ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ជំរុញឱ្យប្រទេសជម្លោះសមុទ្រចិនខាងត្បូង សម្រេចឱ្យបាន COC
ដើម្បីឈានទៅសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ឱ្យបានឆាប់ តួនាទីរបស់អាស៊ាន និងបណ្ដាប្រទេសពាក់ព័ន្ធ គឺពិតជាមានសារៈសំខាន់ តាមរយៈកិច្ចសន្ទនាលើតុចរចា។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភាទៅកាន់មន្ត្រីការទូតហ្វីលីពីន ក្នុងជំនួបកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា នៅពេលដែលក្រមប្រតិបត្តិ COC សម្រេចបានហើយនោះ វានឹងកាត់បន្ថយនូវភាពតានតឹង ហើយបណ្ដាប្រទេសនៅក្នុងតំបន់ នឹងមានជំនឿទុកចិត្តគ្នាទៅវិញទៅមក និងធ្វើឱ្យសមុទ្រចិនខាងត្បូងអាចក្លាយជាច្រកដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្មរវាងបណ្ដាលប្រទេសនៅក្នុងតំបន់ ក៏ដូចជាអន្តរជាតិវិញ។
ជាការកត់សម្គាល់ បញ្ហាសមុទ្រចិនខាងត្បូង គឺជាជម្លោះដែនសមុទ្ររវាងចិន និងប្រទេសជាសមាជិកអាស៊ានចំនួន៤ គឺ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ ដែលត្រូវបានចាត់ទុកថា ជាបញ្ហាជម្លោះដ៏ក្ដៅមួយនៅក្នុងតំបន់អាស៊ាន បន្ទាប់ពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលកាន់តែធ្ងន់ធ្ងរ និងអូសបន្លាយ។
នៅក្នុងជំនួបជាមួយលោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បង្ហាញនូវការស្វាគមន៍នៃកិច្ចសន្ទនាដែលហ្វីលីពីនកំពុងធ្វើជាមួយនឹងភាគីចិន ក៏ដូចបណ្ដាប្រទេសពាក់ព័ន្ធ មានវៀតណាម ជាដើម ដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដ៏ជាក់លាក់មួយនៅក្នុងការសម្រួលសភាពការណ៍នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។

ប៉ុន្តែយ៉ាងណា សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ដើម្បីឈានទៅរកដំណោះស្រាយជាស្ថាពរ គឺភាគីទាំងអស់នៅក្នុងតំបន់សមុទ្រចិនខាងត្បូងត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង DOC ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញកាលពីឆ្នាំ២០០២ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ។ សម្ដេចតេជោ ក៏បានស្នើសុំឱ្យភាគីពាក់ព័ន្ធនៅសមុទ្រចិនខាងត្បូងធ្វើការសម្របសម្រួលគ្នា ដើម្បីចៀសវាងជម្លោះណា មួយ ហើយពិភាក្សាប្រកបដោយន័យស្ថាបនា សំដៅបញ្ចៀសភាពតានតឹងនៅក្នុងតំបន់។

លើកឡើងក្នុងជំនួបនេះដែរ លោកស្រីឯកអគ្គរដ្ឋទូតហ្វីលីពីន បានជម្រាបជូនសម្តេចតេជោ ថា រយៈពេលជាង ៤២ឆ្នាំ ដែលបម្រើការងារនៅក្នុងក្រសួងការបរទេសហ្វីលីពីន លោកស្រីតែងបានតាមដានរាល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងនោះ លោកស្រីតែងបានកោតសរសើរ និងស្ញប់ស្ញែងចំពោះក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោមានចំពោះ សហគមន៍អាស៊ាន។ លោកស្រីឯកអគ្គរដ្ឋទូត ចាត់ទុកថា សម្តេចតេជោ គឺជាកម្លាំងមគ្គុទេសន៍បង្ហាញផ្លូវដល់អាស៊ាន ដែលបានរួមចំណែកយ៉ាងច្រើនដល់ការវិវត្តរបស់អាស៊ាន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


