ព័ត៌មានអន្ដរជាតិ
ត្រឹមប៉ុន្មានថ្ងៃ ប្រជាជនកាណាដាជាង២៥ម៉ឺននាក់ចុះហត្ថលេខាលើញត្តិទាមទារដកសញ្ជាតិរបស់ Elon Musk
មនុស្សរាប់សែននាក់បានចុះហត្ថលេខាលើញត្តិទាមទារឲ្យមានការដកហូតសញ្ជាតិកាណាដារបស់ Elon Musk ចំពេលមានភាពតានតឹងរវាងរដ្ឋបាល ត្រាំ និងកាណាដា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៦ខែកុម្ភៈនេះ។

ញត្តិដែលបានបើកឲ្យហត្ថលេខាកាលពីប្រាំថ្ងៃមុនបានចោទលោក Musk ថា បានប្រព្រឹត្តផ្ទុយនឹងផលប្រយោជន៍ជាតិរបស់កាណាដា និងធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ខ្លួន។ នៅប្រទេសកាណាដា សញ្ជាតិអាចត្រូវបានដកហូតវិញបានលុះត្រាតែមាននរណាម្នាក់បានប្រព្រឹត្តការក្លែងបន្លំ មានកំហុសទាក់ទងនឹងពាក្យសុំអន្តោប្រវេសន៍ ឬសញ្ជាតិ។
ញត្តិនេះបានអះអាងថា មហាសេដ្ឋី Elon Musk បានប្រើប្រាស់ទ្រព្យសម្បត្តិ និងអំណាចរបស់ខ្លួនដើម្បីមានឥទ្ធិពលលើការបោះឆ្នោតរបស់កាណាដា ហើយឥឡូវនេះលោកបានក្លាយជាសមាជិកនៃរដ្ឋាភិបាលបរទេសដែលកំពុងព្យាយាមលុបបំបាត់អធិបតេយ្យភាពកាណាដា។
ដោយការចាប់ផ្តើមនៅថ្ងៃទី២០ខែកុម្ភៈ ញត្តិដែលបានចុះហត្ថលេខារួចហើយដោយជនជាតិកាណាដាជាង២៥ម៉ឺននាក់នៅតែបើកសម្រាប់ការចុះហត្ថលេខារហូតដល់ថ្ងៃទី២០ខែមិថុនា។
លោក Musk ដែលកើតនៅអាហ្វ្រិកខាងត្បូង មានសញ្ជាតិកាណាដា និងសហរដ្ឋអាមេរិក។ លោក Musk មានសញ្ជាតិកាណាដា តាមរយៈម្តាយរបស់គាត់ ដែលកើតនៅខេត្ត Saskatchewan ប្រទេសកាណាដា។ លោកបានឆ្លើយតបនឹងញត្តិនេះ ដោយសរសេរនៅលើ X ថា «កាណាដាមិនមែនជាប្រទេសពិតប្រាកដទេ» ប៉ុន្តែក្រោយមកលោកបានលុបចោល។

គួរបញ្ជាក់ថាភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកាណាដាបានកើនឡើងចាប់តាំងពីការវិលត្រឡប់របស់លោក ត្រាំ ដោយប្រធានាធិបតីបានស្នើម្តងហើយម្តងទៀតថាកាណាដាអាចក្លាយជារដ្ឋរបស់សហរដ្ឋអាមេរិក និងគំរាមកំហែងពន្ធលើដែកថែប អាលុយមីញ៉ូម និងការនាំចូលផ្សេងទៀត។
មេដឹកនាំកាណាដាប្តេជ្ញាប្រឆាំងនឹងពន្ធគយ។ លើសពីនេះ ជនជាតិកាណាដាលុបចោលការធ្វើដំណើរនៅសហរដ្ឋអាមេរិក ពហិការមិនប្រើផលិតផលអាមេរិក និងស្រែកច្រៀងប្រឆាំងនៅឯការប្រកួតកីឡាវាយកូនគោលលើទឹកកក និងបាល់បោះថែមទៀត។
គួររម្លឹកថាលោក Musk បានផ្លាស់ទៅប្រទេសកាណាដាពីអាហ្វ្រិកខាងត្បូងនៅអាយុ១៨ ឆ្នាំ ហើយបានសិក្សានៅសាកលវិទ្យាល័យ Queen’s នៅ Kingston រដ្ឋ Ontario ។ ក្រោយមកគាត់បានធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិក។ខណៈលោកក៏ជាអ្នកគាំទ្រគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរឹងរបស់លោកត្រាំផងដែរ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ លោក Steve Bannon អតីតទីប្រឹក្សាប្រធានាធិបតី ត្រាំ បានហៅលោក Musk ថាជា «ជនអន្តោប្រវេសន៍ខុសច្បាប់»។ ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានបដិសេធការចោទប្រកាន់នេះ ហើយបាននិយាយថា លោកមិនបានធ្វើការខុសច្បាប់ទេ។ បើយោងតាមជីវប្រវត្តិថ្មីៗនេះ លោកបានក្លាយជាពលរដ្ឋអាមេរិកស្របច្បាប់ក្នុងឆ្នាំ២០០២៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


