ព័ត៌មានជាតិ
អ្នកទេសចរជាង៣ម៉ឺននាក់ទៅលេងកម្សាន្តនៅខេត្តកោះកុង អំឡុងពិធីបុណ្យអុំទូក៣ថ្ងៃ
អ្នកទេសចរជាតិ និងអន្តរជាតិ ៣១,៤១៨នាក់ បាននាំគ្នាទៅលេងកម្សាន្តនៅតាមបណ្តារមណីយដ្ឋានតំបន់ទេសចរណ៍នានាក្នុងខេត្តកោះកុង ដោយចំនួននេះកើនប្រមាណ ៣,០៥៧ នាក់ ស្មើនឹង១១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។

ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានផ្សព្វផ្សាយនៃមន្ទីរទេសចរណ៍ខេត្តកោះកុង ឱ្យដឹងថា ៣ថ្ងៃនៃពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ មានភ្ញៀវទេសចរជាតិ ៣០,៨២២ នាក់ និងភ្ញៀវបរទេសចំនួន ៥៩៦ នាក់ បានមកស្នាក់នៅលេងកម្សាន្តតាមតំបន់គោលដៅទេសចរណ៍នានារបស់ខេត្ត។
លោក សាគុណ ភក្តី គូសបញ្ជាក់ទៀតថា អត្រាអ្នកទេសចរមកលេងកម្សាន្តនៅពេលនេះ បានកើន ៣,០៥៧ នាក់ ស្មើនឹង ១១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ មូលហេតុដែលឱ្យមានចំនួនអ្នកទេសចរកើនយ៉ាងដូច្នេះ ក៏ព្រោះតែរដ្ឋបាលខេត្តកោះកុងបានរៀបចំកម្មវិធីប្រណាំងទូក ដាល់អំបុក ការប្រគុំតន្ត្រី ប្រកួតសម្រស់ស្តី្រមជ្ឈឹមវ័យ និងប្រទីបស្អាត អមជាមួយពិព័រណ៍ផលិតផល ម្ហូបអាហារ និងពិធីបណ្តែតប្រទីប នៅសួនច្បារមុខសាលាខេត្ត។

សម្រាប់ស្ថានភាពផ្លូវពីរាជធានីភ្នំពេញមកកាន់តំបន់ឆ្នេរសមុទ្រជ្រោយស្វាយ ស្រុកស្រែអំបិល និងតំបន់កោះស្តេច ស្រុកគិរីសាគរ មានភាពងាយស្រួលបន្តិចហើយសម្រាប់ការធ្វើដំណើរដោយចំណាយពេលខ្លី។ មន្រ្តីទេសចរណ៍ដដែល ក៏រំពឹងថា នៅពេលផ្លូវជាតិលេខ៤៨ស្ថាបនាហើយរួចរាល់ អត្រាភ្ញៀវទេសចរនឹងបន្តកើនឡើងជាលំដាប់នៅតាមតំបន់ទេសចរណ៍នានាក្នុងភូមិសាស្រ្តខេត្តកោះកុង។

ដោយឡែកលោក ឃក់ ជា អ្នកចាត់ការទូទៅនៃផ្ទះសំណាក់សុភមង្គល និងលោក សុខ សឿន ជាអ្នកគ្រប់គ្រងទូទៅកាហ្វេភ្នំឯនាយសមុទ្រ បានឱ្យដឹងស្រដៀងគ្នាថា អត្រាអ្នកទេសចរក្នុងស្រុកអញ្ជើញមកស្នាក់នៅលេងកម្សាន្តច្រើនជាងឆ្នាំទៅ ដោយអ្នកទេសចរទាំងអស់ចាប់អារម្មណ៍លើទេសចរណ៍ធម្មជាតិ និងអាហារថ្មីៗស្រស់ៗ។
អ្នកគ្រប់គ្រងផ្តល់សេវាស្នាក់នៅ និងហូបចុកដដែលបន្ថែមថា ពួកគាត់មិនដំឡើងសេវាកម្មអ្វីឡើយ ពោលគឺមានតែបញ្ចុះតម្លៃជូនអតិថិជនទៀតផង ដើម្បីជាការលើកទឹកចិត្តដល់ភ្ញៀវមកលេងកម្សាន្ត និងតេស្តរសជាតិអាហារនៅកន្លែងរបស់ពួកគាត់ប្រកបដោយទំនុកចិត្តខ្ពស់៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
ចរាចរណ៍២១ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២១ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


