ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មាន ប្រាប់សង្គមស៊ីវិលខ្លះកុំវាយតម្លៃសេរីភាពសារព័ត៌មាន តាមចិត្តម្ចាស់ជំនួយ
ឆ្លើយតបរបាយការណ៍វាយតម្លៃពីស្ថានភាពសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិនៅកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជា ល្អប្រសើរឡើង ខុសពីការវាយតម្លៃ។ ភ្ជាប់ការអះអាងនេះ លោករដ្ឋមន្ត្រី ក៏ប្រាប់ទៅកាន់អង្គការមួយចំនួនដែលតាមដានស្ថានភាពសារព័ត៌មានរបស់កម្ពុជា ថា កុំវាយតម្លៃតាមតែចិត្តម្ចាស់ជំនួយ។

គ្រប់ពេលដែលនិយាយអំពីសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិនៅកម្ពុជា គឺមានអង្គការ សមាគមការពារសិទិ្ធសេរីភាពសារព័ត៌មាន តែងបានលើកឡើងពីការរឹតត្បិតសិទ្ធិសេរីពីអាជ្ញាធរ ហើយអង្គការសង្គមស៊ីវិលខ្លះ ថែមទាំងបានចាត់ថ្នាក់ឱ្យកម្ពុជា ថា សេរីភាពសារព័ត៌មាននៅកម្ពុជាបន្តស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារការធ្វើទុក្ខបុកម្នេញរបស់រាជរដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាដើម។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា តាមការស្ទង់មតិ ដែលចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យសារព័ត៌មាន គឺបានបង្ហាញថា សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាល្អប្រសើរ ខុសពីការវាយតម្លៃរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកសន្និសីទស្តីពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយលើកទី២ ក្រោមប្រធានបទ «លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកឡើងដូច្នេះថា «ស្ថានភាពជារួមនៃសេរីភាពសារព័ត៌មាន កម្ពុជាយើងមិនល្អឥតខ្ចោះទេ ក៏ប៉ុន្តែបើសិនជាប្រៀបធៀបជាមួយបណ្ដាប្រទេសនៅក្នុងតំបន់របស់យើង កម្ពុជាក៏មិនមែនជាសិស្សអាក្រក់ទេ ប៉ុន្តែជាសិស្សល្អមួយ នៅក្នុងក្របខណ្ឌនៃសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន»។

លោករដ្ឋមន្ត្រី បន្តថា យោងតាមរបាយការណ៍ស្ទង់មតិរបស់ក្រសួងព័ត៌មាននៅទូទាំងប្រទេស គឺមានអ្នកសារព័ត៌មាន ៧៩,៨% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ។ លោក ចាត់ទុកថា នេះជាចំណុចមួយ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវស្ថានភាពជារួមក្នុងសេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិនៅកម្ពុជា ដោយមិនមែនមើលតែមួយជ្រុង។
ក្នុងន័យនេះ លោក នេត្រ ភក្ត្រា បានស្នើឱ្យអង្គការសង្គមស៊ីវិល ដែលធ្វើការលើការវាយតម្លៃសិទ្ធិសេរីភាពសារព័ត៌មាន ត្រូវមានសុភវិនិច្ឆ័យឱ្យបានគ្រប់ជ្រុងជ្រោយ ទើបធ្វើឱ្យការវាយតម្លៃជារួមនៃរបាយការណ៍ត្រឹមត្រូវ ពោលគឺកុំគិតថាឱ្យតែករណីអ្នកកាសែត សុទ្ធតែលើកពីសិទ្ធិសេរីភាពបញ្ចេញមតិ។ លោក សង្កត់ធ្ងន់ថា៖ «របាយការណ៍មិនមែនវាយតម្លៃ ទៅលើម្ចាស់ជំនួយទេ គឺឈរលើមូលដ្ឋានតាមពិតជាក់ស្ដែង»។

អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជា សិទ្ធិនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយ ត្រូវបានធានាយ៉ាងពេញលេញ ដែលក្នុងនោះអ្នកសារព័ត៌មានមិនត្រូវប្រើប្រាស់សិទ្ធិទាំងនោះធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងប៉ះពាល់ដល់ទំនៀមទម្លាប់សង្គម សណ្តាប់ធ្នាប់សាធារណៈ រួមទាំងសន្តិសុខជាតិនោះទេ។ នេះជាការបញ្ជាក់ជាថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសារលិខិតអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២១ ឆ្នាំ២០២៤នេះ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


