ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការដឹកនាំយុវជនមកគោរពវិញ្ញាណក្ខន្ធពេលនេះ មិនមែនចង់ឲ្យពួកគាត់រស់ក្នុងអតីតកាលឡើយ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គូសបញ្ជាក់ថា ការដឹកនាំយុវជនមកធ្វើការគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ពេលនេះ មិនមែនចង់ឲ្យពួកគាត់រស់នៅក្នុងអតីតកាលឡើយ ប៉ុន្តែចង់ឲ្យចងចាំពីប្រវត្តិសាស្ត្រដ៏ជូរចត់ ហើយចេះអបអរពីអ្វីដែលខ្លួនមាន។

ការគូសបញ្ជាក់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយ ឯកឧត្ដម ឌី វិជ្ជា អនុប្រធាន ស.ស.យ.ក បានដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នាព្រឹកថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៤។

នាឱកាសនោះ ឯកឧត្ដម ហ៊ុន ម៉ានី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការដឹកនាំយុវជនមកធ្វើការគោរពវិញ្ញាណក្ខន្ធនៅពេលនេះ មិនមែនចង់ឲ្យយុវជនយើងរស់នៅក្នុងអតីតកាលឡើយ ប៉ុន្តែចង់ឲ្យពួកគេចងចាំពីប្រវត្តិសាស្ត្រដ៏ជូរចត់ទាំងនោះ និងចេះអបអរពីអ្វីដែលខ្លួនមាននៅពេលនេះ នោះគឺសុខសន្តិភាព ដែលស្វែងរកបានដោយការលំបាកបំផុត»។

ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានរំលេចដែរថា ការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នេះឡើង ក៏ជាការរំលឹកដល់ ខួប ៤៥ ឆ្នាំ នៃភាពជោគជ័យ នៃការរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ ផងដែរ។ ភាពជោគជ័យនេះ បាននាំឲ្យប្រជាពលរដ្ឋកម្ពុជា រស់រានមានជីវិតឡើងវិញ និងរស់នៅជាមួយសុខសន្តិភាពដូចសព្វថ្ងៃ។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានី និង សមាជិក សមាជិកា បានអញ្ជើញដាក់កម្រងផ្កា នៅមុខស្តូបតម្កល់អដ្ឋិធាតុ ព្រមទាំងនិមន្តព្រះសង្ឃបង្សុកូល ឧទ្ទិសកុសល និងផ្សាយមេត្តាធម៌ជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបប ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ នោះ។

ទន្ទឹមនោះ ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានបញ្ជាក់ពីការលើកទឹកចិត្តពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស ស.ស.យ.ក ដែល សម្ដេច សូមឲ្យសហភាពសហព័ន្ធយុវជនកម្ពុជា បន្តចូលរួមរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានបាត់បង់ជីវិតដោយអយុត្តិធម៌ក្នុងជំនាន់ប៉ុលពត ផងដែរ៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


