ព័ត៌មានជាតិ
ក្រសួងអប់រំ ណែនាំ ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរឱ្យបានត្រឹមត្រូវ
ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់សំណេរ និងអក្ខរាវិរុទ្ធភាសាខ្មែរ នៅលើបណ្តាញផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម និងនៅតាមទីសាធារណៈ ទាំងក្បួនសរសេរ អក្ខរាវិរុទ្ធ និងវេយ្យាករណ៍ ព្រមទាំងបណ្តុះ ស្មារតីស្រលាញ់ និងថែរក្សាអក្សរ និងភាសាជាតិឱ្យបានគង់វង្ស និងរីកចម្រើនថែមទៀតនោះ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រប់អង្គភាពទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សិស្សានុសិស្ស យុវជន និងអ្នកពាក់ព័ន្ធដូចខាងក្រោម៖

១. សិស្សានុសិស្ស និងយុវជនទាំងអស់ត្រូវយកចិត្តទុកដាក់ និងខិតខំរៀនភាសាខ្មែរ ទាំងលើការអាន និងការសរសេរ ឱ្យបានត្រឹមត្រូវតាមអក្ខរាវិរុទ្ធ និងវេយ្យាករណ៍ភាសាខ្មែរ។
២. សិស្សានុសិស្ស យុវជន និងពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ភាសាខ្មែរ ទាំងការនិយាយ ទាំងការសរសេរ ឱ្យបានត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ និងអក្ខរាវិរុទ្ធភាសាខ្មែរ ក្នុងគ្រប់ស្ថានភាព ទោះក្នុង បណ្តាញទំនាក់ទំនងសង្គមឬទំនាក់ទំនងផ្ទាល់ ការផ្សព្វផ្សាយឬការចែករំលែកព័ត៌មាន និងការកម្សាន្ត ណាមួយក្តី។

៣. គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវត្រួតពិនិត្យ និងកែលម្អគ្រប់សំណេរទាំងឡាយ ដែលប្រើប្រាស់ ដាក់តាំង និងផ្សព្វផ្សាយជាសាធារណៈ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សារបស់ខ្លួន ជាពិសេសអក្ខរាវិរុទ្ធ និងក្បួនវេយ្យាករណ៍ភាសាខ្មែរ។
៤. គ្រូបង្រៀនគ្រប់ភូមិសិក្សា គ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជា ត្រូវជំរុញ និងលើកទឹកចិត្ត សិស្ស និងនិស្សិត ឱ្យយកចិត្តទុកដាក់លើការអាន និងការសរសេរភាសាខ្មែរ ឱ្យបានត្រឹមត្រូវ និងផុលផុស។
៥. គណៈគ្រប់គ្រងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវជំរុញឱ្យមានការប្រឡងប្រជែង អាន និងសរសេរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអាន និងការសរសេរភាសាខ្មែរ។
៦- គ្រប់អង្គភាពអប់រំទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសាលារៀន ត្រូវពង្រឹង និងយកចិត្តទុកដាក់ក្នុងការ ប្រើប្រាស់អក្ខរាវិរុទ្ធ និងក្បួនវេយ្យាករណ៍ភាសាខ្មែរឱ្យបានត្រឹមត្រូវ នៅក្នុងលិខិតរដ្ឋបាល ឬលិខិត បទដ្ឋានគតិយុត្តទាំងឡាយ។
៧. មាតាបិតា និងអាណាព្យាបាលសិស្ស ត្រូវជួយជំរុញ បង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តកូនចៅ ក្នុងការអាន ការសរសេរ និងការស្រាវជ្រាវ ដោយប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ។
៨. មាតាបិតា អាណាព្យាបាលសិស្ស និងគ្រូបង្រៀន ត្រូវលើកទឹកចិត្តកូនចៅ និងសិស្សានុសិស្សឱ្យប្រកាន់ ទម្លាប់ប្រើប្រាស់អក្សរខ្មែរ សម្រាប់កត់ត្រា និងសរសេរភាសាខ្មែរ និងគួរចៀសវាងការប្រើអក្សរនៃភាសាដទៃ ជំនួសតួអក្សរខ្មែរ។
ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន មហាជន និងអ្នកពាក់ព័ន្ធទាំងអស់ មេត្តាជួយណែនាំ ត្រួតពិនិត្យ និងកែសម្រួលលើការប្រើប្រាស់សំណេរ និង អក្ខរាវិរុទ្ធភាសាខ្មែរ ដែលបានប្រើប្រាស់ ដាក់តាំង និងផ្សព្វផ្សាយគ្រប់ទម្រង់ នៅតាមទីសាធារណៈ ឬតាមបណ្តាញ ទំនាក់ទំនងសង្គមនានា៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន