ព័ត៌មានជាតិ
ដាក់ឱសានវាទចុះរៀបចំតំបន់អន្ទង់អាំង (ភ្នំ ១៥០០) ឱ្យទៅជាតំបន់បៃតង ជាតំបន់អេកូទេសចរណ៍ធម្មជាតិ
រដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីជូនដំណឹងពីការចុះរៀបចំ និងដោះស្រាយតំបន់អន្ទង់អាំង (ភ្នំ១៥០០) នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយឱ្យទៅជាតំបន់បៃតង ជាគោលដៅអេកូទេសចរណ៍ធម្មជាតិស្របតាមការណែនាំពីប្រមុខរដ្ឋាភិបាលកម្ពុជា។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់បានលើកពាក់ព័ន្ធដល់ប្រជាពលរដ្ឋចំនួន ៩៨ គ្រួសារ នៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ក្នុងភូមិសាស្ត្រ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ដើម្បីធានាបានការអនុវត្តមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តបានជូនដំណឹងដល់ប្រជាពលរដ្ឋពាក់ព័ន្ធតំបន់អន្ទង់អាំងទាំង ៩៨ គ្រួសារដូចខាងក្រោម៖
១. សម្រាប់ប្រជាពលរដ្ឋទាំង ៦៧ គ្រួសារ ដែលយល់ព្រមចាកចេញពីតំបន់អន្ទង់អាំង (ភ្នំ១៥០០) ត្រូវបន្តសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត ដើម្បីត្រៀមរុះរើចាកចេញពីតំបន់អន្ទង់អាំងទៅទីតាំងថ្មី ដែលរដ្ឋបាលខេត្តទទួលបានការអនុញ្ញាតក្នុងការរៀបចំគោលនយោបាយដីធ្លីពីរាជរដ្ឋាភិបាលជូនពលរដ្ឋទាំង ៦៧ គ្រួសារ ព្រមទាំងត្រូវចូលរួមដាំដើមឈើស្តារឡើងវិញនៅតាមចន្លោះដីដែលគ្មានដំណាំ ឬដីទំនេរដែលធ្លាប់កាន់កាប់កន្លងមក។
២. សម្រាប់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលយល់ព្រមចាកចេញ ហើយទទួលបានគោលការណ៍អនុញ្ញាតបន្តប្រមូលផលទុរេនរយៈពេលបីឆ្នាំ ដើម្បីរំលោះទុនដែលបានវិនិយោគ ដោយត្រូវចូលរួមដាំដើមឈើនៅចន្លោះដីដែលគ្មានដំណាំ និងមិនត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីបន្ថែម ប៉ុន្តែអាចកាន់កាប់និងអាស្រ័យផលនៅទីតាំងថ្មីជាបណ្ដោះអាសន្ន លុះត្រាបោះបង់ទីតាំងចាស់ ទើបមានសិទ្ធស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិលើទីតាំងថ្មីបាន។
៣. សម្រាប់ប្រជាពលរដ្ឋចំនួន ៣១ គ្រួសារ ដែលមិនទាន់យល់ព្រមចាកចេញពីតំបន់អន្ទង់អាំង ត្រូវពិចារណាសម្រេចចិត្តក្នុងរយៈពេល ៣០ ថ្ងៃ (ចាប់ពីថ្ងៃជូនដំណឹង) ក្នុងការយល់ព្រមចាកចេញ ហើយដាក់ពាក្យ ស្នើសុំគោលនយោបាយដីធ្លីមករដ្ឋបាលខេត្តពោធិ៍សាត់។
ករណីផុតកំណត់រយៈពេល ៣០ ថ្ងៃ នៅតែមិនព្រមសម្រេចចិត្តរុះរើចាកចេញ ឬដាក់ពាក្យស្នើសុំគោលនយោបាយដីធ្លីទេ ការខាតបង់ផលប្រយោជន៍ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋជាការទទួលខុសត្រូវដោយខ្លួនឯង ព្រមទាំងត្រូវប្រឈមក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។
ឆ្លើយតបការសាកសួរពីកម្ពុជាថ្មីក្នុងដំណើរទៅស្រុកវាលវែងកាលពីសប្តាហ៍មុននេះ លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង ខេត្តពោធិ៍សាត់បានបញ្ជាក់ថា ផ្ទៃដីនៅតំបន់ជើងភ្នំ ១៥០០ ដែលអាជ្ញាធរបង្រ្កាបបានពីការរុករានដោយខុសច្បាប់មានទំហំប្រហែល ៥០ ហិកតា។
លោកថា ជាគោលដៅរបស់រដ្ឋាភិបាលនៅតំបន់ភ្នំ ១៥០០ ឬផ្លូវអន្ទង់អាំង គឺមិនអនុញ្ញាតិឲ្យមានការសាងសង់សំណង់ណាមួយនោះទេ ដោយរក្សាទុកជាព្រៃឈើធម្មជាតិដើម្បីរៀបចំជាតំបន់អេកូទេសចរណ៍។
រដ្ឋបាលស្រុកវាលវែង បានត្រៀមដាំកូនឈើចម្រុះរាប់ម៉ឺនដើមនៅចំណុចផ្លូវអន្ទង់អាំងលើភ្នំ ១៥០០ តាមបណ្ដោយផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយទទួលកូនឈើព្រៃត្រូពិកដ៏កម្រចំនួន ២ ម៉ឺនដើម ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)។

លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង ខេត្តពោធិ៍សាត់បានឲ្យដឹងថា កូនឈើទាំងនោះនឹងយកទៅដាំនៅតំបន់ជើងភ្នំ ១៥០០ តាមផ្លូវអន្ទង់អាំង ដែលជាតំបន់គោលដៅអេកូទេសចរណ៍ដ៏ទាក់ទាញនៅស្រុកវាលវែងខេត្តពោធិ៍សាត់។
កូនឈើចំនួនពីរម៉ឺនដើម ដែលគ្រោងដាំនៅចំណុចផ្លូវអន្ទង់អាំង មានកូនឈើចំនួន ៧ ប្រភេទ ត្រូវបានចាត់ថ្នាក់ជាប្រភេទរងការគំរាមកំហែង បើយោងតាមសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ កូនឈើទាំងនោះរួមមាន ធ្នង់ ក្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល និងប្រភេទផ្សេងទៀត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


