ព័ត៌មានជាតិ
ជួបសមាជិកសភាអាមេរិក, មន្ត្រីក្រសួងការពារជាតិ បញ្ជាក់ពីការធ្វើទំនើបកម្មមូលដ្ឋានទ័ពរាម ដើម្បីពង្រឹងសន្តិសុខដែនសមុទ្រ
ជាថ្មីម្ដងទៀត ជុំវិញនឹងមន្ទិលនៃការធ្វើទំនើបកម្មនៅមូលដ្ឋានទ័ពរាម មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ទៅសមាជិកសភាអាមេរិក ថា ធ្វើឡើងក្នុងគោលបំណងពង្រឹងសន្តិសុខដែនសមុទ្ររបស់កម្ពុជា ពិសេសការកែលម្អកន្លែងចូលសំចតទាំងនាវាយោធា និងស៊ីវិល។

ឱកាសទទួលជួបសន្ទនាជាមួយប្រតិភូសភាអាមេរិក ដឹកនាំដោយលោក ជីមមី ផាន់នេតតា (JIMMY PANETTA) សមាជិកសភាអាមេរិកប្រចាំរដ្ឋកាលីហ្វ័រញ៉ា កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៧ នៅទីស្ដីការក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់ទៅកាន់ភាគីអាមេរិក ថា ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម គឺមានសារៈសំខាន់ណាស់សម្រាប់ការពង្រឹងសន្តិសុខដែនសមុទ្ររបស់កម្ពុជា ខណៈកម្ពុជាប្រឈមនឹងបញ្ហាមួយចំនួន ជាអាទិ៍ ការនេសាទខុសច្បាប់ ការរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្ស។
ម្យ៉ាង ទំនើបកម្មមូលដ្ឋានសមុទ្ររាម គឺមានគោលបំណងកែលម្អកន្លែងចូលសំចតសម្រាប់នាវាយោធា និងស៊ីវិល ដែលអនុញ្ញាតឱ្យមានសេវាថែទាំកាន់តែប្រសើរឡើងនៅក្នុងដែនទឹកកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋលេខាធិការ ដែលបានដកស្រង់ខ្លឹមសារពីការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា។

ការបញ្ជាក់របស់កម្ពុជាទាក់ទិននឹងរឿងមូលដ្ឋានទ័ពរាមនេះ មិនមែនជាលើកទី១ឡើយ ដោយកន្លងទៅ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ធ្លាប់បានបកស្រាយ និងបំភ្លឺជាច្រើនលើកច្រើនសារ ថែមទាំងអនុញ្ញាតឱ្យអនុព័ន្ធយោធាបណ្ដាប្រទេសនានាចុះទៅពិនិត្យនៅមូលដ្ឋានសមុទ្ររាមក៏ដោយ ក៏បញ្ហានេះនៅតែជាមន្ទិលសង្ស័យពីសំណាក់ប្រទេសមួយចំនួន។ ជារឿយៗ ទាំងក្រុមប្រឆាំងនៅក្រៅប្រទេស សារព័ត៌មានបរទេស ក៏ដូចជាប្រទេសធំៗខ្លះ តែងតែព្យាយាមចោទប្រកាន់មកលើកម្ពុជា ថា បានអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីរបស់ខ្លួន ពោលគឺចោទថា នៅមូលដ្ឋានសមុទ្ររាមនេះតែម្ដង។

ការចោទប្រកាន់លើវត្តមានយោធាចិននៅមូលដ្ឋានសមុទ្ររាម កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្រសួងការពារជាតិ និងក្រសួងបរទេសកម្ពុជា សុទ្ធតែបានបញ្ជាក់នូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬ វត្តមានកងទ័ពបរទេសណា មួយនៅលើទឹកដីកម្ពុជាឡើយ។

រាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដូចគ្នានេះដែរ ដោយសម្តេចធិបតី ធ្លាប់បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមូលដ្ឋានទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត ហើយគ្មានភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ។ សម្ដេចធិបតី ក៏បានបញ្ជាក់ពីមិនឱ្យប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានប្រឆាំងនឹងប្រទេសណាមួយទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗប្រឆាំងប្រទេសណាមួយក៏កម្ពុជាមិនឱ្យនោះដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


