ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី៖ ការវិភាគបញ្ហាជាន់មុខងារតាមក្រសួងនាពេលនេះ មិនមែនព្រោះតែរដ្ឋាភិបាលអាណត្តិមុនៗដឹកនាំខុសឡើយ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើង ដើម្បីបង្ការទុកមុនថា ការត្រួតពិនិត្យរកមើលបញ្ហាជាន់តួនាទីភារកិច្ចគ្នានៅតាមក្រសួងស្ថាប័ននីមួយៗ នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតី នាពេលនេះ មិនមែនដោយសារតែរាជរដ្ឋាភិបាលអាណត្តិមុនៗធ្វើកំណែទម្រង់មុខងារសាធារណៈខុសឡើយ។ តាមឯកឧត្ដម ហ៊ុន ម៉ានី ការវិភាគមុខងារសាធារណៈ គឺបាន និងកំពុងធ្វើឡើងជាប់ជាប្រចាំ ដើម្បីធានាថាបានផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព សម្រេចបានជាប្រយោជន៍ និងទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) លើកឡើងដូច្នេះ គឺដើម្បីបង្ការទុកមុន កុំឱ្យអ្នកនយោបាយ ឬអ្នកវិភាគមួយចំនួន លើកឡើងថា «មូលហេតុដែលរដ្ឋាភិបាលនីតិកាលទី៧ ចាប់ផ្ដើមវិភាគមុខងារសាធារណៈ គឺដោយសារតែរដ្ឋាភិបាលនីតិកាលមុន ធ្វើខុស» ឬយកបញ្ហាការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដើម្បីកេងចំណេញផ្នែកនយោបាយ។
នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបង្ការទុកមុនដូច្នេះ៖«ខ្ញុំសូមបញ្ជាក់ ដើម្បីកុំឱ្យមានការបកស្រាយណាមួយថា ការវិភាគមុខងារនៅក្នុងដើមឆ្នាំអាណត្តិទី៧នេះ គឺដោយសារពីមុនៗមកធ្វើខុស។ បើយើងបានសិក្សាជាបន្តបន្ទាប់ គឺការកែទម្រង់រដ្ឋបាលសាធារណៈ មិនថាកម្ពុជា មិនថាប្រទេសណាទេ គឺត្រូវធ្វើការវាយតម្លៃជាប្រចាំ ហើយនឹងវិវត្តន៍ទៅតាមកាលៈទេសៈ និងបរិបទ និងកត្តាតម្រូវ។ ជាពិសេសក្នុងគោលដៅ ជាមូលដ្ឋានក្នុងការផ្ដល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព ហើយទទួលបាននូវ ជំនឿទុកចិត្តពីប្រជាពលរដ្ឋរបស់យើងបន្ថែមទៀត»។

គួរឱ្យដឹងថា ភាពចាំបាច់នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន គឺជាការខិតខំប្រឹងប្រែងដោះស្រាយបញ្ហានូវភាពមិនច្បាស់លាស់ ឬការត្រួតជាន់គ្នានៃមុខងារ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួងស្ថាប័ន, ភាពខ្វះចន្លោះនៃការធ្វើអាទិភាវូបនីយកម្ម ឈរលើមូលដ្ឋាននៃធនធានមនុស្ស របស់ក្រសួងស្ថាប័ន, ភាពស្មុគស្មាញ និងបញ្ហាលំបាកនៅក្នុងអន្តរទំនាក់ទំនងរវាងក្រសួង ស្ថាប័ន, បញ្ហាអសង្គតិភាព ឬភាពមិនរលូន និងប្រទាក់ក្រឡា នែការកំណត់សមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន, បណ្តឹងតវ៉ា និងភាពមិនពេញចិត្តពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់សេវា ចំពោះកម្រិតគុណភាពនៃសេវា ដែលផ្តល់ដោយក្រសួង ស្ថាប័ន, និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងការអនុវត្តការងារ និងសកម្មភាពទាំងឡាយរបស់ក្រសួង ស្ថាប័នជាដើម។
រាប់ពីខែមិថុនា មកដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការវិភាគមុខងារសាធារណៈទៅលើក្រសួង-ស្ថាប័នចំនួន៩ដូចជា ក្រសួងមហាផ្ទៃ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងអប់រំ យុវជន និងកីឡា ,ក្រសួងយុត្តិធម៌, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល, ទីស្ដីការគណរដ្ឋមន្ត្រី, ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃអង្គារ នេះ ឯកឧត្ដម ហ៊ុន ម៉ានី បានអះអាងថា ក្រោយពីបានប្រមូលព័ត៌មានតាមរយៈការវិភាគមុខងារលើក្រសួងស្ថាប័នរួចរាល់ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងរៀបចំរបាយការណ៍ ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងរងចាំការតម្រង់ទិសពីសំណាក់សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


