ព័ត៌មានជាតិ
ក្រុមហ៊ុនបី ចាប់ផ្តើមហោះហើរសាកល្បងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ថ្ងៃនេះ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ផ្តើមបើកការសាកល្បងហោះហើរដំបូងនៅថ្ងៃទី ០៥ ខែ តុលា នេះ ដោយមានក្រុមហ៊ុនចំនួនបី ក្នុងនោះ ក្រុមហ៊ុនហោះហើរក្នុងស្រុកចំនួនពីរ និងហោះហើរពីចិន មកកាន់ខេត្តសៀមរាបចំនួនមួយ។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរៀបចំការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅព្រឹកថ្ងៃនេះ។
បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ការធ្វើតេស្តសាកល្បងលើប្រតិបត្តិការនេះ គឺផ្តោតសំខាន់លើការទទួលជើងហោះហើរក្នុងស្រុកចំនួន២ គឺទី១. ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines ហោះចេញពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប, និង ទី២. ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ហោះចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងមកកាន់ខេត្តសៀមរាប ព្រមទាំងជើងហោះហើរអន្តរជាតិចំនួន១ គឺក្រុមហ៊ុនអាកាសចរណ៍ China Eastern ហោះចេញពីទីក្រុងគុនមីង ប្រទេសចិន មកកាន់ខេត្តសៀមរាប។

អាកាសយានដ្ឋានសៀមរាបអង្គរ មានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះប្រភេទ(Code E) ធ្វើប្រតិបត្តិការបាន។ អាកាសយានដ្ឋានសៀមរាបអង្គរមានចំណតយន្តហោះចំនួន ៣៨ចំណត ក្នុងនោះមានចំណត Code E ចំនួន ១១ចំណត និងចំណត Code C ចំនួន ២៧ចំណត អគារប៉មបញ្ជាហោះហើរមួយមានកម្ពស់ ៨០ម៉ែត្រ និងមានស្ថានីយ៍អ្នកដំណើរមួយដែលអាចទទួលបានភ្ញៀវចំនួន ៧លាននាក់ក្នុង១ឆ្នាំ។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានលើកឡើងថា តាមរយៈព្រលានយន្តហោះ និងផ្លូវជាច្រើនខ្សែដែលទើបសាងសង់រួចរាល់នេះ នឹងអាចទាក់ទាញសក្តានុពលវិនិយោគ និងទេសចរណ៍មកកាន់ទឹកដីខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។ លើសពីនេះទៀត នឹងធ្វើឱ្យខេត្តសៀមរាបក្លាយជាប៉ូលសេដ្ឋកិច្ចពិសេសដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា និងជំរុញឱ្យខេត្តដែលជាប់នឹងសៀមរាបទទួលបានសក្តានុពលបន្ថែមទៀតដូចគ្នា។
បើតាមលោកប្រធានមន្ទីរទេសចរណ៍ ជើងហោះហើរចូលទៅកាន់ខេត្តសៀមរាប នាពេលបច្ចុប្បន្ន មានចំនួនប្រមាណពី ១៥-១៧ ជើង ក្នុងមួយថ្ងៃ ដោយមានអ្នកដំណើរចន្លោះពី ១០០០ នាក់-១៥០០ នាក់ ក្នុងមួយថ្ងៃ៕



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


