ព័ត៌មានជាតិ
តំបន់ការពារធម្មជាតិ ៥ កន្លែង នៅខេត្តមណ្ឌលគិរី មាន ៤ កន្លែងទទួលបានការគាំទ្រពីអង្គការដៃគូ
ក្នុងចំណោមតំបន់ការពារធម្មជាតិចំនួន ៥ កន្លែង ក្នុងខេត្តមណ្ឌលគិរី មានតំបន់ការពារធម្មជាតិចំនួន ៤ កន្លែង ដែលទទួលបានការគាំទ្រពីអង្គការជាដៃគូ ដើម្បីចូលរួមថែរក្សាការពារធនធានធម្មជាតិ និងជីវចម្រុះក្នុងប្រទេសកម្ពុជា។
លោក ព្រំ វិបុលរតនៈ ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រិចលំផាត់ នៅខេត្តមណ្ឌលគិរីបានគូសបញ្ជាក់ នៅខេត្តមណ្ឌលគិរីមានតំបន់ការពារធម្មជាតិចំនួន ៥ កន្លែង។ តំបន់ការពារធម្មជាតិចំនួន ៥ មាន ៤ កន្លែង ទទួលបានការគាំទ្រពីអង្គការជាដៃគូ។ ក្នុងនោះតំបន់ការពារធម្មជាតិកែវសីមា ទទួលបានការគាំទ្រពីអង្គការ WCS តំបន់ការពារធម្មជាតិស្រែពក និងភ្នំព្រេច ទទួលបានការគាំទ្រពីអង្គការ WWF តំបន់ការពារធម្មជាតិលំផាត់ ទទួលបានការគាំទ្រពីអង្គការ Natural Life ខណៈតំបន់ការពារធម្មជាតិភ្នំណាមលៀរមិនទាន់មានអង្គការណាជួយគាំទ្រនៅឡើយទេ។

តំបន់ការពារធម្មជាតិនៅក្នុងខេត្តមណ្ឌលគិរីគ្របដណ្ដប់លើផ្ទៃដីទំហំជាង ១ លាន ១ សែនហិកតា។ ខណៈមន្រ្តីឧទ្យានុរក្សបម្រើការងារមានត្រឹម ៩៥ នាក់ មិនសមាមាត្រវិសាលភាពផ្ទៃដីដ៏ធំ ទើបអាជ្ញាធរបានរៀបចំបង្កើតឲ្យមានសហគមន៍ការពារធនធានធម្មជាតិនៅតំបន់ដែលត្រូវការពារ។
លោក ព្រំ វិបុលរតនៈបានបញ្ជាក់ថា បច្ចុប្បន្ននេះនៅខេត្តមណ្ឌលគិរី មានសហគមន៍ការពារធម្មជាតិចំនួន ២៤ សហគមន៍ ក្នុងនោះនៅកែវសីមាមាន ៧ សហគមន៍ នៅភ្នំណាមលៀរមាន ១ សហគមន៍ នៅលំផាត់មាន ១ សហគមន៍ នៅស្រែពកមាន ៩ សហគមន៍ និងនៅភ្នំព្រេចមាន ៦ សហគមន៍។

បើតាមលោក ព្រំ វិបុលរតនៈ តាមរយៈការចូលរួមពីសហគមន៍ បានដើរតួនាទីយ៉ាងសំខាន់ដូចជារបងដ៏រឹងមាំក្នុងការរួមគ្នាចូលរួមថែរក្សានិងការពារជីវចម្រុះ និងធនធានធម្មជាតិប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា។
បើតាមសៀវភៅ “កម្ពុជាមាតុភូមិខ្ញុំ” ដែលបោះពុម្ពដោយក្រសួងបរិស្ថាន បានឱ្យនិយមន័យថា តំបន់ការពារធម្មជាតិ សំដៅដល់តំបន់នៃដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ។ សម្បត្តិសាធារណៈទាំងនោះរួមមាន ដែនដីគោក ឬ ដែនដីទឹក ឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬ តំបន់ដែលបង្កើតថ្មី ក្នុងដែនដីសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។ ក្នុងសៀវភៅនោះ ក៏បានបង្ហាញពីការចែកចេញតំបន់ការពារធម្មជាតិជា ៨ ប្រភេទ ដូចខាងក្រោម៖
១.តំបន់ឧទ្យានជាតិ
២.តំបន់ដែនជម្រកសត្វព្រៃ
៣.តំបន់ទេសភាព
៤.តំបន់ប្រើប្រាស់ច្រើនយ៉ាង
៥.តំបន់រ៉ាមសារ
៦.តំបន់ស្នូលនៃបឋនីយជីវមណ្ឌល
៧.តំបន់បេតិកភណ្ឌធម្មជាតិ
៨.តំបន់ឧទ្យានជាតិសមុទ្រ

តំបន់ការពារធម្មជាតិត្រូវបានកំណត់ព្រំដែនជា ៤ តំបន់ដូចខាងក្រោម៖
–តំបន់ស្នូល៖ តំបន់ដែលមានតម្លៃអភិរក្សខ្ពស់ និងមានអំបូរសត្វនិងរុក្ខជាតិងាយរងគ្រោះដោយការគំរាមកំហែង ក៏ដូចជាមានបរិស្ថានជីវៈចម្រុះងាយរងគ្រោះ។ ការចូលទៅកាន់តំបន់ស្នូលនេះ ត្រូវបានហាមឃាត់ និងមានការលើកលែងតែចំពោះមន្ត្រីរដ្ឋបាលអភិរក្សនិងការពារធម្មជាតិ និងអ្នកស្រាវជ្រាវតែប៉ុណ្ណោះ។មន្ត្រីរដ្ឋបាលទទួលបន្ទុកអភិរក្សនិងការពារធម្មជាតិ អាចផ្តល់សិទ្ធិចូលទៅកាន់តំបន់នេះដល់មន្ត្រី និងអ្នកស្រាវជ្រាវដោយមានការអនុញ្ញាតិពីក្រសួងបរិស្ថានជាមុន។មានករណីលើកលែងចំពោះមន្ត្រីទទួលបន្ទុកសន្តិសុខ និងការពារជាតិដែលមានសិទ្ធិអនុញ្ញាតក្នុងការចូលទៅកាន់តំបន់នេះ។ រាល់ការប្រើប្រាស់ធនធាតិធម្មជាតិក្នុងតំបន់ស្នូល ត្រូវបានហាមឃាត់ជាកំហិត។សកម្មភាពកសិកម្មត្រូវបានហាមឃាត់ផងដែរ។
–តំបន់អភិរក្ស៖ គឺជាតំបន់ដែលមានតម្លៃអភិរក្សខ្ពស់ រួមមានធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី តំបន់ទីជម្រាលនិងតំបន់ទេសភាពធម្មជាតិដែលមានទីតាំងស្ថិតនៅក្បែរតំបន់ស្នូល។ ការចូលទៅកាន់តំបន់នេះ ត្រូវមានការអនុញ្ញាតពីរដ្ឋបាលអភិរក្សនិងការពារធម្មជាតិជាមុន។ សហគមន៍ខ្នាតតូច ដែលប្រើអនុផលព្រៃឈើ ដើម្បីទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋមូលដា្ឋនត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់តំបន់នេះក្រោមការត្រួតពិនិត្យយ៉ាងតឹងតែង និងក្រោមលក្ខខណ្ឌមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅលើជីវៈចម្រុះនៅក្នុងតំបន់នោះ។ការចូលទៅកាន់តំបន់នេះទាមទារការអនុញ្ញាតពីរដ្ឋបាលអភិរក្សនិងការពារធម្មជាតិ និងមានករណីលើកលែងចំពោះមន្ត្រីទទួលបន្ទុកសន្តិសុខនិងការពារជាតិ។រាល់ការប្រើប្រាស់ធនធាតិធម្មជាតិក្នុងតំបន់ស្នូលត្រូវបានហាមឃាត់ជាកំហិត។សកម្មភាពកសិកម្មត្រូវបានហាមឃាត់ផងដែរ។
–តំបន់ប្រើប្រាស់ដោយចីរភាព៖ ជាតំបន់ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ចំពោះការអភិវឌ្ឍ និងការគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងការអភិរក្សតំបន់ការពារ។ដោយឡែកពីតំបន់ស្នូលនិងតំបន់អភិរក្ស តំបន់នេះអនុញ្ញាតឱ្យមានការសាងសង់ ក្រោមការកំហិតនិងការអនុញ្ញាតពីក្រសួងបរិស្ថាន។ រដ្ឋាភិបាលអាចនឹងអនុញ្ញាតឱ្យរដ្ឋបាលមូលដ្ឋានឬសហគមន៍ធ្វើការអផិវឌ្ឍនិងវិនិយោគនៅក្នុងតំបន់នេះដោយផ្អែកតាមលក្ខខណ្ឌកំណត់ដោយក្រសួងបរិស្ថាន។ ការប្រើប្រាស់ធនធានធម្មជាតិអាចត្រូវបានអនុញ្ញាតប្រសិនបើតំបន់នេះត្រូវបានប្រើប្រាស់ជាតំបន់ការពារសហគមន៍។ក្រសួងបរិស្ថានអាចបែងចែកផ្នែកមួយចំនួននៃតំបន់នេះទៅកាន់សហគមន៍ក្នុងនាមជាតំបន់ការពាររបស់សហគមន៍។
–តំបន់សហគមន៍៖ ជាតំបន់បម្រុងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច។ តំបន់នេះរួមមានដីប្រជាពលរដ្ឋ វាលស្រែ វាលចំការនិងតំបន់សម្រាប់ធ្វើកសិកម្ម។ ប័ណ្ណកម្មសិទ្ធិដីទាមទារឱ្យមានការអនុញ្ញាតពីក្រសួងបរិស្ថាន។

ក្រៅពីតំបន់ការពារធម្មជាតិធំៗទាំង៨ ក៏មានរបៀងអភិរក្ស ៣ ដែរ គឺនៅភូមិភាគឦសាន និងឧត្តរ និងនៅជួរភ្នំក្រវាញ សរុបផ្ទៃដីចំនួន ១៤២.៧៩៤០ ហិកតា ហើយបើសរុបផ្ទៃដីទាំងអស់នៃតំបន់ការពារធម្មជាតិនៅកម្ពុជាគឺមាន ៧.៥១៥.៣៤២,២៧១ ហិកតា៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


