Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តំណែងមិនទាន់បានប៉ុន្មានផង រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេត

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនដែលទើបតែងតាំងថ្មីគឺលោក Rustem Umerov កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយការិយាល័យប្រឆាំងអំពើពុករលួយរបស់ប្រទេស ពាក់ព័ន្ធបទឧក្រិដ្ឋ ក្នុងមុខតំណែងមុនរបស់គាត់។

តាមសេចក្តីរាយការណ៍ តុលាការប្រឆាំងអំពើពុករលួយជាន់ខ្ពស់ (VAKS) បានបញ្ជាឲ្យការិយាល័យប្រឆាំងអំពើពុករលួយជាតិ (NABU) ពិនិត្យមើលពាក្យបណ្តឹងប្រឆាំងលោក Umerov និងដៃគូពីរនាក់របស់គាត់ នៅក្នុងមូលនិធិទ្រព្យសម្បត្តិរដ្ឋ (FGIU) ដែលជាទីភ្នាក់ងារគាត់ធ្លាប់បាន​ដឹក​នាំ ​មុន​នឹង​ឡើងជារដ្ឋមន្ត្រីការពារជាតិ កាលពីដើមសប្តាហ៍នេះ ។

ព័ត៌មាននេះត្រូវបានទម្លាយកាលពីថ្ងៃព្រហស្បតិ៍ដោយគេហទំព័រ Comments.ua ដោយអះអាងថា ពួកគេមានកាន់កាប់ច្បាប់ចម្លងនៃសេចក្តីសម្រេចរបស់តុលាការ ។ ឥស្សរជនដឹកនាំ FGIU មួយនេះត្រូវបានចោទប្រកាន់ពីបទបំពានអំណាច ក្នុងការដោះស្រាយជាមួយក្រុមហ៊ុន Tsentrenergo ដែលជាក្រុមហ៊ុនផលិតអគ្គិសនីគ្រប់គ្រងដោយរដ្ឋតែមួយគត់របស់អ៊ុយក្រែន។

យោងតាមរបាយការណ៍របស់គេហទំព័រ Comments.ua, ពាក្យបណ្តឹងនេះអះអាងថា មន្ត្រីបីនាក់បានបិទបាំងការលក់អគ្គិសនីរបស់ក្រុមហ៊ុន Tsentrenergo ក្រោមតម្លៃទីផ្សារ និងរារាំងការស៊ើបអង្កេត។

គួរបញ្ជាក់ថា លោក Umerov បានឡើងកាន់តំណែងនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បណ្តេញលោក Aleksey Reznikov។ លោក Zelensky និយាយថា ក្រសួងការពារជាតិ ត្រូវការវិធីសាស្រ្តថ្មី និងទម្រង់ថ្មីនៃអន្តរកម្ម ទាំងជាមួយយោធានិងសង្គមទាំងមូលផងដែរ។

គួរបញ្ជាក់ថា លោក Reznikov ​បាន​ចូល​កាន់​តំណែង​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២១ ពោលប៉ុន្មានខែ ​មុនពេល​ជម្លោះ​រវាង​រុស្ស៊ី-​អ៊ុយក្រែន​ផ្ទុះឡើង ហើយអាណត្តិរបស់គាត់ ត្រូវញាំញីដោយរឿងអាស្រូវពុករលួយជាច្រើន ដោយក្រសួងត្រូវរងការចោទប្រកាន់ម្តងហើយម្តងទៀតថា បានទិញឧបករណ៍ និងគ្រឿងឧបភោគបរិភោគយោធាក្នុងតម្លៃខ្ពស់មិនធម្មតា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ហ្សេលេនស្គី ប្រកាសបណ្តេញរដ្ឋមន្ត្រីការពាជាតិចេញពីតំណែង ក្រោយកើតរឿងពុករលួយ ក្នុងក្រសួង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម