប ១៦៨នាក់ ស្រី ៧១នាក់ និងកម្លាំងសន្តិសុខ មានចំនួនសរុប ៤ពាន់នាក់ ទាំងនគរបាល និង ប្រជាការពារ ។ លោកក៏បានបញ្ជាក់ ក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានចាប់ដំណើរការពីម៉ោង៧,០០នាទី មកដល់ម៉ោង១៥,០០នាទី បានដំណើរការទៅដោយរលូន នៅតាមការិយាល័យនិមួយៗ ដែលមានប្រជាពលរដ្ឋទូទាំងខេត្ត បានអញ្ជើញមកចូលរួមធ្វើការបោះឆ្នោតស្មើ ៧៩,៧០ % មកដល់ពេលបញ្ចប់ការបោះឆ្នោតនៅតាមការិយាល័យទូទាំងខេត្ត ៕


-
សន្តិសុខសង្គម២១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


