សេដ្ឋកិច្ច
កម្ពុជា រកចំណូលបានជាង $៤៧ លាន ពីការលក់សំបុត្រចូលអង្គរ នៅឆ្នាំ ២០២៤
កម្ពុជារកចំណូលបានជាង ៤៧ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរនៅក្នុងឆ្នាំ ២០២៤ កើនឡើង ២៨,៥៧ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ បង្ហាញថា នៅក្នុងឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង ២៨,២៧ ភាគរយ ខណៈប្រាក់ចំណូលទទួបាន ៤៧ ៨២៦ ៩៨១ ដុល្លារ កើនឡើង ២៨,៥៧ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៥ នេះថា ចំនួនភ្ញៀវទេសចរដែលកម្ពុជាទទួលបាន នៅមានកម្រិតទាប ដែលទាមទារឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធខិតខំប្រឹងប្រែងបន្ថែមទៀត។

លោក ធួន ស៊ីណាន យល់ឃើញថា៖ «ប្រសិនបើភូមិសាស្ត្រនយោបាយពិភពលោក និងវិបត្តិផ្សេងៗ មិនរីករាលដាលបន្ថែមទៀត ខ្ញុំគិតថា កំណើនទេសចរ និងល្អប្រសើរជាងឆ្នាំ ២០២៤ រួមផ្សំនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ប៉ុន្តែប្រសិនបើភូមិសាស្ត្រនយោបាយ និងបញ្ហាផ្សេងៗនៅតែបន្តវិវត្ត យើងពិបាកប៉ាន់ស្មានណាស់ យើងនឹងដឹងស ខ្មៅ នៅពេលដែលលោក ដូ ណាល់ត្រាំ ឡើងកាន់អំណាចបាន ៣ ខែហើយ អ្វីដែលជានយោបាយរបស់លោក ត្រាំ ខណៈកម្ពុជា និងប្រទេសផ្សេងៗទៀត ត្រូវពឹងផ្អែកលើចរន្តព្រឹត្តិការណ៍របស់ពិភពលោកទាំងមូល»។
លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៍ទេសចរអង្គរប្រាប់កម្ពុជាថ្មីថា វិស័យទេសចរណ៍ជាមាសបៃតង បើមានភ្ញៀវទេសចរកាន់តែច្រើន គឺអាចបង្កើតការងារឱ្យមនុស្សទូទៅ មិនចំពោះតែប្រតិបត្តិករទេសចរណ៍ទេ អ្នកប្រកបរបរកសិកម្មក៏ទទួលផលដែរ ដែលលោកអះអាងថា ជាវិស័យសំខាន់បម្រើការងារច្រើនដល់ប្រទេសជាតិ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងថា តាមរយៈការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រ និងវិធានការអន្តរាគមន៍នានា និងការប្ដេជ្ញាចិត្ត ក្នុងការចូលរួមពីអន្តរក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ បានបង្ហាញថា អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយបានក្លាយជាកម្លាំងចលករក្នុងការជំរុញវិស័យទេសចរកម្ពុជាឱ្យងើបឡើងវិញ និងកំពុងវិលត្រឡប់ទៅរកស្ថានភាពដូចមុនវិបត្តិកូវីដ១៩។
យោងតាមរបាយការណ៍របស់ក្រសួងទេសរណ៍ គិតត្រឹមរយៈពេល ១១ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦ លាននាក់ ក្នុងនោះទេសចរណ៍មកពីប្រទេសថៃច្រើនជាងគេចំនួន ១,៩១ លាននាក់ កើន ១៥,៤% វៀតណាម ១,២០ លាននាក់ កើន ៣០,៨% ចិនជាង ៧៦ ម៉ឺននាក់ កើន ៥៤,៥% ឡាវជាង ៣០ ម៉ឺននាក់ ធ្លាក់ចុះ ៧% អាមេរិកជិត ២០ ម៉ឺននាក់ កើន ១៦,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។
នៅឆ្នាំ ២០២៤ កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ៦,៧ លាននាក់ ពោលគឺលើសមុនពេលជំងឺកូវីដ១៩ និងទេសចរជាតិប្រមាណ ២២ លាននាក់៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ