ព័ត៌មានជាតិ
ក្រូចថ្លុងកោះពីរល្បីរហូតចុះបញ្ជីនៅក្រសួង ធ្លាក់ចុះទិន្នផល កសិករឲ្យមន្រ្តីជួយបច្ចេកទេសបន្ថែម
បើនិយាយទៅដល់ក្រូចថ្លុងកោះពីរ ច្បាស់ណាស់ថាមានមហាជនជាច្រើនបានដឹង និងបានសាកពីរសជាតិផ្អែមឆ្ងាញ់ និងមានភាពល្បីល្បាញពីទិន្នផលខ្ពស់។ ប៉ុន្តែបើតាមលោក លូង ហ៊ុន ប្រធានសមាគមអ្នកផលិត និងអាជីវកម្មក្រូចថ្លុងកោះពីរ ខេត្តត្បូងឃ្មុំ ទិន្នផលក្រូចថ្លុងកោះពីរបច្ចុប្បន្នកំពុងមានការធ្លាក់ចុះទិន្នផលជាខ្លាំង ដោយសារតែការប្រែប្រួលអាកាសធាតុផង និងសត្វល្អិតបំផ្លាញផង។

លោក លូង ហ៊ុន បានមានប្រសាសន៍ប្រាប់ «កម្ពុជាថ្មី» ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានប្រកបរបរដាំដំណាំក្រូចថ្លុងកោះពីរ ក្នុងពេលបច្ចុប្បន្ននេះមិនសូវទទួលបានទិន្នផលល្អដូចមុននោះទេ ដោយសារទទួលរងនូវបញ្ហាប្រែប្រួលអាកាសធាតុ ដូចជាកង្វះខាតទឹក អាកាសធាតុក្ដៅជាងមុនផង និងដីមិនសូវមានជីវជាតិដូចមុនផង។ ជាងនេះទៀតក៏មានការរំខានពីពពួកសត្វល្អិត និងសារធាតុគីមីមួយចំនួនដែលមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
«គេអាចគិតថាក្រូចថ្លុងជាដំណាំងាយស្រួលនៅក្នុងការដាំដុះ ប៉ុន្តែដំណាំមួយប្រភេទនេះ វាហាក់មិនងាយស្រួលនៅក្នុងការដាំដុះប៉ុន្មាននោះទេ ព្រោះវាក៏ត្រូវការការថែទាំ និងមានទឹកគ្រប់គ្រាន់ ក៏ដូចជាបច្ចេកទេសនៅក្នុងការដាំដុះផងដែរ»។ នេះបើតាមលោក លូង ហ៊ុន មុនបន្តថា «ដំណាំក្រូចនៅឃុំកោះពីរ បច្ចុប្បន្នហាក់ដូចជាខ្វះជីវជាតិមិនសូវល្អដូចពីមុន ព្រោះក្រូចភាគច្រើនមិនអាចទុំ ឬ ធំលូតលាស់ល្អ រហូតដល់ពេលប្រមូលផលឡើយ វាច្រើនតែជ្រុះ ឬគេហៅថាផ្លែទុំឈ្នួល ដោយសារបញ្ហាអាកាសធាតុផង ក៏ដូចជាការរំខានពីពពួកសត្វល្អិតចុចផង។ ប៉ុន្តែ នៅតំបន់ខ្លះដែលកសិករថែទាំបានល្អ ក៏អាចបានទិន្នផលខ្ពស់ដូចគ្នា»។

យ៉ាងណាមិញ បើទោះបីជាមានបញ្ហាអាកាសធាតុ ក៏ដូចជាសត្វល្អិតក៏ពិតមែន ប៉ុន្តែកសិករនៅតែអាចរក្សាបានរសជាតិផ្អែមឆ្ងាញ់ដូចមុន សម្រាប់នាំចេញទៅកាន់ទីផ្សារ។
ស្របពេលដែលទិន្នផលក្រូចមិនល្អដូចមុន លោកលូង ហ៊ុន បានលើកឡើងពីការបញ្ជាទិញនៅលើទីផ្សារ ហាក់មិនសមតម្លៃដូចគ្នា ដោយកសិករប្រមូលផលបាននាំចេញទៅកាន់ទីផ្សាររាជធានីភ្នំពេញ គឺអាចលក់បានតម្លៃចន្លោះពី ៥ម៉ឺន ទៅ ៦ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយឡូ (១២ផ្លែ) ជាតម្លៃមួយហាក់មិនសូវសមស្របឡើយ»។

លោកលូង ហ៊ុន បានលើកពីដំណាំក្រូចថ្លុងនេះ ប្រសិនបើដាំដុះទទួលបានផលខ្ពស់ នោះវាពិតរួមចំណែកនៅក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋបានយ៉ាងល្អលើសពីតំណាំដទៃ ប៉ុន្តែក្នុងពេលបច្ចុប្បន្នអាចទទួលបាន ៥០/៥០ ប៉ុណ្ណោះ បានន័យថា ទិន្នផលក្រូចថ្លុងដែលប្រមូលនៅក្នុងពេលបច្ចុប្បន្នមានតិចតួចនិងពឹងទៅតាមយថាផល។
កសិករនៅឃុំកោះពីរភាគច្រើននិយមដាំពូជក្រូចថ្លុង ៣ ប្រភេទ មានប្រភេទទី១ ក្រូចផ្អែម, ទី២ ក្រូចថ្លុងធម្មតា ដែលមានជាតិជូរអែមលាយគ្នា និងធំជាងក្រូចថ្លុងផ្អែម និងទី៣ ក្រូចរយ។ កសិករក៏ធ្លាប់បានយកពូជក្រូចផ្សេងមកដាំដែរ តែមិនមានរសជាតិឆ្ងាញ់ និងខុសពីរសជាតិដើមទើបមិនសូវនិយមយកមកដាំវិញ។

ស្របពេលទិន្នផលក្រូចថ្លុងកោះពីរចេះមានការថយចុះជាងមុន ព្រមទាំងពលរដ្ឋមួយចំនួនធំនៅមិនទាន់បានយល់ដឹងច្បាស់ពីបច្ចេកទេសនៃការដាំដុះ ការថែរក្សាពីពពួកសត្វល្អិត ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ក៏ដូចជាកង្វះខាតនៅជីកសិកម្មនានាជាច្រើនទៀត លោក លូង ហ៊ុន ក្នុងនាមជាប្រធានសមាគមក៏សំណូមពរដល់មន្រ្តីក្រសួងកសិកម្មឲ្យជួយគិតគូរដល់ប្រជាពលរដ្ឋបង្រៀនពីបច្ចេកទេសដាំដុះឲ្យបានចេះដឹងជាងនេះ ដើម្បីអាចបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបន្តទៀត។
ក្រូចថ្លុងកោះពីរខេត្តត្បូងឃ្មុំ ត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីទទួលស្គាល់ជាម៉ាកសមូហភាព កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


