ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា បន្តតាមដានយ៉ាងយកចិត្តទុកដាក់ រហូតដល់ប្រជាជនខ្មែរនៅអ៊ីស្រាអែល ទៅដល់ទីតាំងមានសុវត្ថិភាពគ្រប់ៗគ្នា
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ប្រជាជន និងនិស្សិតខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល មានចំនួន ៤៥៤នាក់។ ក្នុងចំណោមនោះ មានប្រជាជន និងនិស្សិតខ្មែរចំនួន ៣២៣នាក់ ត្រូវបានចល័តទៅទីតាំងមានសុវត្ថិភាពរួចរាល់ហើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់រហូតដល់ប្រជាជនខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល បានទៅដល់ទីតាំងមានសុវត្ថិភាពគ្រប់ៗគ្នា។

តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី ១០ ខែតុលានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារសពរបស់និស្សិតខ្មែរម្នាក់ ឈ្មោះ ចាន់ ឧត្ដម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣កន្លងទៅនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅកាន់ជនរួមជាតិ ពិសេសប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល និងក្រុមគ្រួសាររបស់ពួកគេថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនិស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។
ក្នុងន័យនេះ រាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធ ដែលមានក្រសួងការបរទេស, ក្រសួងកសិកម្ម, ក្រសួងអប់រំ, ស្ថាប័នចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានតាមដានរាល់សភាពការណ៍ទាំងអស់ ទាំងយប់ ទាំងថ្ងៃ ចាប់តាំងពីហេតុការណ៍ផ្ទុះឡើង នៅប្រទេសអ៊ីស្រាអែល នាប៉ុន្មានថ្ងៃមកនេះ។
ក្នុងនោះដែរ រាជរដ្ឋាភិបាល បានខិតខំធ្វើយ៉ាងណាធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសនិស្សិតខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែលនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចឲ្យលោក សុខ ចិន្ដាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងស្ថាប័នផ្សេងទៀតរបស់កម្ពុជា ឲ្យទំនាក់ទំនងតាមគ្រប់មធ្យោបាយជាមួយស្ថាប័នពាក់ព័ន្ធ នៃប្រទេសអ៊ីស្រាអែល ក៏ដូចជាប្រភពផ្សេងទៀត ដែលកម្ពុជាមានទំនាក់ទំនងជាមួយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីភារកិច្ចនេះថា «ក្នុងគោលដៅ ៣ ទីមួយគឺកំណត់ឲ្យបាននូវចំនួន និងអត្តសញ្ញាណរបស់ប្រជាជនខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង ទីពីរព្យាយាមទំនាក់ទំនងជាមួយនិស្សិតយើង និងប្រជាពលរដ្ឋយើងនៅទីនោះ ឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានព័ត៌មានថា ពួកគេមានសុវត្ថិភាពឬយ៉ាងណា និងកំណត់ថា ពួកគេកំពុងតែស្ថិតនៅក្នុងតំបន់សុវត្ថិភាព ឬតំបន់ក្រហមដែលមានជម្លោះ ទីបីនៅក្នុងករណីដែលមាននិស្សិតខ្មែរ ប្រជាជនខ្មែរយើងដែលយើងកំណត់អត្តសញ្ញាណ នៅក្នុងតំបន់ក្រហម ត្រូវព្យាយាមទំនាក់ទំនងជាមួយអាជ្ញាធអ៊ីស្រាអែល ដើម្បីជួយសង្រ្គោះ និងជម្លៀសពួកគេចេញពីតំបន់ក្រហម ទៅកាន់តំបន់សុវត្ថិភាព ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន»។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាលទ្ធផលគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះ គឺរាជរដ្ឋាភិបាលកម្ពុជា កំណត់បានចំនួនប្រជាជន និងនិស្សិតខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែលចំនួន ៤៥៤នាក់។ ក្នុងចំណោម ៤៥៤នាក់នោះ គឺរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងបានទាំងអស់គ្នាតែម្ដង ដើម្បីបញ្ជាក់អំពីសុវត្ថិភាពរបស់ពួកគេ ហើយក្នុងចំណោមនោះទៀតសោត មានប្រជាជន និងនិស្សិតខ្មែរចំនួន ៣២៣នាក់ ត្រូវបានចល័តទៅទីតាំងមានសុវត្ថិភាព និង ១៣១នាក់ នៅទីតាំងដែលមានហានិភ័យនៅឡើយ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់រហូតដល់ប្រជាជនខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល បានទៅដល់ទីតាំងមានសុវត្ថិភាពគ្រប់ៗគ្នា។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ពិសេសនិស្សិតខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល បន្តយកចិត្តទុកដាក់អំពីសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រប់ឲ្យបានម៉ឺងម៉ាត់ ចំពោះរាល់ការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


