ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)បានលើកទឹកចិត្ត និងជំរុញឱ្យអ្នកធ្វើការតាមផ្ទះ បន្តមកចុះឈ្មោះចូលជាសមាជិកប.ស.ស. ឱ្យបានច្រើនបន្ថែមទៀត ដើម្បីទទួលបាននូវការគាំពារពីសង្គម ខណៈបច្ចុប្បន្នចំនួនអ្នកអ្នកធ្វើការតាមផ្ទះជាសមាជិក ប.ស.ស.នៅមានចំនួនតិចនៅឡើយ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៩ មីនានេះថា បច្ចុប្បន្នមានអ្នកធ្វើការតាមផ្ទះសរុបចំនួន ៨០២ នាក់ ស្រី ៥៩៣ នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងកំពុងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីរបបសន្តិសុខសង្គម។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តថា អ្នកធ្វើការតាមផ្ទះអាចទទួលបានអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមពេញលេញដូចកម្មករ-និយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនដទៃទៀតដែរ ប៉ុន្តែតម្រូវឱ្យម្ចាស់ផ្ទះត្រូវបំពេញតួនាទីក្នុងនាមជានិយោជក តាមរយៈការចុះបញ្ជិកា និងប្រកាសបង់ភាគទានទាំងរបបហានិភ័យការងារ ថែទាំសុខភាព និងរបបប្រាក់សោធនជូនដល់ពួកគេ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានអំពាវនាវដល់ម្ចាស់ផ្ទះ ត្រូវបំពេញកាតព្វកិច្ចជានិយោជកល្អ ដោយអាចចុះបញ្ជិកាអ្នកបម្រើក្នុងផ្ទះរបស់ខ្លួន តាមរយៈប្រព័ន្ធចុះបញ្ជិកា Web Base Application របស់ ប.ស.ស. ឬអាចអញ្ជើញទៅសាខា ប.ស.ស. ផ្ទាល់ណាមួយដែលជិតបំផុត និងត្រូវភ្ជាប់ឯកសារមកជាមួយនូវសៀវភៅស្នាក់នៅ ឬលិខិតតូបករណ៍គតិយុត្តិសមមូលដទៃទៀត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ខ្លួន។
គួរបញ្ជាក់ថា ដើម្បីឱ្យអ្នកធ្វើការតាមផ្ទះស្នើសុំចូលជាសមាជិក ប.ស.ស. ម្ចាស់ផ្ទះ ត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស. ដែលនៅជិតបំផុត បន្ទាប់មកត្រូវបញ្ជូនអ្នកបម្រើក្នុងផ្ទះរបស់អ្នក មកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស. ជាមួយនឹងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត។ មុននឹងចុះបញ្ជីអ្នកដែលកំពុងបម្រើការងារក្នុងផ្ទះ ម្ចាស់ផ្ទះ ត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស ត្រូវបំពេញទម្រង់ដូចជា កម្មករ-កម្មការិនី បម្រើការងារនៅតាមរោងចក្រសហគ្រាសដែលមានអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ទីតាំងផ្ទះ រូបថត ៤ គុណនឹង ៦ សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ។ ពេលម្ចាស់ផ្ទះបំពេញទៅតាមលក្ខខណ្ឌរួចរាល់ហើយ ម្ចាស់ផ្ទះ ត្រូវបញ្ជូនអ្នកបម្រើការងារក្នុងផ្ទះទៅចុះបញ្ជី ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវា ប.ស.ស ជាមួយនឹងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត។
ចំពោះការបង់ភាគទានប្រចាំខែសម្រាប់ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព គឺ ម្ចាស់ផ្ទះជាអ្នកបង់ជំនួស។ ចំណែកផ្នែកប្រាក់សោធនដែលត្រូវបង់ ៤ ភាគរយ នៃប្រាក់ខែរបស់អ្នកបម្រើការងារក្នុងផ្ទះ ត្រូវបង់ពាក់កណ្ដាលម្នាក់ គឺ ម្ចាស់ផ្ទះបង់ ២ ភាគរយ និងអ្នកបម្រើការងារក្នុងផ្ទះ ត្រូវបង់ ២ ភាគរយ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ ប.ស.ស. មានសមាជិកកើនឡើងដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥ ៥៩៣ នាក់ , បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារចំនួន ១ ៦០៣ ៤៨២ នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន ៥២៣ ០១៣ នាក់ , និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១៦៣៤៣៨ នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៤ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ