ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់ កើតឡើងទៅលើខេត្តចំនួន ១០ ប៉ះពាល់ផ្ទះជាង ១០០ ខ្នង
នៅដើមខែឧសភា ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់បានកើតឡើងទៅលើខេត្តចំនួន ១០ បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋជាង ១០០ ខ្នង ក្នុងនោះមានជាង ៣០ ខ្នង ត្រូវខូចខាតទាំងស្រុង របើកដំបូលសាលារៀន សាលាឆាន់ និងរបស់របរមួយចំនួនទៀតផងដែរ។

លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៦ ឧសភា នេះថា នៅប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលឱ្យមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ ប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ ក៏ដូចជាសត្វពាហនៈផងដែរ។ គិតចាប់ពីដើមខែ រហូតមកដល់ល្ងាចថ្ងៃទី ៥ ឧសភា ភ្លៀងធ្លាក់ស្ទើរតែទូទាំងប្រទេស ពីតិចទៅមធ្យម ពីមធ្យមទៅបង្គួរ។
លោកបានបន្តថា ជាមួយនេះ ខ្យល់កន្ត្រាក់បានប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋជាង ១០០ ខ្នង ហើយខូចខាតផ្ទះទាំងស្រុងជាង ៣០ ខ្នង នៅខេត្តឧត្តរមានជ័យ មណ្ឌលគិរី កំពង់ធំ ក្រចេះ បាត់ដំបង សៀមរាប រតនគិរី ត្បូងឃ្មុំ តាកែវ និងព្រះវិហារ។ ក្នុងនោះ ខេត្តសៀមរាបរងគ្រោះច្រើនជាងគេមានផ្ទះចំនួន ៥៩ ខ្នង ក្នុងនោះខូចខាតទាំងស្រុង ២ ខ្នង របើកដំបូល ៥៧ ខ្នង និង ខេត្តតាកែវ ប៉ះពាល់ផ្ទះ ២៦ ខ្នង ក្នុងនោះខូចខាតទាំងស្រុង ២ ខ្នង ប៉ះពាល់មធ្យម ៨ ខ្នង និងប៉ះពាល់កម្រិតស្រាល ១៦ ខ្នង។

លោកបានបន្តទៀតថា ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នេះដែរ សាខាកាកបាទក្រហមកម្ពុជា បានផ្គត់ផ្គង់សម្ភារៈមួយចំនួន។ ចំណែកអាជ្ញាធរមូលដ្ឋានសហការជាមួយកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ បានចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះទាំងនោះបានទាន់ពេលវេលា។
សម្រាប់រដូវវស្សាឆ្នាំនេះ ក្រសួងធនធានទឹក បានព្យាករថា នឹងមានបាតុភូតផ្គររន្ទះកើតឡើងច្រើនដោយសារបាតុភូត នៃការប្រែប្រួលអាកាសធាតុ ដូចនេះលោកសូមអំពាវនាវដល់ក្រសួង-ស្ថាប័នជំនាញ តាមដានការព្យាករណ៍ស្ថានភាពអាកាសធាតុខ្យល់កន្ត្រាក់ជាប្រចាំ ដើម្បីឱ្យអាជ្ញាធរត្រៀមបង្ការ និងអន្តរាគមន៍ឆ្លើយតបឱ្យបានទាន់ពេលវេលា។ រីឯប្រជាពលរដ្ឋ ក៏ត្រូវតាមដានផងដែរ និងត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ផ្សេងៗ ហើយមុននឹងសាងសង់លំនៅឋាន ត្រូវសិក្សាជាមួយអ្នកជំនាញឱ្យបានច្បាស់លាស់ ដើម្បីធន់ទៅនឹងខ្យល់កន្ត្រាក់ និងអាកាសធាតុ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


